អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានថ្លែងថា មិនមានអ្វីត្រូវប្រៀបធៀបរវាងការប្រើប្រាស់គណនីអ៊ីម៉ែលឯកជនរបស់លោកកាលពីលោកជាអភិបាលរដ្ឋ Indiana ជាមួយនឹងការប្រើប្រាស់អ៊ីម៉ែលឯកជនដ៏ចម្រូងចម្រាសរបស់លោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនោះទេ។
លោក Pence បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងរដ្ឋ Wisconsin កាលពីថ្ងៃសុក្រថា បញ្ហារបស់លោកស្រី Clinton រួមមានទាំង «បណ្តាញអ៊ីម៉ែលឯកជន ការប្រើប្រាស់ព័ត៌មានសម្ងាត់ដោយឆ្គាំឆ្គង និងការលុបអ៊ីម៉ែលចោលនៅពេលដែលសភាស្នើសុំអ៊ីម៉ែលទាំងនោះ»។
កាសែត The Indianapolis Star បានរាយការណ៍ដំបូងថា ការប្រើប្រាស់អ៊ីម៉ែលឯកជនរបស់លោក Pence គឺការប្រើប្រាស់គណនីផ្ទាល់ខ្លួនរបស់លោកជាមួយនឹងក្រុមហ៊ុន AOL សាជីវកម្មដែលធ្លាប់ត្រូវបានគេស្គាល់ឈ្មោះថា America Online។ កាសែតនេះបានឲ្យដឹងថា លោក Pence បានប្រើប្រាស់អ៊ីម៉ែលឯកជនរបស់លោកដើម្បីពិភាក្សាទៅលើបញ្ហារសើបមួយចំនួនរួមមានទាំងបញ្ហាសន្តិសុខមាតុភូមិផងដែរ។
ក្រុមជំនួយការរបស់លោកអនុប្រធានាធិបតីបានច្រានចោលការប្រៀបធៀបបញ្ហាអ៊ីម៉ែលរបស់លោកជាមួយនឹងលោកស្រី Clinton។ ពួកគេថ្លែងថា ដោយសារតែវាជាការស្របច្បាប់សម្រាប់មន្ត្រីសាធារណៈនៅរដ្ឋ Indiana ក្នុងការប្រើប្រាស់គណនីអ៊ីម៉ែលផ្ទាល់ខ្លួន។ ពួកគេបន្ថែមថា ខុសពីលោកស្រី Clinton លោកអភិបាលរដ្ឋ Pence មិនកាន់ព័ត៌មានសម្ងាត់នោះទេ៕