ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​របស់​លោក George Floyd ទាមទារ​យុត្តិធម៌


រូបឯកសារ៖ អ្នកស្រី Roxie Washington ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសាលាក្រុង Minneapolis រដ្ឋមីនីសូតា ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។

កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ អ្នកស្រី Roxie Washington ភរិយា​របស់​លោក George Floyd បាន​ព្យាយាម​ទប់​ទឹកភ្នែក​ នៅ​ពេល​អ្នកស្រី​រៀបរាប់​ពី​អារម្មណ៍​របស់​អ្នក​ស្រី ចំពោះ​ស្វាមី​របស់​អ្នក​ស្រី ដែល​អ្នកស្រី​ថា ជា​មេគ្រួសារ និង​ឪពុក​ដ៏​ល្អ​មួយ​រូប។

លោក Floyd ដែល​ជា​បុរស​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក បាន​ស្លាប់​កាលពី​ថ្ងៃទី ២៥ ខែ ឧសភា បន្ទាប់​ពី​លោក​ត្រូវបាន​ឃាត់​ខ្លួន​នៅ​ទីក្រុង Minneapolis ពី​បទសង្ស័យ​ប្រើ​ក្រដាស​ប្រាក់​ក្លែងក្លាយ។

ក្នុង​ហេតុការណ៍​ឃាត់​ខ្លួន​លោក Floyd គេ​ឃើញ​ថា មន្ត្រី​ប៉ូលិស​ស្បែក​ស​ម្នាក់ បាន​ប្រើ​ជង្គង់​សង្កត់​លើ​ក​របស់​លោក ខណៈ​ដៃ​របស់​លោក​ត្រូវបាន​ជាប់​ខ្នោះ​ពី​ក្រោយ​ខ្នង អស់រយៈពេល​ជាង​៨នាទី។

ការ​ស្លាប់​របស់​លោក Floyd បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បាអំពី​ការ​រើស​អើង​ជាតិសាសន៍ និង​អំពើ​ឃោរឃៅ​របស់​ប៉ូលិស នៅ​ទូទាំង​សហរដ្ឋ​អាមេរិក និង​នៅ​តាម​ទីក្រុង​ធំៗ​ខ្លះ​នៅ​ទ្វីប​អឺរ៉ុប។

កូន​ស្រី​របស់​លោក Floyd ឈ្មោះ Gianna អាយុ ៦ ឆ្នាំ បាន​ឈរ​នៅ​ក្បែរ​ម្តាយ​របស់​នាង នៅ​ពេល​ដែល​អ្នកស្រី Roxie Washington ត្រូវបាន​អ្នក​សារព័ត៌មាន​សួរ​នាំ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សាលាក្រុង Minneapolis កាលពី​ថ្ងៃ​អង្គារ។

អ្នកស្រី Roxie Washington បានថ្លែង​ថា៖ «ខ្ញុំ​ចង់​បាន​យុត្តិធម៌​ដល់​ប្តីខ្ញុំ ពីព្រោះ​គាត់​ជា​មនុស្ស​ល្អ។ ប្តី​ខ្ញុំ​ស្រឡាញ់​កូនស្រី​យើង (Gianna) ខ្លាំង​ណាស់»។

សាកសព​របស់​លោក Floyd ត្រូវ​បាន​ធ្វើ​កោសល​វិច័យ​ពីរ​លើក។ លទ្ធផល​ទាំង​ពីរ​សន្មត់​ថា លោក Floyd គឺជា​ជន​រងគ្រោះ​នៃ​អំពើ​មនុស្ស​ឃាត។

ការ​ធ្វើ​កោសលវិច័យ​ដោយ​សង្កាត់ Hennepin នៅ​រដ្ឋ Minnesota ត្រូវ​បាន​អ្នក​ជំនាញ​ពេទ្យ​សន្មត់​ថា លោក Floyd បាន​ស្លាប់ ដោយសារ​ការ​សង្កត់​ជង្គង់​របស់​មន្ត្រី​ប៉ូលិស​លើ​ក​របស់​លោក​ បាន​រារាំង​មិន​ឲ្យ​ឈាម​រត់​ទៅ​សួត និង​ខួរក្បាល​របស់​លោក។ ប៉ុន្តែ របាយការណ៍​វិនិច្ឆ័យ​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក Floyd ក៏​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដែរ។

គ្រួសារ​របស់​លោក Floyd ដែល​មាន​មេធាវី​ការពារ​ជា​អ្នក​ធ្វើ​កោសលវិច័យ​ខ្លួន​ឯង បាន​បដិសេធ​លើ​របាយការណ៍​ដែល​ថា លោក Floyd មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG