ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន៖​ មេបក្ស​មិន​ជាប់​ឆ្នោត​នឹង​បាន​តំណែង​ទីប្រឹក្សា​និង​រដ្ឋលេខាធិការ


រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី​​ ហ៊ុន សែន ​ថ្លែង​មុន​នឹង​​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៨។

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​បន្ថែម​ថា​ ​លោក​នឹង​អញ្ជើញ​ប្រធាន​គណបក្ស​នយោបាយ​ទាំង​នោះ​មក​ធ្វើ​ជាទី​ប្រឹក្សា​ ​ឬ​រដ្ឋ​លេខាធិការ​នៅ​តាម​ក្រសួង​នានា​ ​ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ជាតិ​ផង​ដែរ។

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ ​ប្រកាស​បង្កើត​វេទិកា​សំណេះ​សំណាល​ក្រៅ​ផ្លូវការ​មួយ​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​ទាំង២០​ ​ដែល​ចូលរួម​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​២៩ ​ខែ​កក្កដា​កន្លង​ទៅ​ ​ដើម្បី​ប្រមូល​គំនិត​យោបល់​ពី​ថ្នាក់​ដឹកនាំ​បក្ស​នយោបាយ​ទាំង​នោះ​ ធ្វើ​ជា​ធាតុ​ផ្សំ​ក្នុង​ការ​ដឹកនាំ​ ​និង​អភិវឌ្ឍន៍​កម្ពុជា​នៅ​អាណត្តិ​ទី៦​ខាងមុខ។​

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ ​មកពី​រោងចក្រ​ ​សហគ្រាស​ចំនួន​១៧​ ​ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨​ ​លោក​ ហ៊ុន សែន​ ​ថ្លែង​ថា​ ការ​បង្កើត​វេទិកា​នេះ​ ​គឺ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​គណបក្ស​នយោបាយ​ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ ហើយ​មិន​ទទួល​បាន​អាសនៈ​ ​អាច​ចូល​រួម​កែ​លំអរ​គោល​នយោបាយ​ ​និង​ផ្តល់​ជា​គំនិត​យោបល់​ល្អៗ​សម្រាប់​ចង្អុល​បង្ហាញ​ដល់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដឹក​នាំ​ ​និង​អភិវឌ្ឍន៍​ជាតិ។ លោក​បន្ថែម​ថា​ ​ជំនួប​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​វិមាន​សន្តិភាព​ ​នៅ​មុន​ការ​បង្កើត​រដ្ឋាភិបាល​ថ្មីនា​ដើម​ខែ​កញ្ញា​ខាង​មុខ​នេះ។​

លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​កាន់​តំណែង​ជាង​ ​៣០ឆ្នាំ​បាន​បញ្ជាក់​ថា៖​

«ប្រមូល​កម្លាំង​មនុស្ស​ ​កម្លាំង​បញ្ញា​ ​និង​កម្លាំង​ទ្រព្យ​សម្បត្តិ​ ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស។​ ​ខ្ញុំ​ចង់​ប្រើ​ប្រាស់​អាណត្តិ​ទី៦​នេះ​ ​ឲ្យ​ទៅ​ជា​អាណត្តិ​នៃ​ការ​ប្រមូល​ធនធាន​ខួរ​ក្បាល​ ​ព្រោះ​នៅ​ក្នុង​ពេល​យុទ្ធនាការ​នៃ​ការ​ឃោសនា​ការ​បោះឆ្នោត​នេះ​ ​យើង​បាន​ឃើញ​មាន​សៀវភៅ​នេះ​ ​សៀវភៅ​នោះ​ ​ដែល​បាន​បោះ​ចេញ​ជា​គោល​នយោបាយ គេ​បាន​និយាយ​តាម​នេះ​ ​និយាយ​តាម​នោះ​ ​យើង​ក៏​បាន​ប្រឹង​យក​ត្រចៀក​ស្តាប់​ ​និង​ធ្វើ​ការ​ត្រិះរិះ​ពិចារណា​ទៅ​ដល់​គោល​នយោបាយ​នៃ​គណ​បក្ស​ដទៃ»។​

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​បន្ថែម​ថា​ ​លោក​នឹង​អញ្ជើញ​ប្រធាន​គណបក្ស​នយោបាយ​ទាំង​នោះ​មក​ធ្វើ​ជាទី​ប្រឹក្សា​ ​ឬ​រដ្ឋ​លេខាធិការ​នៅ​តាម​ក្រសួង​នានា​ ​ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ជាតិ​ផង​ដែរ។​

គណបក្ស​នយោបាយ​ចំនួន​២០​ ​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ ​ដោយ​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ទទួល​បាន​ការ​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូ​ទាំង​ប្រទេស​ ​កាលពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧។​ ក្រោយ​តុលា​ការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​កន្លង​ទៅ​ ​គេ​ឃើញ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​កា្លយជា​គណបក្ស​មួយ​ដែល​មិន​មាន​ដៃ​គូ​ប្រកួត​ប្រជែង​ ​និង​កំពុង​ឈាន​ទៅ​គ្រប់​គ្រង​កៅអី​រដ្ឋសភា​ទាំង​១២៥​ ​ដោយ​ឯកបក្ស។​

ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​គណ​បក្ស​នយោបាយ​ដែល​ ​VOA​ ​ទាក់​ទង​បាន​មួយ​ចំនួន​ប្រកាស​គាំទ្រ និង​មួយ​ចំនួន​ទៀត​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ថា​នឹង​ចូល​រួម ឬ​អត់​នៅ​ឡើយ។​

លោក​ ​យ៉ង សាំងកុមារ​ ​បេក្ខភាព​នាយក​រដ្ឋ​មន្រ្តីរបស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ជា​គណបក្ស​ប្រើ​ប្រាស់​គោល​នយោបាយ​បង្កើត​រួម​គ្នា​ជា​មួយ​លោក​បណ្ឌិត កែម ឡី ក្នុង​ការ​ដឹក​នាំ​គណបក្ស​ ​បាន​បង្ហោះ​វីដេអូ​មួយ​នារសៀល​នេះ​លើ​ទំព័រ​ហ្វេសប៊ុក​គណបក្ស​របស់​លោក​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គាំទ្រ​គំនិត​នៃ​ការបង្កើត​វេទិកា​សំណេះសំណាល​ជាមួយ​គណបក្ស​នយោបាយ​នេះ។​

លោក​បញ្ជា​ក់ថា៖​

«គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សូម​ស្វាគមន៍​នូវ​គំនិត​ហ្នឹង​ ​ក៏​ប៉ុន្តែ​យើង​សូម​សំណូមពរ​ឲ្យ​ការ​សន្ទនា​មតិ​រវាង​គណបក្ស​នយោបាយ​ហ្នឹង​ ​ឈរ​ទៅ​លើ​គុណ​តម្លៃ​ស្មោះ​ត្រង់​ ​និង​ចូល​រួម​ចំណែក​លើក​ស្ទួយ​នូវ​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ​ ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ​សេរីពហុ​បក្ស»។​

សម្រាប់​លោក​ ​ញ៉េប ប៊ុនជិន​ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​របស់​ព្រះ​អង្គម្ចាស់ នរោត្តម រណឬទ្ធិ​ ​លើក​ឡើង​ថា​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គាំទ្រ​ការ​រៀបចំ​វេទិកា​នេះ​ ​និង​ថា​ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​អាច​នឹង​មាន​យោបល់​សម្រាប់​ចូល​រួម​ក្នុង​វេទិកា​នោះ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖​

«ប្រសិន​បើ​បាន​ជា​អចិន្ត្រៃយ៍​រឹតតែ​ប្រសើរ។ ឧទាហរណ៍​ថា​ បី​ខែ​ម្តង ឬ​ក៏​ប្រាំ​មួយ​ខែ​ម្តង​ យើង​ជួប​ជុំ​គ្នា ឲ្យ​យោបល់​មក​តើ​វា​មាន​បញ្ហា​ស្អី​ដែល​ត្រូវ​ការ​ឲ្យ​រាជ​រដ្ឋាភិបាល ឬ​ក៏​នីតិ​បញ្ញត្តិ និង​នីតិ​ប្រតិបត្តិ​ហ្នឹង​ដើរ ​ទៅ​រក​ចំ​គោល​ដៅ​ដែល​ធ្វើ​ឲ្យ​ស្រុក​ទេស​ដើរ​ទៅ​មុខ អាហ្នឹង​ល្អ»។

ចំណែក​លោក​ ​ចិន ថុន​ ​អគ្គ​លេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិតេយ្យ​របស់​លោក​ ​ខឹម វាសនា​ ដែល​ជា​គណបក្ស​ផ្តោតលើ​គោល​នយោបាយ​ចំនួន​៨​ចំណុច​ ប្រាប់​ ​VOA​ ​ថា​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ នឹង​សម្រេច​បន្ទាប់ពី​មាន​ការ​ប្រជុំ​សម្រេច​របស់​គណបក្ស​ជា​មុន។​

លោក​បញ្ជា​ក់ថា៖​

«ព្រោះ​ថា​ យើង​មើល​សិន បើសិន​ជា​ការងារ​ហ្នឹង​យើង​ធ្វើ​ទៅ​ វា​បាន​ផល​ប្រយោជន៍​ដល់​ជាតិ​យើង​ពិត​ប្រាកដ​មែន យើង​នឹង​ចូល​រួម​ធ្វើ​តាម​ហ្នឹង​ទៅ។ ក៏​ប៉ុន្តែ​បើ​អត់ទេ​យើង​ធ្វើ​ការ​បដិសេធ​តាម​ហ្នឹង»។

លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​កាលពី​សប្តាហ៍​មុន​បាន​ប្រកាស​ថា​ ​រដ្ឋសភា​អាណត្តិ​ទី៦​ ​នឹង​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៨​ ​ចំណែក​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ នឹង​ត្រូវ​បង្កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​នោះ។​ ​លោក​ក៏​បាន​អះអាង​ថា​រាជ​រដ្ឋាភិបាល​ថ្មី​ ​និង​ក្បាល​ម៉ាស៊ីន​រដ្ឋសភា​ ​ព្រម​ទាំង​កម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី បាន​ធ្វើ​រួច​រាល់​អស់​ហើយ។​

ក្រោយ​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្ថាប័ន​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ឯករាជ្យ​ក្នុង​ប្រទេស​ផង​នោះ​ ​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​ដែល​ប្រកាន់​យក​របប​លទ្ធិ​ប្រជាធិបតេយ្យ​ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ ​ជា​បន្ត​បន្ទាប់។

សហរដ្ឋ​អាមេរិក អូស្ត្រាលី​ ​កាណាដា​ ​និង​សហភាព​អឺរ៉ុប​ជាដើម​ ​បាន​ចោទ​សួរ​អំពី​ការ​បោះ​ឆ្នោត​ដែល​បាន​កើត​មាន ជាមួយ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ី​វិល​ ​ព្រម​ទាំង​ការ​បង្ក្រាប​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​នានា នៅ​មុន​ការ​បោះ​ឆ្នោត។​

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ ​គ.ជ.ប​ ​បាន​ច្រាន​ចោល​ការ​រិះគន់​របស់​អន្តរជាតិ​ថា​ ​ការ​រិះគន់​ទាំង​នោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ និង​ថា​រដ្ឋាភិបាល​កម្ពុជា​ ​និង​ ​គ.ជ.ប​ ​បាន​អនុ​វត្ត​ទៅ​តាម​ច្បាប់ ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG