ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋកម្ពុជាសប្បាយចិត្តចូលរួមពិធីបុណ្យអុំទូក ក្រោយអាក់ខានអស់៣ឆ្នាំ


កីឡាករ​អ៊ំទូកង នៅក្នុងការប្រកួត​ប្រណាំងទូក​ នាអំឡុង​ពិធី​បុណ្យ​អ៊ំទូក​ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
កីឡាករ​អ៊ំទូកង នៅក្នុងការប្រកួត​ប្រណាំងទូក​ នាអំឡុង​ពិធី​បុណ្យ​អ៊ំទូក​ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

កម្ពុជា​កំពុង​រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែចំនួនបី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ក្រោយ​អាក់​ខាន​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃ​ណី​ជាតិ​មួយ​នេះ​អស់​រយៈ​ពេល​បីឆ្នាំ​ ដោយ​សារ​ផល​វិបាកផ្សេងៗ​ដែល​បណ្តាល​មកពី​ការឆ្លង​រាត​ត្បាត​ជំងឺកូវីដ​១៩​។

ពិធី​បុណ្យអុំទូក​នេះ​មាន​តាំង​ពីសម័យអង្គរ​រហូត​មក​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរជាទម្លាប់​បានប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​នេះ​ ដើម្បី​ធ្វើ​ការ​ប្រណាំងទូក​ដែលរចនា​តាម​បែបបុរាណសម័យ ទាំង​បុរស​ និង​ស្ត្រី ដែល​មក​ពី​គ្រប់​ខេត្ត​ក្រុង​នៅក្នុង​ប្រទេសកម្ពុជា​។

នៅមុខ​ព្រះ​បរម​រាជ​វាំង ក្នុង​រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម និង​ទស្សនា​ការ​ប្រណាំង​ទូក​ ហើយ​សំឡេង​ស្រែក​អ៊ូអរ​ក៏​បាន​លេចឡើង​ចេញ​ទូកកំពុងប្រណាំង​ដែល​អម​ដោយកាយ​វិការ​របស់​កីឡករ​តាម​ទូក​នីមួយៗ​ដែល​កំពុង​អុំ​យ៉ាង​ញាប់​ដៃ​លើ​ដង​ទន្លេ​ចតុមុខ​ផង​ដែរ។

ប្រជាពលរដ្ឋកំពុងអង្គុយចាំទស្សនាការប្រណាំងទូក នៅច្រាំងទន្លេចតុមុខ ក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ប្រជាពលរដ្ឋកំពុងអង្គុយចាំទស្សនាការប្រណាំងទូក នៅច្រាំងទន្លេចតុមុខ ក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

កំពុង​អង្គុយ​ទស្សនា​ការ​ប្រណាំង​ទូក​នៅ​ច្រាំង​ទន្លេ ក្បែរព្រះបរមរាជវាំង​ លោក សែម វិចិត្រ អាយុ​៦២​ឆ្នាំ មក​ពី​ខេត្ត​ក្រចេះ ប្រាប់​វីអូអេ​ថា លោក​ពិត​ជា​មាន​អារម្មណ៍​រីករាយយ៉ាង​ក្រៃ​លែង​ដែល​បាន​អញ្ជើញ​មក​ពិធី​បុណ្យ​អុំ​ទូក​ក្នុង​រាជធានី​ភ្នំពេញនៅឆ្នាំនេះ​។ លោកបង្ហាញការដឹង​គុណ​ចំពោះ​រដ្ឋាភិបាល​ដែល​បាន​រៀប​ចំ​ពិធី​បុណ្យ​ជាតិ​នេះ​ឡើង​វិញ ក្រោយ​មិន​បាន​ប្រារព្ធ​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ​នោះ។

លោក​ថ្លែង​ថា​៖ «ដល់​ចាប់​ផ្តើម​បុណ្យ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០២៣ ខ្ញុំ​អបអរ​សាទរ​ និង​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ថ្នាក់​ដឹក​នាំ​គ្រប់​ស្ថាប័ន​ទាំង​អស់»។

សម្រាប់​លោក សែម វិចិត្រ លោក​ចង់​ឲ្យ​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​នេះ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មិន​គួរ​មាន​ការ​អាក់​ខាន​ណា​មួយ​ឡើយ ដោយលោកថា ពិធី​បុណ្យ​នេះ​ជា​ពិធី​បុណ្យ​ប្រពៃណី​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា។ លោកថ្លែងទៀត​ថា បើ​ទោះ​បី​ជា​មិន​បាន​ប្រារព្ធ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ក្តី ក៏​គួរ​តែ​មាន​ការ​ប្រារព្ធ​នៅ​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ពិសេស​នៅ​ទីក្រុង​ភ្នំពេញ​ហ្នឹង យើង​ត្រូវ​តែ​ធ្វើ​រៀង​រាល់​ឆ្នាំ​មិន​ឲ្យ​ខាន​ទេ អា​ហឹ្នង​វា​ជា​ទំនៀម​ទម្លាប់​ប្រវត្តិ​ការ​តស៊ូ​របស់​ខ្មែរ​យើង​ ដែល​រឿង​សំខាន់​លើ​កីឡា​ទូក​ងដែល​ជា​របស់​ជាតិ​ខ្មែរ​យើង​ពី​បរម​បុរាណ​មក យើង​មិន​អាច​បោះ​បង់​ចោល​បាន​ទេ»។

ចំណែក​ប្រជា​ពលរដ្ឋ​មួយ​រូបទៀតដែល​កំពុង​អង្គុយ​សម្រាក​ពិសារ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​ក្រុមគ្រួសារ នៅ​ពី​មុខ​ព្រះ​បរម​រាជ​វាំង អ្នកស្រី អូក សាវី អាយុ​២៥​ឆ្នាំ មក​ពី​ក្រុង​អរិយក្សត្រ ក៏​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជា​ខ្លាំង​ផង​ដែរ ដោយ​បាន​មក​ចូល​រួម​ពិធី​បុណ្យ​អុំ​ទូក​នេះ។ អ្នកស្រី​លើក​ឡើង​ថា ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ពេល​កន្លង​ទៅ​ ក្រោយ​កម្ពុជា​បាន​ធូរ​ស្បើយ​ពី​ជំងឺ​ឆ្លង​កូវីដ​១៩។

អ្នកស្រី​ថ្លែង​ថា៖ «ដូច​ថា​យើង​ទើប​រួច​ពី​កូវីដ​ អ៊ីចឹង​មាន​អារម្មណ៍​ថា​ប្លែក​ ហើយ​ចង់​ឲ្យ​ប្រារព្ធ​រាល់​ឆ្នាំ។ ដូច​រាល់​ឆ្នាំ​សប្បាយ​ហើយ​មាន​អ្នក​ចូល​រួម​ច្រើន»។

លោក សែម វិចិត្រ អាយុ៦២ឆ្នាំ ប្រជាពលរដ្ឋមកពីខេត្តក្រចេះ ផ្តល់កិច្ចសម្ភាសន៍ឱ្យវីអូអេ នៅរាជធានីភ្នំពេញ អំឡុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក សែម វិចិត្រ អាយុ៦២ឆ្នាំ ប្រជាពលរដ្ឋមកពីខេត្តក្រចេះ ផ្តល់កិច្ចសម្ភាសន៍ឱ្យវីអូអេ នៅរាជធានីភ្នំពេញ អំឡុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកស្រី អូក សាវី អាយុ២៥ឆ្នាំ មកពីក្រុងអរិយក្សត្រ ផ្តល់កិច្ចសម្ភាសន៍ឱ្យវីអូអេ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ អំឡុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
អ្នកស្រី អូក សាវី អាយុ២៥ឆ្នាំ មកពីក្រុងអរិយក្សត្រ ផ្តល់កិច្ចសម្ភាសន៍ឱ្យវីអូអេ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ អំឡុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

វីអូអេ​មិន​ទាន់​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ឈិន កេតនា អនុ​ប្រធាន​អចិន្រ្តៃយ៍​ និង​ជា​អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ-អន្តរជាតិ​បាន​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា ពិធី​បុណ្យ​អុំ​ទូក​បាន​កំពុង​ប្រារព្ធ​ឡើង​នៅ​បណ្តា​រាជធានី​ខេត្ត​នានា​ដែល​មាន​ដង​ទន្លេ និង​បឹង ដើម្បី​ជា​ការ​អប​អរ​ និង​ជា​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​កម្សាន្ត​នៅ​ទីកន្លែង​ទាំង​អស់​នោះ។

កាល​ពី​ឆ្នាំ​២០១៩ ដែល​ជា​ឆ្នាំ​ចុង​ក្រោយ​ដែល​កម្ពុជា​បាន​រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ ៥​លាន​៨សែន​នាក់ ហើយ​ក្នុង​ឆ្នាំ​២០២៣​នេះ ​ចំនួន​ភ្ញៀវ​ទេសចរក៏​ត្រូវ​បាន​ប៉ាន​ស្មាន​ថា​អាច​ប្រហាក់​ប្រហែល​នឹង​២០១៩​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក។

លោក​ថ្លែង​ថា៖ «ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​អាច​ថា​ប្រហាក់​ប្រហែល​គ្នា​នឹង​តួរ​លេខ​២០១៩ ព្រោះ​អាច​ថា​យើង​ខានប្រារព្ធ​នូវ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​នេះ​៣​ឆ្នាំ​ហើយ​២០២០ ២០២១ ២០២២​។ អ៊ីចឹង​បង​ប្អូន​ប្រជា​ពលរដ្ឋ​របស់​យើង ក៏​ដូច​ជា​ទេសចរហ្នឹង​អាច​ដើរ​លេង​កម្សាន្ត​ច្រើន​ អាច​ខ្ទង់​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​ ២០១៩​ ដែរ»។

គួរ​រំឭក​ថា កម្ពុជា​បាន​ខកខាន​មិន​បានប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​នេះ​អស់​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ​គិត​ចាប់​តាំង​ ២០២០​ មក ដោយ​រដ្ឋា​ភិបាល​បាន​លើកឡើងហេតុ​ផល​នៃបញ្ហា​ប្រឈម​នានា​ដែល​កើតចេញ​ពីវិបត្តិ​កូវីដ១៩ ហើយ​កាល​ពី​ឆ្នាំ​ ២០២២ ការ​អាក់​ខាន​ប្រារព្ធ​ពិធី​នេះ​ គឺ​ដោយ​សារ​កម្ពុជា​បាន​ធ្វើ​ជា​មា្ចស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​៕

XS
SM
MD
LG