ក្រុមហ៊ុនថ្នាំរបស់សហរដ្ឋអាមេរិកដ៏ធំមួយឈ្មោះថា Pfizer បានក្លាយជាក្រុមហ៊ុនផលិតឱសថចុងក្រោយគេដែលហាមឃាត់មិនឲ្យយកថ្នាំរបស់ខ្លួនប្រើប្រាស់ក្នុងការចាក់ប្រហារជីវិតអ្នកទោស។
លោកស្រី Rachel Hooper អ្នកនាំពាក្យរបស់ក្រុមហ៊ុន Pfizer បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិតថ្នាំនេះបានចេញបម្រាមមិនឲ្យយកថ្នាំរបស់ខ្លួនចាក់ប្រហារជីវិតអ្នកទោសកាលពីលើកមុនរួចមកហើយ ប៉ុន្តែទើបបន្ថែមការហាមប្រាមថ្មីដែលនឹងពង្រឹងដល់ប្រព័ន្ធលើកមុន។
ព័ត៌មានស្តីពីការសម្រេចចិត្តរបស់ក្រុមហ៊ុន Pfizer ត្រូវបានរាយការណ៍ជាបឋមកាលពីថ្ងៃសុក្រដោយកាសែត The New York Times ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានក្រុមហ៊ុនផលិតថ្នាំប្រហែលជា២០បានហាមឃាត់មិនឲ្យយកថ្នាំរបស់ពួកគេប្រើប្រាស់សម្រាប់ចាក់ប្រហារជីវិតអ្នកទោសទេ។
ប៉ុន្តែថ្នាំទាំងនេះត្រូវគេប្រើប្រាស់ខាងផ្នែកវេជ្ជសាស្រ្តផ្សេងទៀតផងដែរ ដែលកាន់តែធ្វើឲ្យវាកាន់តែពិបាកក្នុងការមិនឲ្យយកមកប្រើប្រាស់នៅតាមមន្ទីរពន្ធនាគាររដ្ឋសម្រាប់ប្រហារជីវិតអ្នកទោស។
បម្រាមរបស់ក្រុមហ៊ុនPfizer កំហិតលើការលក់ដូរនូវផលិតផលចំនួន៧ទៅឲ្យក្រុមអ្នកលក់ដុំ អ្នកចែកចាយ និងអ្នកទិញផ្ទាល់មួយចំនួន ដោយមានលក្ខខណ្ឌថា ពួកគេមិនលក់បន្តទៅដល់អ្នកចែកចាយផលិតផលនេះទៅ ស្ថាប័នអប់រំកែប្រែដើម្បីប្រើប្រាស់ក្នុងការប្រហារជីវិតមនុស្សឡើយ។
ការដាក់ទោសប្រហារជីវិតនៅតែមានលក្ខណៈស្របច្បាប់នៅ ក្នុងរដ្ឋមួយចំនួនបើទោះបីជាមានការថយចុះក៏ដោយ ព្រោះនៅមានរដ្ឋតែមួយចំនួនតូចទេនៅអនុវត្តវិធីនេះ។ រដ្ឋដទៃទៀតដែលមានផែនការធ្វើដូចនេះដែរមិនអាចធ្វើបានឡើយដោយសារតែមានបញ្ហាខាងផ្នែកតុលាការ កង្វះខាតថ្នាំចាក់សម្លាប់ឬអភិបាលរដ្ឋធ្វើអន្តរាគមន៍៕