ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​វាយ​បក​ខ្លាំងៗ​លើ​ស្ថាន​ទូត​អាមេរិក


រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ជំហរ​របស់​រដ្ឋាភិបាល​អំពី​ទំនាក់ទំនង​ខ្មែរ-ចិន រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

លោក​ឯម សុវណ្ណារ៉ា ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លើក​ឡើង​ថា​ មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​គួរ​ប្រើ​ពាក្យ​ពេចន៍​ក្នុង​នាម​ប្រទេស​មាន​អរិយធម៌ ​និង​ចៀស​វាង​ការ​ប្រើ​ពាក្យ​ពេចន៍​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។​

បន្ទាប់​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជាបង្ហោះ​សារ​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​«មិន​មាន​ភាព​សេរី ​និង​យុត្តិ​ធម៌​ និង​មិន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ»​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​តប​វិញ​នៅ​ថ្ងៃ​នេះ​ដោយ​ប្រើ​សំដី​ធ្ងន់ៗ​ទៅ​កាន់​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​ខ្លាំងៗ​នៅ​ថ្ងៃព្រហស្បតិ៍នេះ ​ដោយហៅ​មន្ត្រី​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​រាជធានីភ្នំពេញ​ថា​«ជា​មនុស្ស​ព្រៃ»​ ​ហើយបាន​បណ្តេញ​ពួក​គេ​ថា ​គួរ​តែ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​ស្ថានទូត​សហ​រដ្ឋ​អាមេរិកបានផ្សព្វ​ផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​សម្រាប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា ដោយ​រំឭកថា «រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​កត់​សម្គាល់​ខួប​មួយ​ឆ្នាំ​នៃ​ការ​បោះឆ្នោត​ជាតិ ​ដែល​មាន​កំហុស​ឆ្គង​យ៉ាង​ខ្លាំង​នៅ​កម្ពុជា។ ​ការបោះ​ឆ្នោត​នោះ​មិន​មាន​ភាព​សេរី ​និង​យុត្តិធម៌​ទេ​ ហើយ​ក៏​មិន​បាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជាដែរ»។​

លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាលឆ្លើយ​តប​វិញ​ថា ​មន្ត្រី​ស្ថានទូត​អាមេរិក​«មាន​ចរិត​ព្រៃ​ផ្សៃ»​និង​បាន​ផ្សព្វផ្សាយ​ប្រកប​ដោយ​ការ​ញុះញង់។​

«មន្រ្តី​ដែល​នៅ​ក្នុង​ស្ថានទូត​ដែល​ប្រើប្រាស់​នូវ​លក្ខណៈ​ព្រៃផ្សៃ​គួរ​តែ​បញ្ចប់។ អា​នេះ​ជា​សំណូម​ពរ​របស់​យើង។​ ដ្បិត​យើង​ជាមិត្ត​ជាមួយ​គ្នា ​ហើយ​បើ​មន្រ្តី​នោះ​មិន​ពេញ​ចិត្ត​ស្រុក​ខ្មែរ ​ វេច​បង្វិច​ចេញ​ទៅ​វិញ​ទៅ!​ យើង​អត់​ស្វាគមន៍​ទេ!»​

លោកផៃ​ ស៊ីផាន​ ថ្លែង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្តី​អំពី​«សមិទ្ធ​ផល​១​ឆ្នាំ​ក្រោយ​ការ​បោះ​ឆ្នោត»នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ឯម សុវណ្ណារ៉ា ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លើក​ឡើង​ថា​ សហ​រដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​មហា​អំណាច​មួយ​ដែល​តែង​ចេញ​សារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស ​និងលទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។ ​លោក​បន្ត​ថា ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​គួរ​ប្រើ​ពាក្យ​ពេចន៍​ក្នុង​នាម​ប្រទេស​មាន​អរិយធម៌ ​និង​ចៀស​វាង​ការ​ប្រើ​ពាក្យ​ពេចន៍​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។​

«អាជ្ញាធរ​គួរមាន​វិធានការ​មួយ​ចំនួន​ ហៅ​ទូត​អី​មក​បំភ្លឺ ​ឬ​ក៏​យ៉ាង​ម៉េច។​ ​អាហ្នឹង​ក្រប​ខណ្ឌ​យើង​ឆ្លើយ​តប​តាម​ប្រព័ន្ធ​ហ្នឹង​វា​សម​រម្យ​ហើយ។​ ក៏​ប៉ុន្តែ​ការ​ប្រើ​ពាក្យ​ពេចន៍​ជ្រុល​ពេក​ក៏​ជា​ការ​បង្ក​ហានិភ័យ​ក្នុង​ទំនាក់​ទំនង​ការទូត​ដែរ»។​

នៅ​ក្នុងការ​ផ្សាយ​លើ​ទំព័រហ្វេស​ប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃអង្គារ ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បានបន្ថែម​ថា ​ការ​បោះឆ្នោត​កាល​ពីថ្ងៃទី​២៩​កក្កដា​ឆ្នាំ​២០១៨​នៅ​កម្ពុជា​«បាន​ផាត់​ចោល​គណបក្ស​ប្រឆាំងធំ​ជាង​គេ​នៅ​កម្ពុជា ​ហើយ​វា​រឹត​តែ​ធ្វើ​ឲ្យ​បាត់​បង់​ថែម​ទៀត​នូវ​សមិទ្ធ​ផល​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ជំរុញ​ការផ្សះផ្សា​នយោបាយ​ និង​លើក​កម្ពស់​កំណើន​សេដ្ឋ​កិច្ច ​ចាប់តាំង​ពី​មាន​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​មក‍»។​

ក្នុង​នោះ​ដែរ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ក៏​បាន​អំពាវ​ឲ្យរដ្ឋាភិបាល​កម្ពុជា​«ចាត់​វិធាន​ការ​ជាក់​ស្តែង​នានា​ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​រួម​ទាំង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំងឡាយ ​ប្រឆាំង​លោក​កឹម សុខា​និង​អ្នកទោស​នយោបាយ​ដទៃ​ទៀត ​ហើយ​បញ្ចប់​ការ​អនុវត្ត​នូវ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន ​និង​ក្រោម​ហេតុ​ផល​នយោបាយ​ដែល​យាយី​ពលរដ្ឋ​របស់​ខ្លួន‍»។​

ក្រោយ​ការ​បង្ហោះ​សារ​នោះ​មួយ​ថ្ងៃ​ ក្រសួង​ការ​បរទេស​កម្ពុជា​ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ដោយ​សម្តែង​ការ​ភ្ញាក់​ផ្អើល​និង​ខកចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា​ ​ដោយ​ចាត់​ទុក​ថា ​នេះ​«ជា​ការវាយ​ប្រហារ​លើ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា»។​

ក្រសួង​ការ​បរទេស​កម្ពុជាបាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍របស់​ខ្លួនថា៖«យើង​នឹក​ស្មាន​មិនដល់​ទាល់​តែ​សោះ​ថា​ ទង្វើ​វាយ​ប្រហារ​ដ៏​គឃ្លើន​បែប​នេះ ​ដែល​រំលោភ​បំពាន​ទៅ​លើ​បទ​បញ្ញត្តិ​ទាំង​ឡាយ​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ​ និង​ក្នុង​អនុសញ្ញា​ទីក្រុង​វីយែនស្តីពី​ទំនាក់​ទំនង​ការទូត​ឆ្នាំ​១៩៦១​ ត្រូវ​បាន​បង្ក​ឡើង​ដោយ​ស្ថាន​បេសក​កម្ម​ដែល​តំណាង​ឲ្យ​ប្រទេស​ដែល​មាន​អារ្យធម៌​មួយ»។​

នៅ​ថ្ងៃ​ទី៦​ខែ​កញ្ញា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​រាជ​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នឹង​មាន​អាយុ​គ្រប់​មួយ​ឆ្នាំ​គត់។ ​គណបក្ស​នេះ​ដឹក​នាំ​ប្រទេស​ដោយ​ឯកបក្ស​ ក្រោយ​តុលាការ​កំពូលរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​២០១៧។

គណបក្ស​សង្គ្រោះ​ជាតិនិង​បណ្ដា​រដ្ឋាភិបាល​បស្ចឹមលោក​បាន​បរិហារ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៨ថា​ ​«ខ្វះ​ភាព​សេរី ​និង​មិន​យុត្តិធម៌»។ ​ប៉ុន្តែ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​ថា ​ការ​បោះ​ឆ្នោត​នោះ​ជា​ការ​បោះឆ្នោត​ដោយ​សេរី​ និង​មាន​គណបក្ស​នយោបាយ​សរុប​ចំនួន​២០​ចូលរួម​ប្រកួត​ប្រជែង៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG