អនុប្រធានាធិបតីអាមេរិក លោក Mike Pence កំពុងតែសង្កត់ធ្ងន់ទៅលើសក្តានុពលរបស់សម្ព័ន្ធមិត្តអាមេរិកជាមួយនឹងកូរ៉េខាងត្បូង ប៉ុន្មានម៉ោងបន្ទាប់ពីការសាកល្បងគ្រាប់មីស៊ីលលើកចុងក្រោយបង្អស់របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបរាជ័យ។
លោក Pence បានថ្លែងនៅក្នុងទីក្រុងសេអ៊ូលក្នុងអំឡុងពេលទទួលទានអាហារពេលល្ងាចសម្រាប់សាច់ញាតិកងកម្លាំងអាមេរិកដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូងថា «ពេលវេលាកំពុងជួបឧបសគ្គ» ប៉ុន្តែសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្ររបស់អាមេរិកជាមួយនឹងពលរដ្ឋកូរ៉េខាងត្បូងដែលក្លាហាន គឺខ្លាំងក្លាជាងពេលណាៗទាំងអស់»។
លោក Pence បាននិយាយថា «ការបង្ករឿងកាលពីព្រឹកម្សិលមិញនេះរបស់កូរ៉េខាងជើងគឺគ្រាន់តែជាការរំឭកចុងក្រោយបង្អស់អំពីហានិភ័យដែលអ្នករាល់គ្នាប្រឈមជារៀងរាល់ថ្ងៃ នៅក្នុងកិច្ចការពារសេរីភាពរបស់ពលរដ្ឋកូរ៉េខាងត្បូង និងកិច្ចការពារអាមេរិកនៅក្នុងពិភពលោកនេះ»។
កាលពីព្រឹកថ្ងៃអាទិត្យ លោកអនុប្រធានាធិបតីបានចូលរួមក្នុងពិធីបុណ្យ Easter នៅព្រះវិហារសាសនាគ្រិស្ត ជាមួយនឹងកងកម្លាំងយោធា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press បេសកកម្មរបស់លោក Pence ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងត្បូង គឺដើម្បីពន្យល់ដល់មេដឹកនាំជប៉ុន ឥណ្ឌូនេស៊ី អូស្ត្រាលី និងកូរ៉េខាងត្បូងអំពីគោលនយោបាយមួយហៅថា «សម្ពាធ និងការចូលរួមអតិបរមា» ដែលមានគោលបំណងបង្កើនសម្ពាធទៅលើរដ្ឋាភិបាលកូរ៉េខាងជើង៕