សមាជិកសភាសហរដ្ឋអាមេរិកមួយរូបជំរុញឱ្យរដ្ឋសភាកម្ពុជាទម្លាក់ចោលការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សដ៏ចម្រូងចម្រាស ដោយសមាជិកសភាសហរដ្ឋអាមេរិករូបនេះយល់ថា វិសោធនកម្មច្បាប់នេះនឹងអាចនាំឱ្យកម្ពុជាក្លាយជាប្រទេសឯកបក្ស។
ការជំរុញរបស់សមាជិកសភាសហរដ្ឋអាមេរិកនេះ ធ្វើឡើងស្របពេលដែលរដ្ឋសភាកម្ពុជាគ្រោងបើកកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនៅសប្ដាហ៍ក្រោយ។
ក្នុងកិច្ចប្រជុំសភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែកុម្ភៈ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សមាជិកសភាអាមេរិក លោក Alan Lowenthal បានលើកឡើងពីការលាលែងពីតំណែងរបស់លោក សម រង្ស៊ី ពីប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន នៅក្នុងការប្រឈមនឹងការស្នើធ្វើវិសោធនកម្មស្ដីពីគណបក្សនយោបាយ។
លោក Alan Lowenthal បន្តថា វិសោធនកម្មច្បាប់នេះអាចនឹងនាំឱ្យមានការរំលាយគណបក្សប្រឆាំង ប្រសិនបើលោក សម រង្ស៊ី បន្តធ្វើជាប្រធានបក្ស។
«ច្បាប់ស្ដីពីគណបក្សនយោបាយនេះ នឹងផ្ដល់អំណាចខ្លាំងដល់រដ្ឋាភិបាលក្នុងការផ្អាកគណបក្សនយោបាយតាមអំពើចិត្ត។ ខ្ញុំជំរុញឱ្យរដ្ឋសភាកម្ពុជា ទម្លាក់ចោលច្បាប់ដែលមិនស្របតាមលទ្ធិប្រជាធិបតេយ្យនេះ ដែលច្បាប់នេះធ្វើឲ្យកម្ពុជាក្លាយជារដ្ឋឯកបក្ស ប្រកបដោយគ្រោះថ្នាក់ ហើយខ្ញុំជំរុញឱ្យរដ្ឋសភាអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាជ្រើសរើសអ្នកដឹកនាំរបស់ពួកគេដោយសេរី»។
គម្រោងនៃការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយបានធ្វើឡើងតាមសំណើរបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦០រូប បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យធ្វើវិសោធនកម្មច្បាប់នេះ។
លោក ហ៊ុន សែន បានបញ្ជាឱ្យកំណត់ថា ប្រធានឬអនុប្រធានគណបក្ស ត្រូវតែជាជនគ្មានទោសពៃរ៍ ហើយគណបក្សនឹងត្រូវរំលាយចោល ប្រសិនបើមេដឹកនាំបក្សណាមួយប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។
គណបក្សសង្គ្រោះជាតិ បានជំទាស់នឹងការធ្វើវិសោធនកម្មនេះ និងបានស្នើឱ្យពន្យារពេលក្នុងការធ្វើវិសោធនកម្ម។
ទោះយ៉ាងណា តំណាងគណបក្សប្រជាជនកម្ពុជាចំនួន១០រូបនៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានច្រានចោលសំណើរបស់គណបក្សសង្គ្រោះជាតិនេះ និងសម្រេចបើកអង្គប្រជុំពេញអង្គវិសាមញ្ញនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីបោះឆ្នោតធ្វើវិសោធនកម្មច្បាប់នេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាកម្ពុជាច្រានចោលការលើកឡើងរបស់សមាជិកសភាអាមេរិក ។ លោកអះអាងថា វិសោធនកម្មច្បាប់នេះ មិនខុសពីគោលការណ៍ប្រជាធិបតេយ្យ ហើយមិនសំដៅលើគណបក្សណាមួយនោះទេ។
លោក ឡេង ប៉េងឡុង ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា សភាកម្ពុជានឹងបើកកិច្ចប្រជុំនៅថ្ងៃចន្ទសប្ដាហ៍ក្រោយដូចការគ្រោងទុក ទោះបីជាគណបក្សប្រឆាំងចូលរួមឬមិនចូលរួមប្រជុំក៏ដោយ។
លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជាមានសំឡេងគ្រប់គ្រាន់ក្នុងការធ្វើវិសោធនកម្មច្បាប់នេះ។
«ក្នុងលទ្ធិប្រជាធិបតេយ្យហ្នឹង អ្នកណាគេកាន់អំណាច គេមានសិទ្ធិអនុវត្តនយោបាយរបស់គេ។ ហើយអ្នកដែលធ្វើការវិនិច្ឆ័យគឺប្រជាពលរដ្ឋ អ្នកវិនិច្ឆ័យតាមវិធីប្រជាធិបតេយ្យ។ ហើយការងារនេះវាមិនមែនសំដៅលើឯកបក្សអីទេ»។
កម្ពុជាមានគណបក្សនយោបាយជាង៧០គណបក្ស ក្នុងនោះគណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានចំនួនជាង៤០។
លោក សុន ឆ័យ តំណាងរាស្ត្រ និងជាប្រធានក្រុមសភាគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា ប្រសិនបើការធ្វើវិសោធនកម្មច្បាប់គឺដើម្បីអនុវត្តជាមួយគ្រប់គណបក្សនយោបាយនោះ សភាគួរបើកការពិគ្រោះយោបល់ជាមួយគ្រប់គណបក្សនយោបាយ។
លោក សុន ឆ័យ បន្តថា កន្លងទៅសហគមន៍អឺរ៉ុបក៏ធ្លាប់បានសម្ដែងការព្រួយបារម្ភពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនេះផងដែរ។
លោកបន្តថា កម្ពុជាគួរស្ដាប់មតិយោបល់ពីប្រទេសដែលមានពិសោធន៍ក្នុងការអនុវត្តប្រជាធិបតេយ្យដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប។
«គណបក្សសង្គ្រោះជាតិក៏យល់ស្របតាមមតិយោបល់អ្នកជំនាញ អ្នកដែលមានយោបល់កន្លងទៅទាំងសហគមន៍អន្តរជាតិដែលថាច្បាប់នេះមិនល្អ ហើយច្បាប់នេះមានបំណងបង្កការលំបាកទៅដល់លទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការប្រកួតប្រជែងដោយស្មើមុខក្នុងការបោះឆ្នោត។ ដូច្នេះ ខ្ញុំយល់ថាវាមិនចាំបាច់មានច្បាប់នេះ ហើយយើងយល់ថាគណបក្សកាន់អំណាចគួរពិចារណាឡើងវិញ»។
ច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានអនុម័តឱ្យប្រើប្រាស់កាលពីឆ្នាំ១៩៩៧នោះ មាន១១ជំពូកនិង៤៨មាត្រា។ តំណាងរាស្ត្រគណបក្សកាន់អំណាច បានស្នើឱ្យធ្វើវិសោធនកម្មច្បាប់នេះ ដោយស្នើឱ្យកែមាត្រាចំនួន២៣មាត្រា ហើយបន្ថែមមាត្រាចំនួន៥ទៀត។
បើតាមលោក សុន ឆ័យ គណបក្សសង្គ្រោះជាតិ នឹងបើកកិច្ចប្រជុំនៅថ្ងៃអាទិត្យដើម្បីពិនិត្យមើលសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា និងសម្រេចថានឹងត្រូវចូលរួមកិច្ចប្រជុំនៅថ្ងៃចន្ទឬយ៉ាងណា៕