នៅក្នុងសហរដ្ឋអាមេរិក សេចក្ដីសម្រេចមួយដែលធ្វើការថ្កោលទោសដល់ក្រុមពលរដ្ឋអាមេរិកាំងស្បែកសដែលគិតថាខ្លួនអស្ចារ្យជាងគេ ក្រុម neo-Nazis និងក្រុមដែលមានទស្សនៈស្អប់គុំកួនអ្នកដទៃទៀត ត្រូវបានអនុម័តដោយសភា និងចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump។ លោកប្រធានាធិបតី Donald Trump រងការរិះគន់ពាក់ព័ន្ធនឹងការឆ្លើយតបរបស់លោកចំពោះអំពើហិង្សាដែលបានផ្ទុះឡើងនៅឯការជួបជុំគ្នារបស់ក្រុមជាតិនិយមស្បែកសមួយក្រុម កាលពីខែសីហាកន្លងទៅនេះ នៅក្នុងទីក្រុង Charlottesville រដ្ឋ Virginia។
ស្ត្រីវ័យ ៣២ ឆ្នាំម្នាក់គឺអ្នកស្រី Heather Heyer បានស្លាប់ ហើយមនុស្ស ១៩ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថយន្តមួយគ្រឿងដែលគេចោទថាបានបើកដោយពលរដ្ឋស្បែកសដែលគិតថាខ្លួនអស្ចារ្យជាងគេ បានបើកបុកចូលហ្វូងមនុស្ស។ មន្ត្រីប៉ូលិសរដ្ឋពីរនាក់ដែលបានតាមដានការតវ៉ានោះ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។
ការតវ៉ាអំពីផែនការក្នុងការរុះរើរូបសំណាករបស់មេបញ្ជាការយោធាមួយរូបតំណាងឲ្យសម្ព័ន្ធភាពរបស់រដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក ដែលកាលពី ១៤០ ឆ្នាំមុន បានធ្វើការវាយប្រយុទ្ធជាមួយនឹងរដ្ឋាភិបាលសហព័ន្ធ ដើម្បីទាមទារឯករាជ្យសម្រាប់តំបន់ភាគខាងត្បូងសហរដ្ឋអាមេរិកដែលហៅថា American South បានធ្វើឲ្យមានការជជែកដេញដោលជាថ្មីឡើងវិញនៅតាមរដ្ឋជាច្រើននៅក្នុងសហរដ្ឋអាមេរិក អំពីថាតើគួរត្រូវរុះរើរូបសំណាកក្នុងសម័យសង្គ្រាមស៊ីវិលនានាចោល ឬក៏យ៉ាងណានោះ។
រូបសំណាកនៅក្នុងសម័យសង្គ្រាមស៊ីវិលទាំងនេះមួយចំនួនជានិមិត្តរូបនៃមោទនភាពរបស់ពលរដ្ឋអាមេរិកាំងមួយចំនួន និងជាផ្នែកមួយនៃប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ប៉ុន្តែចំពោះអ្នកផ្សេងទៀត រូបសំណាកទាំងនេះគឺជានិមិត្តរូបនៃការរើសអើង។
ការប្រឈមមុខនឹងការពិត
លោក Kevin Levin ដែលជាអ្នកប្រវត្តិសាស្ត្រឯករាជ្យ បានប្រាប់ VOA តាមរយៈប្រព័ន្ធ Skype ថា៖ «ខ្ញុំគិតថា មនុស្សកាន់តែច្រើនឡើងសម្លឹងមើលរូបសំណាក និងកន្លែងរំឭកវិញ្ញាណក្ខន្ធទាំងនោះ ដោយហាក់ដូចជាប្រឈមមុខនឹងការពិត ដែលពួកគេបានលះបង់ជីវិតរបស់ពួកគេ ហើយនេះហើយគឺជាការបង្កើតប្រទេសឯករាជ្យមួយដែលប្រើអំពើទាសភាព»។
លោក Ernie Williams ដែលជាពលរដ្ឋម្នាក់រស់នៅក្នុងរដ្ឋ Virginia បាននិយាយអំពីរូបសំណាកនេះយ៉ាងដូច្នេះថា៖ «មនុស្សគ្រប់គ្នាចង់ឲ្យមានការរុះរើរូបសំណាកទាំងនោះចេញ។ ខ្ញុំមិនដឹងថាហេតុអ្វីនោះទេ។ រូបសំណាកទាំងនេះមិនមែនជាការរើសអើងនោះទេ និងមិនពាក់ព័ន្ធជាមួយនឹងការរើសអើងអ្វីនោះដែរ។ វាជារឿងសង្គ្រាមស៊ីវិលឯណោះវិញទេ»។
លោក Kevin Levin បាននិយាយថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការចងចាំថា សកម្មភាពរំឭកពីប្រវត្តិសាស្ត្រតែមួយគត់ក៏ពាក់ព័ន្ធនឹងការលុបបំបាត់ចោលនូវប្រវត្តិសាស្ត្រដូច្នេះដែរ។ ហេតុដូច្នេះហើយ នៅពេលអ្នកសម្លឹងមើលទៅលើរូបសំណាកទាំងនោះ វាប្រាកដណាស់ថា រូបទាំងនោះបង្ហាញអំពីការយល់ដឹងតិចតួចបំផុតអំពីអតីតកាល ហើយនៅក្នុងករណីភាគច្រើន វាបង្ហាញពីប្រវត្តិសាស្ត្រកាលពីអតីតកាលដែលខុសពីការពិត និងបែបប្រឌិតខ្លាំង។ ប៉ុន្តែក៏មានប្រវត្តិសាស្ត្រជាច្រើនផងដែរដែលត្រូវបានលុបបំបាត់ចោលទាំងស្រុង»។
លោក Kevin Levin បានបញ្ជាក់ថា វាអាស្រ័យលើសហគមន៍នីមួយៗ ដូចជាក្រុង ឬក៏ភូមិជាដើម រួមគ្នាសម្រេចនូវអ្វីដែលពួកគេចង់ធ្វើជាមួយនឹងរូបសំណាកទាំងនេះ។
លោកបានបន្ថែមទៀតថា៖ «នៅពេលដែលរូបសំណាកទាំងនេះមានកាន់តែច្រើន ប្រហែលជានៅចន្លោះឆ្នាំ ១៨៩០ និងឆ្នាំ ១៩៤០ យើងមានការជជែកគ្នាច្រើនអំពីសហគមន៍ជនជាតិស្បែកសនៅក្នុងទីក្រុងជាច្រើននៅភាគខាងត្បូងសហរដ្ឋអាមេរិកដែលមានការពាក់ព័ន្ធតែប៉ុណ្ណោះ។ ដូច្នេះហើយ នៅក្នុងឆ្នាំ ២០១៧ នេះ វាជាការសមរម្យខ្លាំងណាស់ដែលសំណួរថាតើរូបសំណាកទាំងនេះគួរត្រូវរុះរើចេញ ឬប្តូរទីតាំងទៅកន្លែងផ្សេងនោះ ក៏គួរតែត្រូវសម្រេចដោយសហគមន៍មូលដ្ឋានផងដែរ»។
លោក Barry Proctor មេធាវីម្នាក់នៅរដ្ឋ Virginia បាននិយាយអំពីបញ្ហានេះថា៖ «អ្វីដែលខ្ញុំមិនចង់ឃើញនោះគឺប្រតិកម្មដែលធ្វើឡើងភ្លាមៗដោយមិនមានការពិចារណាចំពោះប្រធានបទមួយដែលត្រូវការពេលច្រើនដើម្បីពិភាក្សាគ្នា។ វាជាសំណួរអំពីថាតើយើងចងចាំប្រវត្តិសាស្ត្ររបស់យើង ឬក៏យើងរំឭកដល់ឫសគល់មួយដែលជាអំពើទាសភាព និងសិទ្ធិរបស់រដ្ឋមួយចំនួន ឬក៏យ៉ាងណានោះ»។
ស្របពេលដែលការជជែកដេញដោលនៅតែបន្តធ្វើឡើង អារម្មណ៍ពុះកញ្ជ្រោលមានកាន់តែខ្លាំងសម្រាប់ភាគីទាំងសងខាង។
រដ្ឋធានីវ៉ាស៊ីនតោនជាកន្លែងបណ្តុំនៃបូជនីយដ្ឋានរាប់សិបកន្លែង ដែលរំឭកដល់សង្គ្រាមដែលសហរដ្ឋអាមេរិកប្រឡូកជាមួយ និងអ្នកដែលបានប្រយុទ្ធនៅក្នុងសង្គ្រាមទាំងនោះ។ មនុស្សរាប់លាននាក់បានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននេះជារៀងរាល់ឆ្នាំ ដើម្បីទស្សនាសារមន្ទីរ និងបូជនីយដ្ឋានទាំងនេះ។ នាពេលថ្មីៗនេះ មនុស្សជាច្រើននៅតាមទីប្រជុំជនក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ចេញមតិចំពោះបញ្ហានៃការរុះរើបូជនីយដ្ឋានទាំងនេះ។
លោក Bruce Andersen បានប្រាប់ VOA ថា៖ «ជាទូទៅ ខ្ញុំគិតថា រូបសំណាកដែលតំណាងឲ្យសម្ព័ន្ធភាពនៃរដ្ឋនៅភាគខាងត្បូងសហរដ្ឋអាមេរិកកាលពីសម័យសង្គ្រាមស៊ីវិល គួរតែត្រូវដកចេញ។ ខ្ញុំគិតថា អ្នកឈ្នះសង្គ្រាមស៊ីវិលគួរតែជាអ្នកកត់ត្រាប្រវត្តិសាស្ត្រ ហើយអ្នកដែលឈ្នះសង្គ្រាមស៊ីវិលនោះ គឺរដ្ឋាភិបាលអាមេរិកទាំងមូលនេះឯង។ ដូច្នេះ ក្នុងនាមជាពលរដ្ឋអាមេរិកាំង ប្រវត្តិរបស់ទាហាននានានៃសម្ព័ន្ធភាពរបស់រដ្ឋទាំង ១១ នៅភាគខាងត្បូងសហរដ្ឋអាមេរិកកាលពីសម័យសង្គ្រាមស៊ីវិលគួរតែលុបបំបាត់ចោលនៅក្នុងប្រវត្តិសាស្ត្រ»។
លោក Thomas Arzu យល់ផ្សេងពីនេះ។ លោកបាននិយាយថា៖ «វាជាប្រវត្តិសាស្ត្រ ហើយវាត្រូវតែស្ថិតនៅក្នុងប្រវត្តិសាស្ត្រដើម្បីជាការរំឭកអំពីភាពឃោរឃៅដែលបានកើតឡើងកាលពីអតីតកាល។ ប្រសិនបើអ្នកដករូបសំណាកទាំងនោះចេញ ក្មេងជំនាន់ក្រោយនឹងមិនមានការយល់ដឹងពីអ្វីដែលរូបសំណាកទាំងនេះតំណាងឲ្យនោះទេ»។
សម្រាប់អ្នកស្រី Loretta Turner បញ្ហាមិនមែនថាតើបូជនីយដ្ឋានទាំងនោះគួរតែរក្សានៅដដែល ឬក៏គួររុះរើចេញនោះទេ ដោយអ្នកស្រីបាននិយាយថា៖ «បញ្ហាគឺអ្វីដែលធ្វើឲ្យមនុស្សមានអាកប្បកិរិយាប្រកាន់ពូជសាសន៍ ដែលធ្វើឲ្យពួកគេស្អប់អ្នកដទៃណាដែលមានទស្សនៈមិនដូចយើង។ ដូច្នេះ នៅពេលដែលយើងរកឫសគល់នេះឃើញហើយ ខ្ញុំគិតថា យើងអាចដោះស្រាយបញ្ហានេះបានដោយសារតែ ការផ្លាស់ប្តូរបូជនីយដ្ឋាន ការរើបូជនីយដ្ឋានចេញ ឬការរក្សាទុកបូជនីយដ្ឋានឲ្យនៅដដែល នឹងមិនផ្លាស់ប្តូរគំនិតរបស់មនុស្សនោះទេ»។
បូជនីយដ្ឋានអាមេរិកាំង
បើយោងតាមមជ្ឈមណ្ឌលច្បាប់ Southern Poverty Law Center ដែលតាមដានក្រុមដែលមានទស្សនៈស្អប់គុំកួននៅក្នុងសហរដ្ឋអាមេរិក ការសិក្សាមួយនាពេលថ្មីៗនេះបានបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាមេរិក មាននិមិត្តរូបរបស់សម្ព័ន្ធភាពនៃរដ្ឋភាគខាងត្បូងកាលពីសម័យសង្គ្រាមស៊ីវិលអាមេរិក ចំនួន ១ ពាន់ ៥ រយ កន្លែង ដែលក្នុងនោះមានទាំងបូជនីយដ្ឋាន និងរូបសំណាកចំនួន ៧១៨ ផងដែរ។
កាលពីសប្តាហ៍មុន ព្រះវិហារគ្រិស្តសាសនា National Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានរើបង្អួចកញ្ចក់មានស្នាមឆ្កូតចេញ។ បង្អួចនោះមានរូបរបស់លោកឧត្តមសេនីយ៍ Robert E. Lee និងលោកឧត្តមសេនីយ៍ Thomas "Stonewall" Jackson ដែលជាយោធានៃសម្ព័ន្ធភាពរបស់រដ្ឋភាគខាងត្បូងកាលពីសម័យសង្គ្រាមស៊ីវិលអាមេរិក។
លោក Randolph Hollerith បព្វជិតគ្រិស្តសាសនានៃព្រះវិហារ National Cathedral បាននិយាយថា «យើងបានផ្ដោតលើការពិតនៃបង្អួចទាំងនេះ និងធ្វើការកាន់តែខ្លាំងជាងមុនដើម្បីព្យាយាមដោះស្រាយជាមួយនឹងបញ្ហាដែលជាប់ពាក់ព័ន្ធនឹងឫសគល់នៃបូជនីយដ្ឋានទាំងនេះ ដែលនោះគឺបញ្ហានៃការរើសអើង និងអំពើទាសភាព ដែលជាការបន្សល់ទុកនៃអំពើទាសភាពនៅក្នុងប្រទេសរបស់យើង និងការផ្សះផ្សារជាតិសាសន៍»។
លោក Randolph Hollerith បានបញ្ជាក់ថា ដំណើរការនេះបានចាប់ផ្តើមកាលពី ២ ឆ្នាំមុនមកម្ល៉េះ បន្ទាប់ពីមានការសម្លាប់រង្គាលនៅឯព្រះវិហាររបស់ពលរដ្ឋអាមេរិកាំងស្បែកខ្មៅមួយកន្លែងនៅក្នុងទីក្រុង Charleston រដ្ឋ South Carolina ដែលនៅទីនោះ មនុស្ស ៩ នាក់បានស្លាប់ ដោយសារថ្វីដៃរបស់លោក Dylann Roof ដែលជាជនជាតិស្បែកសជ្រុលនិយម។
លោក Randolph Hollerith បានបន្ថែមថា៖ «ព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលថ្មីៗនេះនៅក្នុងទីក្រុង Charlottesville រដ្ឋ Virginia បានផ្លាស់ប្តូរការពិភាក្សាក្នុងកម្រិតខ្លះ ហើយយើងមិនអាចជួយអ្វីបាននោះទេ ប៉ុន្តែចង់ធ្វើការឆ្លើយតបចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងទាំងនោះផងដែរ»។
ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនបានលើកឡើងថា ការរុះរើបូជនីយដ្ឋានទាំងនោះចេញគឺប្រៀបដូចជា «ការលុបបំបាត់ប្រវត្តិសាស្ត្រចោល» អញ្ចឹងដែរ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ