ក្រសួងការពារប្រទេសអាមេរិកបានឲ្យដឹងថា ការស៊ើបអង្កេតដែលត្រូវបានធ្វើឡើងក្នុងអំឡុងខែមីនាបង្ហាញថា ការវាយប្រហារផ្លូវអាកាសរបស់ក្រុមសម្ព័ន្ធមិត្តបានសម្លាប់ជនស៊ីវិលអស់ចំនួន៤៥នាក់ ភាគច្រើននៅក្នុងនិងនៅជុំវិញទីក្រុងមូស៊ុល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញកាលពីថ្ងៃអាទិត្យ ក្រសួងការពារប្រទេសអាមេរិកបាននិយាយថា ហេតុការណ៍នីមួយៗត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត ប៉ុន្តែការវាយប្រហារនេះនៅតែឆក់យកអាយុជីវិតជនស៊ីវិលដោយអចេតនា។
ក្រសួងការពារប្រទេសទទួលស្គាល់ថា ជនស៊ីវិលយ៉ាងហោចណាស់៣៦២នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់ក្រុមសម្ព័ន្ធមិត្តនៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី ចាប់តាំងពីការធ្វើយុទ្ធនាការផ្លូវអាកាសដើម្បីកម្ចាត់ក្រុមរដ្ឋឥស្លាមក្នុងឆ្នាំ២០១៤មក។ សកម្មជននិងអ្នកឃ្លាំមើលបញ្ហានេះនិយាយថា ការវាយប្រហារផ្លូវអាកាសដោយក្រុមសម្ព័ន្ធមិត្តបានសម្លាប់ជនស៊ីវិលអស់យ៉ាងហោចណាស់៣ពាន់នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី ចាប់តាំងពីពេលចាប់ផ្តើមយុទ្ធនាការមក។ នេះបើយោងតាមស្ថាប័ន Airwars។
សហរដ្ឋអាមេរិកបានធ្វើយុទ្ធនាការផ្លូវអាកាសដើម្បីកម្ចាត់ក្រុមរដ្ឋឥស្លាមកាលពីខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីក្រុមនេះបានដណ្តើមយកទីក្រុងមូស៊ុល និងប៉ែកខាងជើងនិងខាងលិចប្រទេសអ៊ីរ៉ាក់៕