កងកម្លាំងយោធារបស់អាមេរិកកំពុងឈរជើងនៅក្នុងប្រទេសលីប៊ីដើម្បីស្វែងរកដៃគូសហការដ៏មានសក្តានុពលនៅក្នុងអ្វីមួយដែលអាចក្លាយជាយុទ្ធនាការកាន់តែទូលំទូលាយជាងនេះដើម្បីប្រឆាំងនឹងក្រុមភេរវកម្មអាយស៊ីស ឬរដ្ឋឥស្លាមនោះ។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Peter Cook បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធថា «មានកងកម្លាំងអាមេរិកខ្លះនៅក្នុងប្រទេសលីប៊ី ព្យាយាមបង្កើតទំនាក់ទំនងជាមួយកងកម្លាំងនៅទីនោះ ដើម្បីឲ្យដឹងកាន់តែច្បាស់ថែមទៀតថាតើនរណាខ្លះជាតួអង្គសំខាន់ៗ ហើយថាតើនរណាខ្លះដែលសមនឹងទទួលបានការគាំទ្រពីអាមេរិក និងពីដៃគូរបស់យើងផ្សេងៗទៀត»។
លោក Cook បានចាត់ទុកកម្លាំងអាមេរិកនៅក្នុងប្រទេសលីប៊ីនោះថា ជាក្រុមតូចមួយ ដោយមានប្រសាសន៍បន្ថែមថា កងកម្លាំងអាមេរិកនោះស្ថិតនៅក្នុងប្រទេសលីប៊ី «ដោយមានការយល់ព្រមពីមន្ត្រីលីប៊ី»។
ទោះបីជាក្រុមរដ្ឋឥស្លាមមិនមានកម្លាំងច្រើនជាងគេនៅក្នុងប្រទេសលីប៊ីក៏ដោយ ក៏ក្រុមនេះមានកម្លាំងប្រយុទ្ធកាន់តែខ្លាំងក្លាឡើងនៅក្នុងប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងទីក្រុង Sirte និងតំបន់ជុំវិញទីក្រុងនោះ។
មន្ត្រីអាមេរិកម្នាក់ ដែលដឹងអំពីការស៊ើបការណ៍សម្ងាត់បានប្រាប់ VOA កាលពីពេលថ្មីៗនេះថា មន្ត្រី និងកម្លាំងប្រយុទ្ធសំខាន់ៗប្រមាណ៥០០នាក់របស់ក្រុមរដ្ឋឥសា្លម ដែលបានចាកចេញពីប្រទេសស៊ីរី និងអ៊ីរ៉ាក់ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃឆ្នាំ២០១៥ ហើយបានចូលទៅក្នុងប្រទេសលីប៊ីជាអ្វីមួយដែលមើលទៅហាក់ដូចជាការផ្លាស់ប្តូរទីតាំងដែលគេបានត្រៀមរៀបចំទុកជាស្រេចដូច្នោះដែរ។
មន្ត្រីបស្ចិមប្រទេសបានប៉ាន់ប្រមាណថា ក្រុមរដ្ឋឥស្លាមឥឡូវនេះអាចមានកងកម្លាំងប្រយុទ្ធច្រើនជាង៥ពាន់នាក់នៅក្នុងប្រទេសលីប៊ី៕