ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​អុំទូក​នៅ​ភ្នំពេញ​ចាប់ផ្តើម​ដោយ​ភាពស្ងប់ស្ងាត់ ស្រប​ពេល​សន្តិសុខ​មាន​ការរឹតបន្តឹង


ទិដ្ឋ​ភាព​បុណ្យ​អុំ​ទូក​ អកអំបុក​ បណ្តែត​ប្រទីប​​ នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀលថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៩។​ (កាន់​ វិច្ឆិកា​​/​VOA)
ទិដ្ឋ​ភាព​បុណ្យ​អុំ​ទូក​ អកអំបុក​ បណ្តែត​ប្រទីប​​ នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀលថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៩។​ (កាន់​ វិច្ឆិកា​​/​VOA)

ជា​រៀងរាល់​ឆ្នាំ ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះព្រះ​ខែ ​តែង​មាន​ប្រជា​ប្រិយភាព​ទាក់ទាញ​ប្រជាពលរដ្ឋ​ពី​តាម​បណ្តា​ខេត្ត​នានា​ ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​រាជ​ធានី​ភ្នំពេញ ដោយ​សារ​ភាព​សម្បូរ​បែប​នៃ​ការ​ប្រណាំង​ទូក​ ង និង​ប្រទីប​ធំៗ ព្រម​ជាមួយ​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ជាច្រើន។ ​

ទិដ្ឋ​ភាព​បុណ្យ​អុំ​ទូក​ អកអំបុក​ បណ្តែត​ប្រទីប នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀលថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៩។​ (កាន់​ វិច្ឆិកា/​VOA)​
ទិដ្ឋ​ភាព​បុណ្យ​អុំ​ទូក​ អកអំបុក​ បណ្តែត​ប្រទីប នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀលថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៩។​ (កាន់​ វិច្ឆិកា/​VOA)​

ប៉ុន្តែ​ព្រះរាជ​ពិធី​បុណ្យ​អុំទូកក្នុង​ឆ្នាំ​២០១៩​នេះ មាន​សភាព​ស្ងប់ស្ងាត់​ខុស​ពីឆ្នាំ​មុនៗ​ ខណៈ​មាន​ការ​ប្រកាស​របស់រដ្ឋាភិបាល​ថា​ ត្រៀម​ទប់ស្កាត់​និង​បង្ក្រាប​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​រំលាយ ប្រកាស​ថា​ចូល​មក​កម្ពុជា​វិញ​ក្នុង​ថ្ងៃ​៩ ខែ​វិច្ឆិកា ដែល​ឆ្នាំ​នេះ​គឺ​មួយ​ថ្ងៃ​មុនពិធី​បុណ្យ​អុំទូកនេះ​តែ​ម្តង។

ទិដ្ឋ​ភាព​បុណ្យ​អុំ​ទូក​ អកអំបុក​ បណ្តែត​ប្រទីប នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀលថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៩។​ (កាន់​ វិច្ឆិកា/​VOA)
ទិដ្ឋ​ភាព​បុណ្យ​អុំ​ទូក​ អកអំបុក​ បណ្តែត​ប្រទីប នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀលថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៩។​ (កាន់​ វិច្ឆិកា/​VOA)

ទន្ទឹម​នឹង​ពិធី​បុណ្យ​អុំទូក​មាន​សភាព​ស្ងប់ស្ងាត់ ​ប្រជា​ពលរដ្ឋ​មួយ​ចំនួនដែល​ជា​អ្នក​ដើរ​កម្សាន្ត​និង​លក់​ដូរ តាម​សួនច្បារ​បណ្តោយ​មាត់​ទន្លេ​នៅ​រាជធានី​ភ្នំពេញ​លើក​ឡើង​ស្រដៀង​គ្នា​ថា ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០១៩​នេះ មាន​អ្នក​ចូលរួម​តិច​ជាង​ឆ្នាំ​មុនៗ ដោយសារ​មាន​ការ​បារម្ភ​ពី​បញ្ហា​សន្តិសុខ។

កំពុង​ឈរ​ជជែកជាមួយ​សាច់​ញាតិ​លើ​សួនច្បារ​មាត់​ទន្លេ​ អ្នកស្រី គឹម ហួន ​ពលរដ្ឋ​រស់​នៅ​ឃុំ​ព្រែក​តាមាក់​ ក្នុង​ខេត្ត​កណ្តាល​លើក​ឡើង​ថា ពិធី​បុណ្យ​អុំទូក​ឆ្នាំ​មុនៗ​មាន​អ្នក​ចូលរួម​ច្រើន​ ដែល​ស្ទើរ​តែ​មិនមាន​ផ្លូវ​សម្រាប់​ដើរ។ អ្នកស្រី​បន្ថែម​ថា សម្រាប់​ឆ្នាំ​នេះ​អ្នកស្រី​សង្កេត​ឃើញ​ថា​ អ្នក​ចូលរួម​មាន​ចំនួន​តិច​ ប៉ុន្តែអ្នក​ចាក​ចេញ​ពី​រាជធានី​មាន​ចំនួន​ច្រើន។

ស្រ្តីវ័យ​៤៨​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា៖

«ឆ្នាំ​នេះ​អ្នក​ចេញ​ទៅ​តាម​ខេត្ត​ច្រើន ព្រោះ​ខ្ញុំ​ជិះ​ម៉ូតូ​មក ថ្ងៃ៨ ថ្ងៃ​៩ អី មនុស្ស​ចេញ​ទៅ​ដូច​ភ្ជុំ​អញ្ចឹង។ ខ្ញុំ​អត់​ដឹង​ដែរ គ្រាន់តែ​ថា​ចម្លែក។ ចម្លែក​ជាង​រាល់​ឆ្នាំ។ រាល់​ឆ្នាំ​ម៉ោង​៩ ម៉ោង​១០​អី​អញ្ចឹង ​មនុស្ស​ណែន​ពេញ​ហ្នឹង មាន​អ្នក​លក់​អ្នក​អី​ណែន​ពេញ​ហ្នឹង ប៉ុន្តែ​ឆ្នាំ​នេះ​អត់​មាន​ទេ។ អត់​មាន​ហ្មង»។

កងកម្លាំង​ប្រដាប់ដោយអាវុធ​ ដើរល្បាត​ដើម្បី​«ការពារសណ្តាប់ធ្នាប់​» ក្នុង​ពិធី​បុណ្យ​អុំទូក​ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀលថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៩។​ (កាន់​ វិច្ឆិកា/​VOA)
កងកម្លាំង​ប្រដាប់ដោយអាវុធ​ ដើរល្បាត​ដើម្បី​«ការពារសណ្តាប់ធ្នាប់​» ក្នុង​ពិធី​បុណ្យ​អុំទូក​ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀលថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៩។​ (កាន់​ វិច្ឆិកា/​VOA)

ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​រាជធានី​ភ្នំពេញ​នៅឆ្នាំ​នេះ​ គេ​ឃើញ​មាន​ការ​រឹត​បន្តឹង​សុវត្ថិភាពជាង​ឆ្នាំ​មុនៗ ដោយ​មាន​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​កាន់​កាំភ្លើង​វែង​ ដើរ​ល្បាត​តាម​ដង​ផ្លូវ​មាត់​ទន្លេ មាន​ការ​ពង្រាយ​កម្លាំង​តាម​ដង​ផ្លូវ ព្រមទាំង​មាន​រថពាស​ដែក​ជាច្រើន​គ្រឿង បញ្ឈរ​នៅ​ក្បែរ​រោង​គណៈ​អធិបតី​ខាង​មុខ​ព្រះ​បរមរាជវាំង​ផង​ដែរ។

​នៅ​តាម​ផ្នែក​ខ្លះ​នៃ​សួន​ច្បារ​មាត់​ទន្លេ​ គេឃើញ​មាន​ស្តង់​ដាក់​លក់​ដូរ​ពេញ​ផ្នែក​ខាង​មុខ​ជិត​ផ្លូវ​ថ្នល់ ដែល​ខុស​ពី​ឆ្នាំ​មុនៗ ជាទូទៅ​មាន​តែ​អ្នក​ដើរ​កម្សាន្ត​ពេញ​ ទាំង​លើ​សួនច្បារ​និង​តាម​ដង​ផ្លូវ​ប៉ុណ្ណោះ។​

លោក មាន រី អ្នក​លក់​សម្លៀក​បំពាក់​ក្នុង​ស្តង់​លើ​សួនច្បារ​មាត់​ទន្លេ​ និយាយ​ថា នេះ​ជា​ឆ្នាំ​ទី​មួយ​ដែល​លោក​បានឃើញ​មាន​ស្តង់​ដាក់​លក់​ទំនិញ​លើសួនច្បារ​មាត់​ទន្លេ និង​ថាស្តង់​ទំហំ​ជាង​២ម៉ែត្រ​បួន​ជ្រុង​នេះ ត្រូវ​ជួល​តម្លៃ​២៥០​ដុល្លារ​ក្នុង​រយៈពេល​បី​ថ្ងៃ​។ ទោះ​យ៉ាងណា​លោក​ថា ​នៅ​ឆ្នាំ​នេះ​លោក​លក់​មិន​សូវ​ដាច់​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ​ ស្រប​ពេល​ដែល​អ្នក​ដើរ​កម្សាន្ត​ក៏​មាន​ចំនួន​តិច។

បុរស​វ័យ​៤១​ឆ្នាំ​រូបនេះ​បន្ត​ថា បើតាម​ការ​សង្កេត​របស់​លោក អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុនៗ ដោយ​សារ​មាន​ការ​បារម្ភ​ពី​ការ​ប្រកាស​ថា ​អាច​មាន​ចលាចល​កើត​ឡើង។ ​

«សូម្បី​តែ​អ្នក​លក់​ដូរ​ដូច​ខ្ញុំ​ក៏​ដោយ អ្នក​ខ្លះ​គេ​អត់​មក​ភ្នំពេញ​ទេ​ គេ​ចេះ​តែ​ខ្លាច អញ្ចឹង​គេ​លក់​តាម​ខេត្ត​អី​អញ្ចឹង​ទៅ ដូចជា​ពោធិ៍សាត់ សៀមរាប​អី​អញ្ចឹង គេ​អត់​ចង់​មក​ភ្នំពេញ​ទេ។ អ្នកខ្លះ​គេ​ចេះ​តែ​ខ្លាច​អញ្ចឹង​ទៅ ប៉ុន្តែ​ខ្ញុំ​អត់​ខ្លាច​ទេ ខ្ញុំ​នៅ​តែ​មក។ គេ​ខ្លាច​ដូច​ជា​ប្រទេស​យើង​អត់​ស្រួល និយាយ​រួម​ទៅ​គេ​ថា​ សម រង្ស៊ី ហ្នឹង​គាត់​ចូល​មក​ អញ្ចឹង​គាត់​ចេះ​តែ​ខ្លាច​ទៅ»។

អ្នកស្រី យឺន សាម៉េត (ឈុត​ពណ៌ផ្តាឈូក) និង​អ្នកស្រី​ សុន សាវ៉ាន​ ពលរដ្ឋ​ដែល​ចូលរួម​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ផ្តល់​សម្ភាសន៍​ដល់​ VOA នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩។ (កាន់​ វិច្ឆិកា/​VOA)
អ្នកស្រី យឺន សាម៉េត (ឈុត​ពណ៌ផ្តាឈូក) និង​អ្នកស្រី​ សុន សាវ៉ាន​ ពលរដ្ឋ​ដែល​ចូលរួម​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ផ្តល់​សម្ភាសន៍​ដល់​ VOA នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩។ (កាន់​ វិច្ឆិកា/​VOA)

ស្រដៀង​គ្នា​នេះ ​អ្នកស្រី យឺន សាម៉េត ពលរដ្ឋ​ដែល​ចូលរួម​កម្សាន្ត​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក មាន​ប្រសាសន៍​ថា ការ​ថយចុះ​ចំនួន​ពលរដ្ឋ​មក​ចូលរួម​ក្នុងពិធី​បុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ គឺ​ដោយ​សារ​បារម្ភ​ថា​អាច​មាន​ការបះបោរ​កើត​ឡើង។

«គេថា សម រង្ស៊ី ចូល​មក វា​ចេះ​តែ​ខ្លាច​រៀង​ខ្លួន​អញ្ចឹង​ទៅ។ ប៉ុន្តែ​អត់​ផង។ តែ​គ្រាន់តែ​ចលនា​បំផុស​បំផុល​អញ្ចឹងទៅ មនុស្ស​ចេះ​តែខ្លាច​ហើយ ទាំងគេ​ទាំង​យើង។​ ខ្លាច​កូន​ចៅ​មក​អី​ហ្នឹងទៅ។​ គ្រាន់​តែ​ថា​ថ្ងៃ​អញ្ចឹង​មិន​ដឹង​ខ្លាច​ស្អី​ទេ បើ​ថា​យប់​មិន​ដឹង​ទេ»។

ស្រ្តី​វ័យ​៦៣​ឆ្នាំ​រូប​នេះ​បញ្ជាក់​ពី​ចំនួន​ប្រជាជន​ដែល​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ យ៉ាង​ដូច្នេះ​ថា៖ «ពាក់​កណ្តាល​ហ៎រ​ក្មួយ! ពី​មុន​ណែន​ណាស់​ណា៎។ ណែន​រហូត​ដល់​ទៅ​ដឹក​ដៃ​ចៅ​អី​ដើរ​មិន​ចង់​រួច​ទេ»។​


​នៅ​ថ្ងៃទី​១​នៃ​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩​នេះ មាន​ប្រពល​រដ្ឋ​មក​ចូលរួម​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ​មាន​ប្រមាណ៥៥​ម៉ឺន​នាក់ ​ខណៈ​ឆ្នាំ​២០១៨កន្លង​ទៅ​មាន​ចំនួន​ដល់៩០​ម៉ឺន​នាក់។ នេះ​បើ​យើង​តាម​តួលេខ​ផ្សាយ​លើ​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ គេហទំព័រ​នេះ​បញ្ជាក់​ទៀត​ថា ក្រសួង​មហាផ្ទៃ​ បាន​ត្រៀម​កម្លាំង​ចម្រុះ​ទាំង​ចំហរ​និង​សម្ងាត់ ជាង​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ សម្រាប់​ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់។​

លោក​បណ្ឌិត​ មាស នី អ្នកសិក្សា​ពី​ការ​វិវត្ត​សង្គម​និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ លើក​ឡើង​ថា ការ​ប្រកាស​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ច្រើន​ហួស​ហេតុ​ដើម្បី​ត្រៀម​ទប់ស្កាត់​និង​បង្ក្រាប​ការ​វិល​ត្រឡប់​របស់​ក្រុម​លោក សម រង្ស៊ី ជា​មូលហេតុ​ចម្បង​នៃការ​ធ្លាក់​ចុះ​ចំនួន​អ្នកទស្សនា​ព្រះរាជពិធី​បុណ្យ​អុំទូក​នៅ​រាជធានី។ លោក​បន្ត​ថា ទន្ទឹម​ហ្នឹង​នោះ​ ការ​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​យ៉ាង​ច្រើន​នេះ ក៏​កំពុង​ធ្វើ​ឲ្យ​ខាត​ថវិកា​ជាតិ និង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ។

«ការធ្វើ​បែប​នេះ ​ទី​១ គឺ​ធ្វើ​ឲ្យ​ចំណាយ​ថវិកា​ជាតិ​ហ្នឹង​ច្រើន​ពេក ធ្វើ​ការ​ឆ្លើយ​តប​ទៅ​ហ្នឹង​រឿង​ដែល​មិន​សម​ធ្វើ។ បើសិនជាគ្រាន់​តែ​រង់​ចាំ​ចាប់​លោក​ សម រង្ស៊ី មុន ដូចជា​មិន​ចាំ​បាច់​ទៅ​ពង្រាយ​កម្លាំង​ដល់​ទៅ​ច្រើន​សន្ធឹក​សន្ធាប់​ទេ។ លើក​លែង​តែ​រដ្ឋាភិបាល​ហ្នឹង​គឺ​មាន​ការ​ភ័យបារម្ភ​ខ្លួន​ឯង ទាក់ទិន​ទៅ​ហ្នឹង​ការ​បះបោរ​ឡើងណាមួយ ពី​គូ​ភាគី​ទី​បី​ណាមួយ​ដែល​អាច​កើត​ឡើង​ដោយ​ចៃដន្យ ដែលរដ្ឋា​ភិបាលបាន​ដឹង​ ឬ​មួយ​ក៏មាន​តម្រុយ​អី​ ទើប​បាន​ជា​ដាក់​កម្លាំង​ទ័ព​សម្បើម​អញ្ចឹង»។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​រូប​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈពេល​ជាង​៤​ឆ្នាំ​ តែង​ប្រកាស​ថា លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បី​ទម្លាក់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចេញ​ពី​អំណាច នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ត្រូវ​ជា​ខួប​៦៦​ឆ្នាំ​ នៃថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​និង​ជាប់​ទៅ​នឹង​ព្រះរាជពិធី​បុណ្យ​អុំទូក។

រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី​ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ថា ​ជា​អំពើ​ក្បត់​ជាតិ​និង​ជាការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល។

ទោះ​បី​លោក សម រង្ស៊ី ​មិន​បានសម្រេចបំណងក្នុង​ការ​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ ដែល​កៀក​នឹង​ពិធីបុណ្យ​អុំ​ទូក​នេះ​ក្តី​ ក៏​ក្នុង​ថ្ងៃ​នោះលោក​បាន​មក​ដល់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ក្រោយ​ពីលោក​អះអាង​ថា​លោក​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ឡើង​យន្ត​ហោះ​មក​ប្រទេស​ថៃ​នៅមួយ​ថ្ងៃ​មុន​ពេល​នោះ​ក្តី។ នៅ​ប្រទេស​ម៉ាឡេស៊ីលោក​ សម​ រង្ស៊ី​ កំពុង​ជួបសហការី​ ដែល​មាន​ទាំង​អ្នកស្រី​ មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ផង ដោយ​អះអាង​ថា កំពុង​រៀបចំ​គម្រោង​ដើម្បី​វិល​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ។

ក្រុម​មេ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​កម្ពុជា​បាន​ប្រកាស​ត្រៀម​ចាប់​ខ្លួន​លោក សម រង្ស៊ី និង​បក្ខពួក​ ហើយ​ថា​ ពួកគេ​នឹង​កម្ទេច​ក្រុម​របស់​លោក សម រង្ស៊ី ចោល ប្រសិន​បើ​មាន​ការ​ត​ដៃ។

សហគមន៍​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ ដូច​ជា​សហរដ្ឋ​អាមេរិក បារាំង អង្គការ​សហប្រជាជាតិ​និង​អង្គការ​អន្តរជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ជាដើម​ បាន​បង្ហាញ​ការបារម្ភ​ជា​បន្ត​បន្ទាប់​ ជុំវិញ​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី មក​កាន់​កម្ពុជា​ ថា​នឹង​អាច​មាន​អំពើ​ហិង្សា។ ពួកគេ​ក៏​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ដោយ «សន្តិវិធី‍» និង​បើក​លំហរ​សេរីភាព​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​និន្នាការ​នយោបាយ៕

XS
SM
MD
LG