ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ផ្តល់​មតិ​ចម្រុះ​ចំពោះ​ចលនា​សង្គ្រោះ​ជាតិ​ ខណៈ​មាន​ការភ័យ​ខ្លាច​ក្នុង​ការ​និយាយ


រូបឯកសារ៖ ប្រជាពលរដ្ឋ​ធ្វើដំណើរ​លើ​ផ្លូវ​សុធារស ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា/VOA)

ប្រជា​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ ទទួល​បាន​ដំណឹង​តិច​តួច​ពី​ចលនា​សង្គ្រោះជាតិ​ ហើយ​ពួកគេ​សម្តែងការ​ភ័យខ្លាច​ក្នុង​ការ​និយាយ​ពី​ចលនា​ដែល​​មាន​គោលដៅ​សំខាន់​ក្នុង​ការ​ទាមទារ​សេរីភាព​ដល់​មេដឹកនាំ និង​ក្រុមមន្ត្រី​ សកម្មជន​ និង​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​និង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​​បោះឆ្នោត​សេរី​ត្រឹមត្រូវ​ និង​យុត្តិធម៌​នៅ​ខែកក្កដា​ ឆ្នាំ​ ២០១៨។

ប្រជាពលរដ្ឋមួយចំនួន​ដែល​រស់នៅ​ចំ​កណ្តាល​រាជធានីភ្នំពេញ​ និង​ជាយ​រាជធានី​ចំណាស់​មួយ​នេះ​និយាយ​ថា​ ការ​រាំងខ្ទប់​លើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ និង​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ផ្សាយ​បន្ត​ព័ត៌មានរបស់​សំឡេង​សហរដ្ឋ​អាមេរិក​ និងវិទ្យុអាសេរី​ តាម​វិទ្យុ FM ​ក្នុង​ស្រុក​ បាន​ធ្វើ​ឲ្យ​ពួកគេ​ទទួលបាន​ដំណឹង​តិច​តួច​ពី​ចលនា​សង្គ្រោះ​ជាតិ។

ប៉ុន្តែ ​ពួកគេ​គាំទ្រ​ឲ្យមាន​ចលនា​នេះ​ តាម​កម្លាំង​ចិត្ត​ ប្រសិន​បើ​ចលនាផ្តួចផ្តើម​ដោយ​លោក​សម រង្ស៊ី​ មាន​គោលដៅ​កសាង​សង្គម​កម្ពុជា​ប្រកបដោយ​សមធម៌។ តែ​ក៏​មាន​ពលរដ្ឋ​ខ្លះ​ មិន​ចង់​ឃើញ​ចលនា​ណា​មួយ​ ដែល​បញ្ឆេះ​ភ្លើង​កំហឹង​ក្នុង​ចំណោម​ប្រជាជន​ស្លូត​ត្រង់​ផង​ដែរ។

អ្នកស្រី​ អានី​ វ័យ​ ៣៣​ ឆ្នាំ​ ដែល​សុំ​ផ្តល់​តែឈ្មោះ​ហៅក្រៅ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និង​ជា​ម្តាយ​កូន​បី​នាក់​និយាយ​ថា៖

«គាំទ្រ​ គាំទ្រ​បាន​តែ​ក្នុង​ចិត្ត គាំទ្រ​បាន​ត្រឹម​តែគិត​ ហើយបើថា​ឲ្យ​ទៅ​ជួយ​ជំរុញ​ ជួយ​ផ្តល់​មតិ​ ជួយ​ទៅ​ធ្វើ​អី​ នឹង​ជួយ​ហ្នឹង​គេ​ វា​អត់​មាន​សមត្ថភាពជួយ​ ព្រោះ​មើល​ទៅ​ វា​អត់​មាន​ អត់មាន​ឃើញ​ បាន​លទ្ធផល​មាន​ឃើញ​តែ​បង់​ខាត​ ឃើញ​តែ​គេចាប់​ ឃើញតែ​គេវាយ​ ឃើញតែ​គេ​ចង​ ឃើញ​ហ្នឹង​ភ្នែក​ ថា​អំណាច​នៅលើ​គេ»។

បន្ទាប់​ពីតុលាការ​កំពូល​នៅក្នុងប្រទេស​កម្ពុជាបាន​រំលាយគណបក្ស​សង្រ្គោះជាតិ​ដែល​បាន​ទទួល​ការ​គាំទ្រជាង​៤០​ភាគរយ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ២០១៧ ក្រុមមន្ត្រី​និង​តំណាង​រាស្ត្រ​ជាច្រើ​នរូប​របស់​គណបក្ស​ បាន​ចាក​ចេញ​ពី​ប្រទេស​ ដោយ​បារម្ភ​ពី​ការ​យាយី​ខាង​ផ្លូវ​ច្បាប់​មក​លើ​ពួកគេ។ លោក​ សម រង្ស៊ី​ អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង ​បាន​ចាក​ចេញ​ពី​ប្រទេស​មុន​ក្រុមមន្ត្រី​ និង​តំណាងរាស្ត្រ​ទាំង​នោះ​ គឺ​មុន​ពេល​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ ​ហើយ​លោកបន្ត​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅប្រទេស​បារាំង ដើម្បី​គេច​ពីការ​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​តាម​បណ្តឹង​ជា​ច្រើនពី​ក្រុម​មេដឹកនាំ​កម្ពុជា។

លោក​ សម រង្ស៊ី​ បានខិត​ខំ​ទប់​មិន​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​នេះ នៅ​ខែ​កុម្ភៈ​ ឆ្នាំ២០១៧​ ដោយ​រូប​លោក​បាន​ប្រកាស​លាលែង​ពី​ប្រធាន​បក្ស។

យ៉ាងណាមិញ​ គណបក្ស​នេះ​ នៅ​តែ​ត្រូវ​បាន​រដ្ឋាភិបាល​ប្តឹង​រំលាយ ក្រោយ​ការ​ចាប់ខ្លួន​លោក​ កឹម សុខា​ ប្រធានគណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្រោម​បទ​ចោទថា​ បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ ដើម្បីផ្តួល​រំលំ​រដ្ឋាភិបាល​ ដែលលោក​ កឹម​ សុខា​ និង​សហរដ្ឋ​អាមេរិក​បាន​ច្រាន​ចោល។

ក្នុង​វីដេអូ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុករបស់​លោក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិពន្យល់​អំពី​មូលហេតុ​នៃ​ការ​បង្កើត​«ចលនា​សង្គ្រោះ​ជាតិ‍» ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​វត្ត​ខ្មែរ Brooklyn ក្នុង​បុរី​ញូវយ៉ក។ (ទំព័រ​ហ្វេសប៊ុក Sam Rainsy)
ក្នុង​វីដេអូ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុករបស់​លោក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិពន្យល់​អំពី​មូលហេតុ​នៃ​ការ​បង្កើត​«ចលនា​សង្គ្រោះ​ជាតិ‍» ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​វត្ត​ខ្មែរ Brooklyn ក្នុង​បុរី​ញូវយ៉ក។ (ទំព័រ​ហ្វេសប៊ុក Sam Rainsy)

ចលនា​សង្គ្រោះជាតិ​ដែល​លោក​ សម រង្ស៊ី​ ជា​អ្នកបង្កើត​នោះ​មាន​គោលដៅ​ចម្បង​ធំ​ពីរ​ គឺ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​មនសិការ​រួម​មាន​លោក​ កឹម សុខា​ និងការ​បោះឆ្នោត​មួយដែលមាន​ភាព​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌​សម្រាប់​ជ្រើសរើស​មេដឹកនាំ​កម្ពុជា។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក សម រង្ស៊ី។

ជាអ្នក​លក់ដូរ​មួយរូបនៅ​តាម​ ផ្លូវ​មួយ​នៅ​ចំ​កណ្តាល​រាជធានីភ្នំពេញ​ អ្នកស្រី​ អានីបាន​ថ្លែង​បន្ត​ថា​ គោល​បំណង​របស់​ចលនា​សង្គ្រោះជាតិគឺល្អ និង​មិន​បង្ក​ផល​ប៉ះពាល់​សង្គម​ តែ​អាយុ​ជីវិត​របស់​ចលនា​នេះ​ នឹង​មិន​អាច​ស្ថិត​ស្ថិរ​ឡើយ៖

«​យើង​យល់​ថា វាល្អ​ ក៏ប៉ុន្តែ​ ធ្វើ​ឡើង​ក៏​គេ​នៅ​បង្ក្រាប​ ធ្វើ​ឡើង​ក៏​គេ​នៅ​បង្រ្កាប​ ​វាដូច​អត់​មាន​ឃើញ​លទ្ធផល​អី»។

ការ​ពិភាក្សា ឬ​បញ្ចេញ​មតិ​អំពី​រឿង​នយោបាយ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​ស្ងប់​ស្ងាត់។ ប្រជាពលរដ្ឋ​ហាក់​មិន​ហ៊ាន​បញ្ចេញ​យោបល់​លើ​បញ្ហា​នយោបាយ ដូច​ជា​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ។

ប្រជាពលរដ្ឋ​រស់​នៅ​ភ្នំពេញ​ម្នាក់​ទៀត លោក​ តុប ខេងអ៊ាង វ័យ ៥៨ ឆ្នាំ​ ជា​ជាង​ជួសជុល​ម៉ូតូ​ នៅ​ជាយ​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ពី​ជំហរ​នៅ​កណ្តាល​ ចលនា​សង្គ្រោះជាតិ​ ដែល​លោក​បាន​ដឹង​ខ្លះៗ​ តាម​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​វិទ្យុ និងបណ្តាញ​សង្គម​ហ្វ៊េសប៊ុក។ លោក​មាន​ប្រសាសន៍​ថា៖

«គេ​ចង់​ឲ្យ​អ្នក​គាំទ្រ​នោះ វា​ងើប​ប្រឆាំង អីចឹង​ឡើង​ណ៎ា​ ប្រឆាំង​របបនេះ​ របបនោះ​ អីចឹង​ទៅណ៎ា។ ប៉ុន្តែ​និយាយ​រួម​ទៅ​ ខ្ញុំប្រជាជន​អត់​ចង់​បាន​អារឿងប្រឆាំង​គ្នា​ មិនចឹង​អី? អត់​ចង់បាន​ប្រឆាំង​ទេ​ ចង់​បាន​ថា​ បើ​ងើបធ្វើ​ជា​ស្អី​ក៏ដោយ​ ប៉ុន្តែ​ឲ្យ​ខ្មែរ​ហ្នឹង​ចេះ​ រួបរួមគ្នា​ទៅ​នែ៎!​ អាឡូវ​រួបរួមគ្នា​ទៅ​ អាឡូវ​សម្តេច​ ទៅទៀត​ ក៏​ទៅ​ទៅ​ យើង​អ៊ីនែ៎​ នៅ​ធ្វើអានែ៎ ធ្វើម៉េច​ ធ្វើការ​រួបរួមគ្នា​ទៅ​ បាទ!​ ធ្វើការ​រួមគ្នា​ទៅ​ បើយើង​ធ្វើ​មិន​កើត​ទេ​ យើង​ទៅ​បង្កើត​អី​ បង្កើត​អី​ អាហ្នឹង​ វា​វរវឹក​ហ្អាស់​ ប្រជាជន​ឯណោះ​ទេ​ វា​មិន​មែន​អ្នក​អស់​ហ្នឹង​ទេ»។

ពី​សហរដ្ឋ​អាមេរិក លោក​ សម រង្ស៊ី​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បាន​ប្រកាស​ជា​ផ្លូវការ​នូវចលនា​សង្គ្រោះជាតិ​ ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា​ ​ឆ្នាំ​២០១៨។ ការ​ប្រកាស​របស់​ចលនា​នេះ​គឺ​ដើម្បី​តស៊ូ​ដោយ​សន្តិវិធី តាម​រយៈ​ការ​រៀបចំ​បណ្តាញ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។ លោក សម រង្ស៊ី​ ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​សំខាន់ៗ ប្រកាស​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ចលនា​នេះ​ជា​សាធារណៈ​ ដើម្បី​ធានា​សុវត្ថិភាព​និង​ប្រសិទ្ធ​ភាព​របស់​សកម្មភាព​ចលនា​ថ្មោង​ថ្មីនេះ។

ក៏​ប៉ុន្តែ​ ក្រោយ​ការ​ប្រកាស​ចលនានេះ មន្រ្តី​ជាន់ខ្ពស់​ដែល​ជា​មេ​ទាហាន​ ​និង​មេ​នគរបាល​ជា​ច្រើន​រូប ​បាន​ហៅ​ចលនា​នោះ​ថា​ជា«​ភេរវកម្ម​ ​និង​បាន​ប្តេជ្ញា​បង្រ្កាប​ចលនា​នោះ​ មិន​ឲ្យ​កើត​មាន​នៅ​កម្ពុជា»។

​ជាង​នេះ​ទៅទៀត​ ក្រសួង​មហាផ្ទៃ​បាន​ប្តឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទ​មន្រ្តី​ជាន់​ខ្ពស់​៥​រូប​នៃ​គណបក្សសង្គ្រោះ​ជាតិ​ថា «ធ្វើ​សកម្ម​ភាព​នយោ​បាយ​ដោយ​ខុស​ច្បាប់» នៅ​ក្រៅ​ស្រុក។

រូបឯកសារ៖ លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (VOA)
រូបឯកសារ៖ លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (VOA)

នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មិន​ផ្តល់​សេចក្តី​លម្អិត ទាក់​ទិនពី​ឈ្មោះ​និង​សកម្មភាព​របស់​អ្នក​ទាំង​៥​រូប​នោះ​ទេ។ មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ​រូបនេះ​បានត្រឹមតែ​បញ្ជាក់​ថា​ ការប្តឹងផ្តល់នេះ​ បាន​ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​ប្រមូល​បាន​ភស្តុតាង​ជាច្រើន​ ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​នយោបាយ​របស់​អ្នក​ទាំង​៥​ក្នុង​ពេល​កន្លង​មក។

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ម្នាក់​នៅ​កម្ពុជា។ (រូប​ដក​ស្រង់​ពី​ទំព័រ​ហ្វេកប៊ុក)
រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ម្នាក់​នៅ​កម្ពុជា។ (រូប​ដក​ស្រង់​ពី​ទំព័រ​ហ្វេកប៊ុក)

លោក មាស នី អ្នកសិក្សា​ស្រាវជ្រាវកិច្ច​អភិវឌ្ឍ​សង្គម​ និង​ជាអ្នកវិភាគនយោបាយ​ថ្លែងថា ​ចលនា​សង្គ្រោះជាតិ​ ទំនងគ្រាន់​តែ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​រក្សា​ទំនាក់​ទំនង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ និង​ក្រុមមេដឹកនាំ​គណបក្ស​នេះ​តែ​ប៉ុណ្ណោះ។ លោក​មានប្រសាសន៍ប្រាប់​ VOA យ៉ាង​ដូច្នេះ​៖

«ការណ៍គ្រាន់​តែ​ចាំ​សម្ពាធ​ពី​អន្តរជាតិ​ប៉ុន្តែ​មិន​ធ្វើ​អីផ្សេង​នោះ​ វានឹង​អាច​នឹង​ធ្វើ​ឲ្យមាន​ជំនឿ​របស់​អ្នកគាំទ្រ​សង្គ្រោះជាតិ​នឹង​អាច​ ថយ​ទៅៗ ហើយ​និង​អាច​ឈាន​ទៅ​រក​ ការ​បាត់​បង់​ជំនឿ​ដូច​ហ៊្វុនស៊ិនប៉ិច​ កាលពី​ក្រោយឆ្នាំ​៩៨​ ដែរបាទ។ នេះ​ជារឿងមួយ​ដែរ​ហើយ ខ្ញុំ​ក៏មិនទាន់​បាន​ដឹង​ថា​តើ​ សង្គ្រោះ​ជាតិ​មាន​យុទ្ធសាស្ត្រ​អី​យ៉ាង​ម៉េច​ ចលនា​ថ្មី​ហ្នឹង...​ មាន​ការ​ពិបាក​បន្តិច​នៅ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​ ទៅ​លើ​រឿង​ហ្នឹង»។

ក្នុងបទសម្ភាសន៍មួយជាមួយ VOA ​ដែល​បាន​ធ្វើឡើង​ កាលពីពេល​ថ្មី​ៗនេះ​ ​លោក រី គា ​អគ្គ​លេខា​ធិការ​នៃ​ចលនា​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹង​ពី​យុទ្ធសាស្ត្រ​បឋមនៃ​ចលនា​ដែល​ធ្វើ​សកម្មភាព​តាម​បណ្តាញ​សង្គមហ្វេសប៊ុក​នេះ​ ក្នុងនោះ​គឺ​សេច​ក្តី​អំពាវនាវ​ឲ្យប្រជាពលរដ្ឋឈប់​ទទួល​ទានទឹក​បរិសុទ្ធ​ម៉ាក​វីតាល់ ដែល​ជា​ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​របស់​អ្នកស្រី​ ហ៊ុន ម៉ាណា ​កូន​ស្រី​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។

យុទ្ធសាស្ត្រ​បន្ទាប់​នៃចលនានេះ​ គឺ​ការ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​ចំពោះ​ការប្រើប្រាស់ប្រេង​សាំង​របស់​ស្ថានីយប្រេង​សាំង​ម៉ាក​តេឡា(Tela)​ ដែល​លោក រី គា អះអាង​ថា​ ជាផ្នែកមួយនៃ​អាជីវ​កម្ម​របស់​សមាជិកគ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែលស្ថិតក្នុង​អំណាច​ជាង​បី​ទសវត្សរ៍។ លោក​បញ្ជាក់​ថា គោល​ដៅ​ទាំង​ពីរ​នេះ គឺ​សំដៅ​កាត់​បន្ថយ​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី។

ស្រប​ពេលនឹង​ការ​ចាប់​ផ្តើម​នៃ​ចលនា​សង្គ្រោះជាតិ​នេះ ក្រុម​មន្ត្រី​របស់​គណបក្ស​ប្រឆាំង​ដដែល​នេះ​ ក៏​បាន​បន្តខ្នះខ្នែង​ប្រមែ​ប្រមូល​ការគំាទ្រ​ពីសហគមន៍​អន្តរជាតិ ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក​ និង​សហភាពអឺរ៉ុប ដើម្បី​ដាក់​ការ​គាប​សង្កត់​ខាង​ហិរញ្ញវត្ថុ​ និងសេដ្ឋកិច្ច​លើ​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ ឲ្យ​បកក្រោយ​មកវិញ​ រៀបចំស្តារ​ដំណើរការ​ប្រជាធិបតេយ្យ​ឡើង​វិញ ដោយ​ការ​ផ្តល់​សេរីភាព​ដល់​បណ្តាញ​ព័ត៌មានឯករាជ្យ​ សិទ្ធិចូលរួម​បោះឆ្នោត​របស់គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​សិទ្ធិអនុវត្តកិច្ចការ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​មិន​រណប​រដ្ឋាភិបាល។

អង្គុយ​លើអង្រឹង​ក្នុង​ហាងជួសជុល​ម៉ូតូ​មួយ នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ១ លោក​ តុប ខេងអ៊ាង​ ដែល​បាន​អះអាង​ថា​ ជាអតីត​ទាហាន​តស៊ូ ក្រោយ​ការ​ដួល​រលំ​របប​នយោបាយ​របស់​អតីត​ព្រះ​មហា​ក្សត្រ​ សម្តេចព្រះបាទ​នរោត្តម​សីហនុ​ បាន​សម្តែង​ក្តី​បារម្ភ​ពី​ផលវិបាក​មក​លើ​ប្រជារាស្ត្រខ្មែរ ទាក់ទង​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហគមន៍​អន្តរជាតិ។

លោក​មាន​ប្រសាសន៍ថា​ បើការដាក់​ទណ្ឌកម្ម​កើត​ឡើង​មែននោះ​ អ្នកវេទនាមិនមែន​លោក​អ្នក​នយោបាយ​នោះ​ទេ​ គឺរាស្ត្រ​ខ្មែរ​តែម្តង។

«យើង​បារម្ភ​ បារម្ភ​អាបញ្ហា​ហ្នឹង​ដែរ មិនមែន​ថា​មិន​បារម្ភ​ទេ​ អីចឹងបាន​ប្រជាជន​សំណូមពរ​ ធ្វើ​អ្វី​ ធ្វើ​ទៅ​អ្នក​នយោបាយ​ ប៉ុន្តែ​កុំឲ្យមាន​ផល​ប៉ះពាល់​ដល់​ប្រជាជន​ទៅ​បាន​ហើយ​នែ៎!។ ឧបមាថា​ ឥឡូវ​បើ​យើងថា​ធ្វើ​អីចឹង​ទៅ​ វា​ដើរ​ទៅ​ វាៗ​អាច​រុងរឿង​ប្រជាជន​ យើង​ធ្វើ​ទៅ​ តែបើ​ថា​ វាអាច​ប៉ះ​ អាហ្នឹង​វា​ងាប់​នេះ​ វា​មិន​ងាប់​អ្នកទាំង​អស់​ហ្នុង​ទេ​ វាងាប់​អាគ្នា​នេះ​នែ៎!​ មិនចឹង​ វាៗ​ ចឹង​ទេ​ អាហ្នឹង​ប្រជាជន​ សំណូមពរ​តែប៉ុណ្ណឹង​ ឥឡូវ​ឲ្យ​ប្រជាជន​ទៅ​ ទៅធ្វើ​ម៉េច​? បើ​អ្នក​នយោបាយ​ យើងៗ​ ទៅ​បោះ​ឆ្នោត​យើង​សង្ឃឹម​លើ​អ្នក​នយោបាយ​ហ្នឹង​ នាំប្រទេស​ជាតិ​ឲ្យ​វារុង​រឿង​ហើយ​ មិនចឹងអ្ហេ៎!»

ចាប់​តាំងពីការ​លេច​ឡើង​នៃ​ចលនា​សង្គ្រោះ​ជាតិ​នេះមក​ ក្រុមមន្ត្រីរដ្ឋាភិបាល​ រាប់តាំងពី​កងទ័ព​រហូត​ដល់​តំណាងរាស្ត្រ​ បាន​ដាក់​ការ​ឃ្លាំមើល​ ឬចេញបញ្ជា​ឲ្យ​ឃ្លំាំ​មើល​បុគ្គល​ណា​បង្ហាញការ​គំាំទ្រ​ចលនា​នេះ។ នេះបើយោង​តាមសេចក្តីរាយការណ៍​នានា​ និង​ការ​ធ្វើ​អធិប្បាយ​លើបណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ក្រុម​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​មួយ​ចំនួន។

ការណ៍នេះ​ បាន​ធ្វើ​ឲ្យអ្នកវិភាគមាន​ភាព​អល់​អែក ក្នុង​ការ​ប្រមើល​មើល​ពី​ជោគវាសនា​នៃ​ចលនានេះ​ ថា​វា​នឹង​ពិតជា​អាច​រំដោះ​ក្រុម​អ្នកនយោបាយ​គណបក្ស​ប្រឆាំង​ចេញ​ពី​ពន្ធនាគារ​បាន​មែន ឬ​ក៏​វា​ពិត​ជា​បាននាំមក​វិញ​នៃការ​បោះឆ្នោត​មួយដែលមាន​សំឡេង​ប្រឆាំង​ចូលរួម​ដូច​កាល​ពី​ពេល​បោះ​ឆ្នោត​ជាតិ​ ឆ្នាំ​ ២០១៣​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG