ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​សម្រេច​បញ្ជូន​វិសោធនកម្ម​ច្បាប់​គណបក្ស​ទៅ​គណៈកម្មាធិការ​នីតិកម្ម


លោក ឈាង វុន អ្នក​នាំពាក្យ​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក យ៉ែម បុញ្ញឬទ្ធិ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចេញ​ពី​​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ នៅ​រដ្ឋសភា​ នាព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​នេះ​ត្រូវ​បាន​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​ចំនួន​៦០​រូប​ស្នើ​ទៅ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​សុក្រ​​នេះ​ ហើយ​ត្រូវ​បាន​​​​រដ្ឋសភា​​សម្រេច​បញ្ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ ឲ្យ​បើកកិច្ច​​ប្រជុំ​ភ្លាមៗ​ ដោយ​មិន​មាន​ការ​ចូល​រួម​​ពិគ្រោះ​យោបល់​ពី​គណបក្ស​នយោបាយ​ជាង​៤០​ផ្សេង​ទៀត​នោះ​ទេ។​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​បាន​សម្រេច​បញ្ជូន​សេចក្តី​ស្នើ​ធ្វើ​វិសោធន​កម្មច្បាប់ស្តីពី​គណបក្ស​នយោបាយ ​ដែល​ស្នើ​ដោយ​ក្រុមតំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​គណៈ​កម្មាធិការ​នីតិកម្ម​ ​ទោះជា​មាន​ភាពចម្រូង​ចម្រាស​ក៏ដោយ។ ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍លើ​សេចក្តី​ស្នើ​នេះ​ ក្រុម​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រឆាំង ​ហើយ​ស្នើឲ្យ​រដ្ឋ​សភា​ពន្យារ​ពេល​រហូតដល់​មាន​ការ​ចូលរួម​ពិភាក្សា​ពី​ភាគី​ពាក់​ព័ន្ធ។​

សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​នេះ​ត្រូវ​បាន​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​ចំនួន​៦០​រូប​ស្នើ​ទៅ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​សុក្រនេះ​ ហើយ​ត្រូវ​បានរដ្ឋសភាសម្រេច​បញ្ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ ឲ្យ​បើកកិច្ចប្រជុំ​ភ្លាមៗ​ ដោយ​មិន​មាន​ការ​ចូល​រួមពិគ្រោះ​យោបល់​ពី​គណបក្ស​នយោបាយ​ជាង​៤០​ផ្សេង​ទៀត​នោះ​ទេ។​

ការ​ធ្វើ​ និង​ការ​បញ្ជូន​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ទៅ​រដ្ឋសភា​ដើម្បី​កោះ​ប្រជុំ​ភ្លាមៗ​នេះ​ធ្វើ​ឡើង បន្ទាប់​ពីលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កាលពី​ដើម​ខែ​កុម្ភៈ ​បាន​បញ្ជា​ឲ្យ​អ្នក​ក្រោម​ឱវាទ​របស់​លោក​សរសេរ​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។​ លោក​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​កំណត់​ថា ​ប្រធាន ឬ​អនុប្រធាន​គណបក្សត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍​ ហើយ​គណបក្ស​នឹង​ត្រូវ​រំលាយ​ចោល​ ​ប្រសិន​បើ​មេដឹក​នាំបក្ស​ណា​មួយ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ។​

លោក​យ៉ែម បុញ្ញឫទ្ធិ ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ចេញ​ពីកិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នោះ​ថា ​គណបក្ស​សង្គ្រោះជាតិ​មិនគាំទ្រ​លើ​សេចក្តី​ស្នើ​ច្បាប់​នេះ​ទេ។ ​លោក​បន្តថា ​វិសោធនកម្ម​នេះ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ជាច្រើន​ទៀត ដែល​ចាំ​បាច់​ត្រូវ​តែ​មាន​វត្តមាន​ក្នុង​ការ​ជជែក​ពិភាក្សា​អំពី​សេចក្តី​ស្នើ​នេះ។​

លោក​បញ្ជាក់​ថា៖​ «រហូត​ដល់​ពេល​នេះ​ ភាគី​ពាក់ព័ន្ធ​ពុំទាន់​ត្រូវ​បាន​ចូល​រួម​ជជែក​ពិភាក្សា​ជា​ចំហ​ ហើយជា​សាធារណៈ​ទេ»។​

លោក​យ៉ែម បុញ្ញឫទ្ធិ​បាន​បន្ថែម​ថា ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោតបាន​ចែង​ថា​ ទណ្ឌិត​មិន​អាច​ឈរ​ឈ្មោះ​ជា​អ្នក​នយោបាយ​រួច​ទៅ​ហើយ។​ ដូច្នេះ​លោក​ថា ​មិន​ចាំបាច់​មាន​ការ​រឹតត្បិត​សេរីភាព​របស់​មេដឹកនាំ​គណបក្ស​ដោយ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នោះ​ទេ។​

លោក​ឈាង វុន​ អ្នក​នាំ​ពាក្យ​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា សភាព​ការណ៍​នយោបាយនា​ពេល​បច្ចុប្បន្ន​ត្រូវ​ការ​ច្បាប់​នេះជា​បន្ទាន់ ​ដូច្នេះសំណើ​សុំ​ធ្វើ​វិ​សោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មិន​អាច​ត្រូវ​បាន​ពន្យារពេល​នោះ​ទេ។​ លោក​បន្ថែម​ថា ​គណបក្ស​កាន់​អំណាច​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​រដ្ឋ​សភា​សម្រាប់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ណាមួយ​ ដោយ​មិន​ចាំបាច់​មាន​ភាគី​ពាក់ព័ន្ធផ្សេងចូលរួម​ពិភាក្សា​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«គេ​ធ្វើ​គណបក្ស​ឈ្នះ​ឆ្នោត​គេ​ធ្វើ​អីចឹង។ ​គេ​ដឹង​ថា ​គេ​មាន​សំឡេង​អាចអនុម័តច្បាប់​បាន។​ ហើយ​ការណ៍​ពិត​រឿង​ថា​ ​គាត់​ចង់​មក​ខ្ទប់​គណបក្ស​ប្រជាជនកម្ពុជា​ ខ្ទប់​មិន​ជាប់​ទេ ​ព្រោះ​លទ្ធិ​ប្រជា​ធិបតេយ្យ​បើក​ចំហឲ្យ​យើង​បោះ​៥០%​បូក​មួយ។ ​យើង​មាន​៦៨​កៅអី។​ យើង​អាច​ធ្វើ​បាន​ទៅ​តាម​ច្បាប់​របស់​យើង​ ជា​ពិសេស​បទ​បញ្ជា​ផ្ទៃ​ក្នុង ​ហើយ​នឹង​រដ្ឋ​ធម្មនុញ្ញ»។​

លោក​ឈាង វុន​បន្ថែម​ថា ​ការ​ស្នើ​ធ្វើ​វិសោធន​កម្ម​ស្តីពី​គណបក្ស​នយោបាយ​នេះ​មិនមែន​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ​ឬ​គណបក្ស​ណាមួយ​នោះ​ឡើយ។​

ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​កាល​ពីឆ្នាំ​១៩៩៧​នោះ​ មាន​១១​ជំពូក ​និង​៤៨​មាត្រា។ ​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​បាន​ស្នើ​ឲ្យ​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ​ ដោយ​ស្នើ​ឲ្យ​កែ​មាត្រា​ចំនួន​២៣​មាត្រា ​ហើយ​បន្ថែម​មាត្រា​ចំនួន​៥​ទៀត។​

កម្ពុជា​មាន​គណបក្ស​នយោបាយ​ចំនួន​ជាង​៧០​គណបក្ស​ ក្នុង​នោះ​គណបក្ស​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​មាន​ចំនួន​ជាង​៤០។​

លោក​សួន សេរីរដ្ឋា ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ​បាន​ប្រាប់ ​VOA ​ថា ​ការណ៍​ដែល​គណបក្ស​កាន់​អំណាច​កែប្រែ ​ឬ​អនុម័ត​ច្បាប់​ណាមួយ​តាម​តែ​ការ​បញ្ជា ​ឬការ​ចង់​បាន​របស់​អ្នក​កាន់​អំណាច​នោះ​ ​នឹង​ធ្វើ​ឲ្យប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។​

លោក​បញ្ជាក់​ថា៖​ «ច្បាប់​នេះ​គឺ​វា​អត់​ឆ្លើយតប​ទៅ​ហ្នឹង​ការ​ចាំបាច់​របស់​សង្គម​ខ្មែរ​បច្ចុប្បន្ន​ទេ ​ហើយ​ខ្ញុំ​អត់​គាំទ្រ​ទេ។ ​ច្បាប់​នេះ​គឺធ្វើ​ឡើង​ ​បើសិនជារដ្ឋសភា​ហ្នឹង​នាំ​គ្នា​បញ្ជូន​ទៅ​ឲ្យសភា​ពេញ​អង្គ​អនុម័ត​គឺ​មាន​ន័យ​ថា ​ច្បាប់​នេះ​បាន​រំលោភ​ទៅសិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរនៅ​ប្រទេស​ខ្មែរពេញ​ទី​តែ​ម្តង»។​

លោក​សួន សេរីរដ្ឋា​បន្ថែម​ថា​ លោក​ចង់​ឲ្យ​មាន​តំណាង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ជា​ពិសេស​គណបក្ស​នយោបាយ ​និង​ប្រជាពលរដ្ឋ ​ចូល​រួម​ពិភាក្សា​ និង​ផ្តល់​យោបល់​ក្នុង​ការ​បង្កើត​ ឬ​ការ​កែប្រែ​ច្បាប់​ណាមួយ​ដើម្បី​ឲ្យ​ច្បាប់​នោះ​អាចបម្រើ​ផល​ប្រយោជន៍​ជាទូទៅ​សម្រាប់​ជាតិ។​

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​យល់​ថា ​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ឲ្យ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ដែល​មាន​គោល​ដៅ​បំបិទ​សិទ្ធិ​សេរីភាព​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នោះ​ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ ​និង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ។​

ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​នាព្រឹក​នេះ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ប្រគល់​ខ្លឹមសារ​នៃ​សេចក្តី​ស្នើច្បាប់​នេះទៅ​គណៈកម្មការ​ជំនាញ​ទី​៦ ​ដែល​ទទួល​បន្ទុក​ផ្នែក​នីតិកម្ម ​និង​យុត្តិធម៌ ​ដើម្បី​សិក្សា​លម្អិត​ជា​បន្ត៕

XS
SM
MD
LG