ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិចិត្រករ​ខ្មែរ​ម្នាក់​ប្រើ​ទេព្យ​កោសល្យ​អប់រំ​សង្គម​ក្នុង​ពហុវិស័យ


លោក ឈឹម​ សុធី​ ជា​វិចិត្រករ​ដ៏​មាន​បទ​ពិសោធ​យូរ​ឆ្នាំ​ ឈរ​នៅ​មុខ​គំនូរ​របស់​លោក​ ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៌​ «Consuming Passion»​ ក្នុង​​សណ្ឋាគារ​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០១៥។​ ពិព័រណ៌​គំនូរ​នេះ​អំពាវនាវ​ឲ្យ​មាន​ការថែរក្សា​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (នូវ​ ពៅ​លក្ខិណា/VOA)
លោក ឈឹម​ សុធី​ ជា​វិចិត្រករ​ដ៏​មាន​បទ​ពិសោធ​យូរ​ឆ្នាំ​ ឈរ​នៅ​មុខ​គំនូរ​របស់​លោក​ ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៌​ «Consuming Passion»​ ក្នុង​​សណ្ឋាគារ​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០១៥។​ ពិព័រណ៌​គំនូរ​នេះ​អំពាវនាវ​ឲ្យ​មាន​ការថែរក្សា​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (នូវ​ ពៅ​លក្ខិណា/VOA)

លោក ឈឹម​ ​សុធី​ គឺ​ជា​វិចិត្រករ និង​ជា​ជាង​ចម្លាក់​ ដែល​គួរ​ឲ្យ​កោត​សសើរ។ កន្លង​ទៅ​ស្នាដៃ​របស់​លោក​ជា​ច្រើន​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។​

លោក ឈឹម​ ​សុធី​ គឺ​ជា​វិចិត្រករ និង​ជា​ជាង​ចម្លាក់​ ដែល​គួរ​ឲ្យ​កោត​សសើរ។ កន្លង​ទៅ​ស្នាដៃ​របស់​លោក​ជា​ច្រើន​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។​

មាន​ស្រុក​កំណើត​នៅ​ស្រុក​ល្វាឯម​ ខេត្ត​កណ្តាល​ លោក​ ឈឹម​ សុធី បាន​ឆ្លងកាត់​ការ​ឈឺចាប់​ និង​ទុក្ខវេទនា​ជា​ច្រើន​ ក្នុង​ការ​រស់​រាន​ជីវិត​នា​របប​ខ្មែរ​ក្រហម។ ​ដូច​គ្នា​ទៅ​នឹង​គ្រួសារ​កម្ពុជា​ជា​ច្រើន លោក​បាន​បាត់​បង់​ឪពុក​ម្នាក់ និង​បងប្អូន​បង្កើត​ពីរ​នាក់​នៅ​ក្នុង​របប​នេះ។

លោក ឈឹម​ ​សុធី​ ជា​សិល្បករ​សហ​សម័យ​ម្នាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​មូយ​ដែល​ភាគ​ច្រើន​ឲ្យតម្លៃ​ទៅ​លើ​ទម្រង់​សិល្បៈ​បែប​ប្រពៃណី​ដូចជា​របាំ​បុរាណ។ ដូច្នេះ វា​មិន​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ​ នៅ​ក្នុង​ការ​ដើរ​នៅ​លើ​ផ្លូវ​មួយ ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា វា​អាច​ចាត់​ទុក​ជា​បេសកម្ម​មួយ​ក្នុង​ការ​លើក​កម្ពស់​សិល្បៈ​សហ​សម័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ដោយ​សារ​តែ​មាន​ទេព​កោសល្យ​ និង​ចំណង់​ចំណូល​ចិត្ត​ កាល​ពី​នៅ​ក្មេង​លោក សុធី​តែង​តែ​គូរ​រូប​ផ្សេងៗ​នៅ​តាម​ដងទន្លេ​ នៅ​លើ​ដី​ខ្សាច់ និង​អ្វី​ដែល​លោក​មាន និង​រក​ឃើញ។ ក្រោយមក​លោក សុធី​ បាន​ចំណាយ​ពេល​១០​ឆ្នាំ​ទៅ​លើ​ការ​សិក្សា​អំពី​ការ​គូរ​គំនូរ​ ហើយ​លោក​ក៏​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នា​រាជធានី​ភ្នំពេញ។

នា​ក្រោយ​ពេល​ដែល​លោក សុធី បញ្ចប់​ការ​សិក្សា​ លោក​បាន​ក្លាយ​ជា​នាយក​ផ្នែក​រចនា​ម៉ូដ និង​សិល្បៈ​នៅ​អង្គការ​មួយ​នា​ខេត្ត​សៀមរាប បន្ទាប់​មក​លោក​ក៏​បាន​ចាប់​ផ្តើម​ការងារ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នៅ​ក្នុង​ឆ្នាំ​១៩៩៨។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ លោក​បាន​និយាយ​ថា៖«សិល្បៈ​គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សង្គម‍» ។

គំនូរ​បែប​ប្រពៃណី​របស់​លោក​ សុធី ភាគ​ច្រើន​រួម​បញ្ចូល​រឿង​ព្រេង​របស់​ហិណ្ឌូ​ និង​រឿង​រ៉ាវ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា។

ចំណែក​ឯ​នៅ​ក្នុង​គំនូរ​សហ​សម័យ​របស់​លោកវិញ លោក​បាន​ស្វែង​រក​គំនូរ​ណា​ដែល​អាច​ឲ្យអ្នក​មើល​ ​អាច​ស្វែង​យល់​អំពី​អតីតកាល​ និង​សោកនាដកម្ម​នានា​របស់​ប្រទេស​កម្ពុជា។ លើស​ពី​នេះ​ទៅ​ទៀត គំនូរ​របស់​លោក​ មួយ​ចំនូន​ក៏​បង្ហាញ​ពី​ការ​លំបាក ​និង​ទុក្ខវេនា​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​រស់​នៅ​ក្នុង​សង្គ្រាម។

លោក​ក៏​បាន​បន្ថែម​ថា​ លោក​ក៏​បាន​បញ្ចូល​ការ​អប់រំ​ខ្លះ​នៅ​ក្នុង​គំនូរ​ដែរ​ ដោយ​លោក​សង្ឃឹម​ថា វា​នឹង​បង្កើន​ការ​យល់​ដឹង​ដល់​ប្រជាជន​ទូទៅ​ ដោយ​ក្នុង​នោះ​មាន​គំនូរ​ខ្លះ​បង្ហាញ​អំពី​វិសមភាព​រវាង​អ្នក​មាន និង​អ្នក​ក្រ​នៅ​ក្នុង​ប្រទេស​នានាផង​ដែរ។

លោក​បាន​ថ្លែង​ថា៖​«ទោះ​បី​ជា​ប្រទេស​នា​នា​ មាន​ការ​អភិវឌ្ឍ​ និង​ការ​រីក​ចម្រើន​យ៉ាង​ណា​ ក៏​នៅ​តែ​មាន​ប្រជាជន​មួយ​ចំនួន​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​របស់​ពួកគេ»។

កាល​ពី​ពីរខែ​កន្លង​ទៅ​ មាន​ការ​ធ្វើ​ពិព័រណ៍​ផ្ទាំង​ស្នាដៃ​គំនូ​របស់​លោក​ ​នៅ​សណ្ឋាគារ​ Plantation ​នៅ​ឯ​ទីក្រុង​ភ្នំពេញ​ ក្នុង​នោះ​មាន​គំនូរ​ទាំង​អស់​ចំនួន​២០ផ្ទាំង​ ដែល​បាន​ដាក់​តាំង​សម្ពោធ​ជា​សាធារណៈ។ ពណ៌​គំនូរ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​អំពាវនាវ​ឲ្យ​មាន​ការ​ថែរក្សា​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះ​បី​ជា​ការ​ចាប់​អារម្មណ៍​ទៅ​លើ​គំនូរ​សហសម័យ​របស់​ប្រជាជន​កម្ពុជា​នៅ​មាន​តិចតួច​នៅ​ឡើយ ក៏​លោក​ ឈឹម​ សុធី​ នៅ​តែ​មាន​សុទិដ្ឋិនិយម​អំពី​តួនាទី​របស់​សិល្បៈ​សហ​សម័យ​ដដែល។

លោក​ថ្លែង​ថា៖ «នៅ​ពេល​ដែល​យើង​ធ្វើ​ឲ្យ​កាន់​តែ​ច្រើនៗ​ទៅ​ យូរ​ៗ​ទៅ​ ពួក​គេ​នឹង​មាន​ចំណេះ​ដឹង​តិច​តួច​ ឬ​ដឹង​ពី​វា​ច្រើន​ជាង​មុន។ អញ្ចឹង​ពួក​គេ​ប្រាកដ​ជា​យល់​ពី​គំនិត​នេះ»។

ទន្ទឹម​នឹង​នេះ​ដែរ​ ស្នាដៃ​របស់​លោក​ក៏​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​រួម​មាន​សហរដ្ឋ​អាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប​ ហើយ​លោក​ក៏​បាន​ទទូល​ពាន​រង្វាន់​ជា​ច្រើន​ផងដែរ។​

លោក​បាន​ឲ្យ​ដឹង​ថា​ សមិទ្ធ​ផល​ដែល​លោក​ទទួល​បាន​នេះ​គឺ​កើត​មក​ពី​ការ​ខិត​ខំ​ប្រឹងប្រែង​ និង​ការ​ស្រឡាញ់​ចូលចិត្ត​របស់​លោក​ទៅ​លើ​ការ​គូរ​គំនូរ។

លោក​បាន​ប្រាប់​ថា៖​ «គំនូរ​ជា​បេះដូង និង​ព្រលឹង​របស់​ខ្ញុំ​ ខ្ញុំ​ចូល​ចិត្ត​វិស័យ​នេះ​ណាស់ ជា​ធម្មតា​ខ្ញុំ​តែង​ប្រាប់​អ្នក​ផ្សេង​ថា ប្រសិន​បើ​ពួក​គេ​ចូល​ចិត្ត​ និង​ចង់​ធ្វើ​មួយ​ ពួក​គាត់​ត្រូវ​ធ្វើ​ឱ្យ​ល្អ​បំផុត និង​ខំ​ឲ្យ​ឈាន​ដល់​ចំណុច​កំពូល​នៃ​សមត្ថភាព​របស់​ពួក​គេ​ ដូច​ចាស់ៗ​គាត់​តែង​និយាយ​ថា បើ​លូក​ប្រហុក​ ត្រូវ​លូក​អោយ​កប់​ដល់​បាត»៕

XS
SM
MD
LG