ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាសែត New York Times ថា ការ​ឆ្លង​ជំងឺ​កូវីដ១៩ មាន​ជាង ៦ ពាន់​ករណី​នៅ​តាម​សាកលវិទ្យាល័យ​នានា​នៅ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ទិដ្ឋភាព​នៅ​ក្នុង​បរិវេណ​​សាកលវិទ្យាល័យ Johns Hopkins នៅ​ក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក ថ្ងៃ​ទី ២៦​ ខែកុម្ភៈ ឆ្នាំ២០១៩។

ការ​ស្ទង់មតិ​មួយ​របស់​កាសែត New York Times ទៅ​លើ​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​ចំនួន ២៧០ បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៦.៦០០ ករណី​ក្នុង​ចំណោម​និស្សិត និង​បុគ្គលិក​សាកលវិទ្យាល័យ​នានា និង​បាន​រកឃើញ​ករណី​ស្លាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ចំនួន ១៤ ករណី​ផង​ដែរ។

សាកលវិទ្យាល័យ​ចំនួន​ប៉ុន្មាន​រយ​ក្នុង​ចំណោម​សាកលវិទ្យាល័យ​ជិត ១.០០០ ដែល​កាសែត​នេះ​បាន​ទាក់ទង​ទៅ មិន​បាន​ឆ្លើយតប​វិញ​នោះ​ទេ។ ស្ថិតិ​នេះ​មិន​បាន​រួម​បញ្ចូល​តួលេខ​សម្រាប់​ឆមាស​ថ្មី​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ ដែល​សាកលវិទ្យាល័យ​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ចូលរៀន​រួច​ទៅ​ហើយ​នោះ​ឡើយ។

កាសែត New York Times បាន​ឲ្យ​ដឹង​ថា «ទិន្នន័យ​នេះ ដែល​ស្ទើរតែ​ត្រូវ​បាន​គេ​រាប់​ឡើង​មិន​គ្រប់​ចំនួន​ផង​នោះ បង្ហាញ​ឲ្យ​ឃើញ​នូវ​ហានិភ័យ​ដែល​សាកលវិទ្យាល័យ​នានា​ប្រឈម ខណៈ​ដែល​សាកលវិទ្យាល័យ​ទាំង​នោះ​ត្រៀម​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នៅ​ចំ​ពេល​ដែល​មាន​ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩»។

ក្រុម​អ្នក​អប់រំ​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កំពុង​សហការគ្នា​ដើម្បី​រៀបចំ​ផែនការ​ការពារ​និស្សិត និង​បុគ្គលិក​របស់​ខ្លួន​ឲ្យ​បាន​ល្អ​បំផុត កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ នេះ។ សាកលវិទ្យាល័យ​មួយ​ចំនួន​បាន​រៀបចំ​ឲ្យ​និស្សិត​រៀន​តាម​អនឡាញ​ទាំងស្រុង ខណៈ​ដែល​សាកលវិទ្យាល័យ​មួយ​ចំនួន​ទៀត​តម្រូវ​ឲ្យ​និស្សិត​រៀន​តាម​អនឡាញ​ផង និង​រៀន​ដោយ​ផ្ទាល់​នៅ​ក្នុង​ថ្នាក់​ផង។

អង្គការ​សុខភាព​ពិភពលោក WHO បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដែល​ខ្លួន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ១១ ខែមីនា នឹង​បន្ដ​ឆ្លង​រាតត្បាត​រយៈពេល​យូរ​ទៀត។

អង្គការ WHO បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ ដោយ​លើក​ឡើង​ពី​ភាព​នឿយហត់​ចំពោះ​ការ​ឆ្លើយតប​នឹង​វិបត្តិ​នេះ​ថា គណៈកម្មាធិការ​សង្គ្រោះបន្ទាន់​នៃ​អង្គការ​នេះ​បាន​ព្យាករណ៍​ថា ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ នឹង​មាន​រយៈពេល​យូរ​តទៅ​មុខ​ទៀត ហើយ​កម្រិត​ហានិភ័យ​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ នេះ​មាន​កម្រិត​ខ្ពស់​ខ្លាំង។

មក​ទល់​នឹង​ពេល​នេះ ទៅ​ទូទាំង​សាកលលោក​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ យ៉ាង​ហោច​ណាស់​ចំនួន ១៧ លាន ៨ សែន​នាក់ ហើយ​មនុស្ស​ជាង ៦៨៥.០០០ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋអាមេរិក៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG