ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺកូវីដ​១៩​ធ្វើ​ឲ្យតួលេខ​ការងារ​វៀតណាម​ធ្លាក់ចុះ​ប៉ុន្តែ​វិស័យ​ផ្សេងទៀត​នៅ​តែ​ល្អប្រសើរ


បុរស​ម្នាក់ជិះម៉ូតូ​ពាក់ម៉ាស់​ក្នុង​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០២០។
បុរស​ម្នាក់ជិះម៉ូតូ​ពាក់ម៉ាស់​ក្នុង​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០២០។

ប្រទេស​កុម្មុយនីស្ត​វៀតណាម​គឺ​ជា​ប្រទេស​តែ​មួយ​គត់ក្នុង​ពិភពលោក​ដែល​ដឹក​នាំ​ដោយ​គណបក្ស​កម្មករ​ប៉ុន្តែ​ជ័យ​ជម្នះ​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ១៩ មិន​អាច​បញ្ឈប់​ជំងឺ​រាតត្បាត​នេះ​ពីការ​ធ្វើ​ឲ្យ​ប្រជាជនជិត​មួយ​លាននាក់​គ្មានការងារ​ធ្វើ​នោះទេ។

មនុស្ស​ប្រហែល​៩សែន​នាក់​គ្មានការងារ​ធ្វើ​ហើយ​១៨លាន​នាក់​ទៀត​ធ្វើការ​ងារ​មិន​តាម​ជំនាញ នេះ​បើយោង​តាម​ទិន្នន័យ​របស់ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​រដ្ឋ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០។​តួលេខ​នោះ​គូស​បញ្ជាក់​អំពី​ផល​ប៉ះពាល់​នៃជំងឺរាតត្បាត​មួយ​នេះ​សូម្បី​តែ​ក្នុង​ប្រទេស​វៀតណាម។​

វៀតណាម​គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​តែ​មួយ​គត់ក្នុង​ពិភពលោក​ដែល​រាយការណ៍​ថា គ្មាន​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​ហើយ​ក៏​ជា​ប្រទេស​ក្នុង​ចំណោម​ប្រទេស​ដែល​សេដ្ឋកិច្ចនឹង​កើនឡើង​ក្នុង​ឆ្នាំ​នេះ។ ទោះ​ជា​មាន​ភាព​ជោគជ័យ​នៅផ្នែក​ទាំងពីរ​នោះ​យ៉ាង​ណាក៏ដោយ វៀតណាមត្រូវ​តែប្រឈម​នឹង​កំណត់ត្រា​គ្មាន​ការងារ​ធ្វើ ដែល​មូលហេតុ​មួយ​ផ្នែក​ធំ​គឺ​ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​តម្រូវការផលិត​ផល​វៀតណាម​ពី​ប្រទេស​ដែល​ទទួល​រង​គ្រោះ​ខ្លាំង​ដោយ​សារ​ជំងឺ​នេះ។​

ចំនួន​អ្នក​ស្លាប់​ភាគ​ច្រើន​នៅ​តាម​ទីក្រុង។​នៅ​ក្នុងត្រីមាស​ទី​ពីរ​ក្នុង​ឆ្នាំ​២០២០​អត្រា​គ្មានការងារធ្វើ​នៅ​ទីប្រជុំជន​បាន​ឡើង​ដល់៤,៤៦ភាគរយ ខណៈដែល​តួលេខ​កាល​ពី២​ឆ្នាំ​មុន​គឺ​ត្រឹមតែ​៣,០៩ភាគរយ​ប៉ុណ្ណោះ។ តួលេខ​នេះ​គឺ​បង្ហាញ ពី​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ពី​ត្រីមាសទី​មួយ​ក្នុង​ឆ្នាំ២០២០​នៅពេល​ដែល​ការិយាល័យ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ក្នុង​ទីក្រុង​ហាណូយបាន​និយាយ​ថា​កម្រិត​មានការងារ​ធ្វើ«មិន​ត្រូវ​បានប៉ះពាល់ដោយសារ​វិបត្តិ»ជំងឺកូវីដ១៩​នោះទេ។

ការិយាល័យ​ស្ថិតិទូទៅ​វៀតណាម​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖«ជំងឺរាតត្បាត​កូវីដ១៩​ដ៏​ស្មុគស្មាញ​និង​មិន​អាច​ទាយ​ទុក​ជាមុន​បាន​នេះ បាន​ធ្វើ​ឲ្យ​ការ​លូត​លាស់នៃ​វិស័យ​នានា​និង​ឧស្សាហកម្ម​ភាគច្រើន​មាន​សភាព​យឺតយាវ។ ភាព​គ្មា​នការងារធ្វើ​និង​ការធ្វើការ​មិន​តាមជំនាញ​បាន​កើនឡើង​យ៉ាង​ខ្លាំង»។

តួលេខ​គ្មានការងារ​ធ្វើ​ទាំង​នោះ​គឺ​ស្ទើរ​តែ​មិន​ដែល​កើតមាន​នៅ​វៀតណាម ដែល​ប្រវត្តិសាស្ត្រកំណើន​ពាណិជ្ជកម្ម​តែង​តែខ្ពស់កប់​ពពករោងចក្រ​និង​ការដ្ឋាន​សាងសង់​ដំណើរការ​ទៅមុខទាំង​យប់ទាំង​ថ្ងៃ។

សហជីព​កម្មករ

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​អាសន្ន​នៃជំងឺ​កូវីដ រដ្ឋាភិបាល​វៀតណាម​បាន​ផ្តល់​មូលនិធិ​សង្គ្រោះ​ចំនួន​២,៧លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែល​រួម​មាន​ជំនួយ​ដល់​កម្មករ ដែលកំពុង​រងការ​ខូចខាត​ធ្ងន់ធ្ងរ ក្នុង​ទីផ្សារពលកម្ម។ ប្រទេស​វៀតណាម​កំពុង​ស្ថិតក្នុង​ដំណាក់កាល​អនុម័ត​ឲ្យ​មាន​សហជីព​កម្មករ​ឯករាជ្យ​ក្រោម​គណបក្ស​កុម្មុយនីស្ត ដែល​ជាផ្នែក​មួយ​នៃ​ការ​សន្យា​របស់​ខ្លួន​ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីជាមួយ​សហភាព​អឺរ៉ុប និងរៀបចំ​កម្លាំង​ពលកម្ម​ថ្មី​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល។​

លោក Nguyen Hanh Phuc ប្រធាន​រដ្ឋសភាជាតិ​វៀតណាម​បាន​និយាយ​ថា៖ «និយោជិត​គ្រប់​ជំនាញ​ទាំង​អស់​ត្រូវ​តែ​បាន​បណ្តុះ​បណ្តាល​បានយ៉ាង​ល្អប្រសើរ។​យើង​ត្រូវ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​សហគ្រិន​ធ្វើការ​វិនិយោគ​ទៅ​ក្នុង​វគ្គបណ្តុះ​បណ្តាល​បុគ្គលិក​និង​លើក​កម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​របស់​និយោជិត»។

ទោះ​បី​ជា​វៀតណាម​បាន​ព្យាយាម​ថែរក្សា​សណ្តាប់ធ្នាប់​ក្នុង​ប្រទេសរបស់​ខ្លួន​យ៉ាង​ណា​ក៏​ដោយ ជាពិសេស​ការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ឆ្នាំ​នេះមុន​នឹង​វា​ទប់ទល់លែង​បាន ប្រទេស​នេះ​មិន​បាន​ផ្សាំខ្លួន​ទៅ​នឹង​ការ​ខូចខាត​ដោយសារ​ជំងឺ​រាតត្បាត​នៅ​ខាងក្រៅ​ព្រំដែន​របស់ខ្លួន​ឡើយ។ បណ្តា​ប្រទេសក្នុងតំបន់​អាស៊ីអាគ្នេយ៍​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើការ​នាំចេញ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន​ជាក់ស្តែង​គឺការនាំចេញទៅ​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប ប៉ុន្តែ​តម្រូវ​ការ​អតិថិជន​ក្នុង​តំបន់ទាំង​ពីរ​នោះ​បាន​ធ្លាក់ចុះ​ដោយសារ​ជំងឺ​រាតត្បាត។​

ទោះ​យ៉ាង​ណា ការ​វិនិយោគ​នៅ​តែមាន​ក្នុង​ប្រទេស​វៀតណាម​បើ​ប្រៀបធៀប​នឹង​ប្រទេសផ្សេង​ទៀត​ភាគច្រើន។ ឧទាហរណ៏​ ជំងឺកូវីដ​១៩​បាន​បង្អាក់​ការរួម​បញ្ចូល​និង​ការទិញយកអាជីវកម្ម​ជាសាកល ប៉ុន្តែវៀតណាម​គឺ​ជាករណី​លើក​លែង​ហើយកិច្ច​ព្រមព្រៀង​ជាច្រើន«​កំពុង​ត្រូវ​គេ​រំពឹង​ថា​នឹង​រីកចម្រើន» នេះបើយោង​តាម​ការ​លើកឡើង​នាពេល​ថ្មីៗ​នេះ​របស់ក្រុម​ហ៊ុន​ប្រឹក្សា PwC។​

លោក Ong Tiong Hooi ដៃគូ​ប្រតិបត្តិការ​សេវាកម្ម នៅក្រុមហ៊ុន PwC វៀតណាម​បាន​និយាយថា៖ «យើង​បាន​កត់សម្គាល់ថា​សកម្មភាព​របស់ M&A មិន​បាន​ធ្លាក់ចុះ​នោះទេ។ វាអាច​យល់​បាន​ថា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ឥឡូវ​កំពុង​នាំ​មុខ​ដោយសារ​តែពួកគេ​គឺ​មាន​មូលដ្ឋាននៅ​ក្នុង​ប្រទេស»។​

ឧទាហរណ៍​មួយ​ផ្សេង​ទៀត​មានប្រជាជន​វៀត​ណាម​ធ្វើការ​ហោះហើរក្នុង​ស្រុក​ច្រើន​ជាង​មុនបើប្រៀប​ធៀប​នឹង​អំឡុង​ពេល​ដូចគ្នា​នេះ​កាលពី​ឆ្នាំ​មុន​ដែល​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​ជំនួស​ការ​បាត់បង់​ភ្ញៀវទេសចរ​បរទេសដោយ​អ្នក​ធ្វើដំណើរ​ក្នុង​ស្រុក។ សណ្ឋាគារ​ដូចជាសណ្ឋាគារ Anam នៅ​ឆ្នេរ​វៀតណាម​ភាគខាងត្បូង​បាន​និយាយ​ថា​ពួកគេ​បាន​ពង្រឹង​វិធានការ​អនាម័យ​ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​មាន​អារម្មណ៍ថាមាន​សុវត្ថិភាព​ពេល​ធ្វើដំណើរ។​

លោក​ Pham Van Hien ស្ថាបនិក​សណ្ឋាគារAnam បាន​និយាយ​ថា៖ «បច្ចុប្បន្ន​នេះដែលការ​ដាក់​កំហិតនានា​ដោយសារ​តែ​ជំងឺកូវីដ១៩ ត្រូវ​បាន​សម្រួល​ឬបន្ធូរបន្ថយ​ក្នុង​ប្រទេស​វៀតណាម​យើង​ស្វាគមន៍​ក្រុម​គ្រួសារ ដែល​ស្វែងរក​ទីសុវត្ថិភាព​ដើម្បីស្នាក់នៅ​អំឡុង​ពេល​ឈប់សម្រាក​រដូវក្តៅ នៅ​ក្នុង​រមណីយដ្ឋាន​របស់​យើង»៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG