ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជាសម្តែង​ការ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការ​បោះឆ្នោត​ព្រឹទ្ធសភា


រូបឯកសារ៖ សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​មួយ​រូប​បង្ហាញ​លិខិត​ស្នាម​របស់​លោក​ដល់​មន្ត្រី​បោះ​ឆ្នោត ​ការិយាល័យ​បោះ​ឆ្នោត​ព្រឹទ្ធសភា​​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃទី២៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)
រូបឯកសារ៖ សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​មួយ​រូប​បង្ហាញ​លិខិត​ស្នាម​របស់​លោក​ដល់​មន្ត្រី​បោះ​ឆ្នោត ​ការិយាល័យ​បោះ​ឆ្នោត​ព្រឹទ្ធសភា​​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃទី២៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)

​ក្រុម​អង្គការ​សង្គមស៊ីវិល​យល់​ថា ការ​បោះឆ្នោត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​របៀប​មួយ​ «‍ដែល​មិន​ស្រប​នឹង​ដំណើរការ​និង​គោលការណ៍​ប្រជាធិបតេយ្យ»​នោះ​ទេ។

អង្គការ​សង្គម​ស៊ីវិលចំនួន​៨​រួម​ទាំង​អង្គការ​ឃ្លាំមើល​ការបោះឆ្នោតសំខាន់​ចំនួន​ពីរ​គឺ​អង្គការ​ខុមហ្វ្រែល​និង​និកហ្វិក​ផង បាន​សម្តែង​ការ «‍ខកចិត្ត​យ៉ាង​ខ្លាំង» ចំពោះ​ការ​បោះឆ្នោត​ព្រឹទ្ធសភា ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​មួយ​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

ការ​បោះឆ្នោត​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី​៤ បាន​ធ្វើ​ឡើង​ ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​គូរ​ប្រជែង​ដ៏​សំខាន់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច។ ជា​លទ្ធផល គណបក្ស​ប្រជាជន ឈ្នះ​ទាំងស្រុង​ ហើយ​នឹង​ទទួល​បាន​អាសនៈ​ទាំង​៥៨​ ក្នុង​ចំណោម​អាសនៈ​ទាំង​៦២​ នៃ​សមាជិក​ព្រឹទ្ធសភា​សរុប​ក្នុង​អាណត្តិ​ថ្មី ដែល​បាន​ដាក់​ឲ្យ​ប្រកួតប្រជែង។ អាសនៈ៤​ទៀត ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះមហាក្សត្រ​និង​រដ្ឋសភា។

​ក្រុម​អង្គការ​សង្គមស៊ីវិល​ បាន​លើកឡើង​ថា ក្រោយ​ពី​បាន​ពិនិត្យ​មើល​ដំណើរ​ការ​បោះឆ្នោត​ព្រឺទ្ធសភា​នេះ ពួកគេ​ យល់​ថា ការ​បោះឆ្នោត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​របៀប​មួយ​ «‍ដែល​មិន​ស្រប​នឹង​ដំណើរការ​និង​គោលការណ៍​ប្រជាធិបតេយ្យ»​នោះ​ទេ។

ប្រតិកម្ម​របស់​អង្គការ​សង្គមស៊ីវិល​នេះ កើត​ឡើង ចំ​ពេល​ដែល​មាន​ការ​អំពាវ​ពី​សភា​អ៊ឺរ៉ុប ដោយ​ស្នើ​ឱ្យសហគមន៍​អ៊ឺរ៉ុប ប្រកាស​ជាបន្ទាន់​ថា​ការ​បោះឆ្នោត​នេះ មិន​មាន​លក្ខណៈ​ស្រប​ច្បាប់​នោះ​ទេ៕

XS
SM
MD
LG