ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខួប​ទី២៩​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ត្រូវ​បាន​ប្រារព្ធ​ដោយ​បាតុកម្ម​ប្រឆាំង​ចិន


តំណាង​បាតុករ​អាន​ញត្តិ​តវ៉ា​នៅ​ខាងមុខ​ស្ថានទូតចិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ម៉ែន គឹមសេង/វីអូអេ)
តំណាង​បាតុករ​អាន​ញត្តិ​តវ៉ា​នៅ​ខាងមុខ​ស្ថានទូតចិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ (ម៉ែន គឹមសេង/វីអូអេ)

ខួប​លើក​ទី២៩​នៃ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​សន្តិភាពទីក្រុង​ប៉ារីស​នៅឆ្នាំ​នេះ​ ត្រូវ​បានប្រារព្ធ​ឡើង​ក្រោម​ការព្រួយបារម្ភ​កាន់តែកើន​ឡើង​នឹង​វត្តមាន​ និង​ឥទ្ធិពល​ចិន​នៅ​កម្ពុជា។

ក្រុម​អ្នកតវ៉ា​ខ្មែរ-​អាមេរិកាំង បាន​ជ្រើសរើស​យក​ទិវា​ប្រវត្តិសាស្ត្រ​នេះ ​ធ្វើបាតុកម្ម​នៅ​តាម​រដ្ឋ​មួយ​ចំនួនដើម្បី​ប្រឆាំង​នឹង​ការចូលពាក់​ព័ន្ធ​នៃក្រុម​យោធា​ចិន​កាន់តែធំឡើងៗ​ ដែល​អាចនឹង​ប្រែក្លាយ​តំបន់​សមុទ្រ​កម្ពុជា​ដែល​មាន​ដូចជា​កំពង់ផែរាម​នៃ​ខេត្ត​ព្រះសីហនុ​ និង​ស្រុក​បុទុមសាគរ​នៃ​ខេត្ត​កោះកុង​ជាមូលដ្ឋាន​កងទ័ព​ចិន។

អ្នកស្រី លឹម ពិសិដ្ឋ​ អ្នករៀបចំ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​ចិន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃសុក្រ ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«សាធារណរដ្ឋ​ចិន​ គឺជា​ចំណែក​មួយ​នៃ​ប្រទេស​ហត្ថលេខី​ថ្ងៃទី​២៣ ​តុលា ​ឆ្នាំ១៩៩១​ប៉ុន្តែ​នៅពេល​នេះ​ ចិន​បាន​រំលោភ​សន្ធិសញ្ញា​ដែល​បាន​ចុះហត្ថលេខា​ហ្នឹង។ អីចឹង​បងប្អូន​សមាគម​ខ្មែរ​ទាំងអស់​ហ្នឹង​គាត់​អត់​សុខចិត្ត​ទេ។ ទី១ ​គាត់​មក​ប្រារព្ធ​ខួប​លើក​ទី​២៩​ផង​ ទី២​ គាត់​ទាមទារ​មិន​ឲ្យ​មាន​យោធា​ចិន​ ឬ​ក៏​ទីតាំង​កងទ័ព​ចិន​នៅ​ក្នុង​កម្ពុជា»។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​បាន​ចុះហត្ថលេខា​ដោយ​ភាគី​ជម្លោះ​កម្ពុជា​ទាំង​បួន​ និង​ធ្វើ​ជា​សាក្សី​ដោយ​ប្រទេស​ចំនួន​១៨​ផ្សេង​ទៀត ​ក្នុង​នោះ​មាន​ចិន​ផង​ដែរ​ មាន​គោលបំណង​បញ្ចប់​សង្គ្រាម​ស៊ីវិល​ រក្សា​អធិបតេយ្យភាព ​បញ្ចប់​វត្តមាន​កងទ័ព​បរទេស​លើ​ទឹកដី​កម្ពុជា​ និង​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិមនុស្ស​ជាដើម។

អ្នកស្រី​ គឹម ដាឡុង​ បាតុករ​មកពីរដ្ឋ​ South Carolina ​បាន​បញ្ជាក់ថា​៖

«ចិន​មិន​ដែល​ល្អ​សម្រាប់​ជនជាតិ​ខ្មែរ​យើង​ទេ។ រាល់ពេល​ដែល​មាន​វត្តមាន​ចិន​នៅ​ស្រុក​ខ្មែរ​យើង ​ធ្វើ​ឲ្យ​កូន​ខ្មែរ​យើង ​ប្រជាជន​ខ្មែរ​យើង​ទឹកភ្នែក ​មក​ស្រុក​ខ្មែរ​យើង​ប្លន់​ដី​ ប្លន់​អ្វីៗ​សព្វបែប​យ៉ាង​ពី​ស្រុក​ខ្មែរ​ ដូច្នេះ​យើង​អត់​ត្រូវការ​ចិន​ចូល​មក​ស្រុក​ខ្មែរ​ទេ»។

បាតុកម្ម​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការតវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ដែល​នៅជុំវិញ​ពិភពលោក​ដែល​ទាមទារ​ឲ្យ​ប្រទេស​ចិន ​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ថ្លែង​ប្រាប់​បាតុករ​អំពី​ការរំលោភ​កិច្ចព្រមព្រៀង​ដោយ​ភាគី​ចិន។ (ម៉ែន គឹមសេង/វីអូអេ)
លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ថ្លែង​ប្រាប់​បាតុករ​អំពី​ការរំលោភ​កិច្ចព្រមព្រៀង​ដោយ​ភាគី​ចិន។ (ម៉ែន គឹមសេង/វីអូអេ)

លោក អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចូលរួម​បាតុកម្ម​នោះ​បាន​បញ្ជាក់​ថា៖

«រយៈ​ពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ខ្ញុំ​ឃើញ​ប្រទេស​ចិន ​គឺ​ប្រើប្រាស់​ឱកាស​ដែល​មេដឹកនាំ​កម្ពុជា​ដែល​មេដឹកនាំ​កម្ពុជា​ គឺ​លោក ហ៊ុន សែន​ ដែល​គាត់​ការពារ​អំណាច​ហ្នឹង​ គឺ​ប្រទេស​ចិន​បាន​យក​ឱកាស​ហ្នឹង​យក​កម្ពុជា​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ខ្លួនឯង​វាតទី​និយម។ នេះ​ ជា​ចំណុច​ដែល​ជា​ការរំលោភ​លើ​សន្តិភាព​ទីក្រុង​ប៉ារីស​ ប៉ុន្តែ​មុន​ឆ្នាំ​២០០០​ យើង​ឃើញ​ថា ​ប្រទេស​ចិន​ មាន​គោលការណ៍​គោរព​ស្មារតី​ទីក្រុង​ប៉ារីស។ ប៉ុន្តែ​ជិត​១០​ឆ្នាំ​ចុងក្រោយ​នេះ ​គឺ​ចិន​លែង​គោរព​លែង​រវីរវល់​គិតតែ​ពី​រឿង​បំពេញ​មហិច្ឆតា​វាតទី​របស់​ខ្លួន»។

បាតុកម្ម​នៅទីក្រុង​ប៉ារីស ​ប្រទេស​បារាំង​ បាន​ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​លោក ​សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែការតវ៉ា​នៅ​កម្ពុជា​ ត្រូវ​បាន​អាជ្ញាធរ​បំបែក​ភ្លាមៗ​នៅពេល​ដែល​ក្រុម​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​តូច​បាន​ខិតខំ​ប្រមូល​កម្លាំង​ជួបជុំ​នៅ​ពី​ខាងមុខ​ស្ថានទូត​ចិន។ មាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​យ៉ាង​ហោច​ណាស់​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

សមត្ថកិច្ចឃាត់ខ្លួនបាតុករ ដែលបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិន​ក្នុងខួបទី២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងឥទ្ធិពលចិននៅកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក)
សមត្ថកិច្ចឃាត់ខ្លួនបាតុករ ដែលបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិន​ក្នុងខួបទី២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងឥទ្ធិពលចិននៅកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក)

លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ព្រមាន​មិន​ឲ្យ​តវ៉ា​ប្រឆាំង​នឹង​ចិន​ទេ​ ដោយ​លោក​លើក​ហេតុផល​ថា ​ប្រទេស​ជាតិ​កំពុង​ជួប​គ្រោះ​មហន្តរាយ​ទឹកជំនន់​ដែល​បាន​ជន់លិច​ខេត្ត​ជាច្រើន​របស់​កម្ពុជា ​និងជំងឺ​កូវីដ​១៩។

រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ ក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)
រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ ក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)

ការព្រួយបារម្ភ​របស់​ពលរដ្ឋ​និង​អ្នកនយោបាយ​គណបក្ស​ប្រឆាំង កាន់តែ​មាន​មូលដ្ឋាន​រឹងមាំ​ ក្រោយពី​មាន​សេចក្តី​រាយការណ៍​នានា​ពី​ការពង្រីក​វត្តមាន​យោធា​ចិន​នៅក្នុង​តំបន់​តាម​រយៈ​គម្រោង​នានា​ដែល​ជ្រកក្រោម​ស្លាក​អភិវឌ្ឍន៍​ និង​ជាពិសេសនៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ បាន​វាយកម្ទេចចោល​អគារ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​មូលដ្ឋាន​ទ័ពជើង​ទឹករាម​ដែល​ទើប​សាងសង់​ឡើង​កាលពី​ឆ្នាំ​២០១២​ដើម្បី​ជានិម្មិតរូប​នៃ​ទំនាក់​ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ។ ការណ៍​នោះ​នាំ​ឲ្យ​សហរដ្ឋ​អាមេរិក​ខកចិត្ត​ និង​បារម្ភ​ថា ​វាទំនង​ជា​មាន​ការ​ចង​ភ្ជាប់​ទៅនឹង​ផែនការ​ផ្តល់​ឲ្យ​ចិន​ដាក់​សម្ភារៈ​យោធា ​និង​កងទ័ព​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម។​

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​លោក​ Chad Roedemeier​បាន​បញ្ជាក់​ប្រាប់​វីអូអេ​កាលពី​ដើម​ខែ​តុលា​ថា៖

«វត្តមាន​បែប​នេះ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​មក​លើ​ទំនាក់​ទំនង​ទ្វេ​ភាគី​សហ​រដ្ឋ​អាមេរិក​កម្ពុជា​ ហើយ​វា​មាន​ការ​រំខាន​ និង​អាច​បង្ក​ឲ្យ​មាន​អស្ថិរភាព​ទៅ​ដល់​តំបន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក»។​

​លោក​នាយក​រដ្ឋមន្តី្រ ​ហ៊ុន សែន អះអាង​ថា​ មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ប្រទេស​ចិន​ប្រើប្រាស់​ផ្តាច់​មុខ​នោះ​ទេ គឺកម្ពុជា​ស្វាគមន៍ប្រទេសដទៃ​ដែល​សុំ​ការ​អនុញ្ញាត​ មក​ចូល​ចត​ ចាក់​ប្រេង​ ឬ​ឡើង​គោក​ដើម្បី​សមយុទ្ធ​ជាមួយ​នឹង​កម្ពុជា​ ឬ​ធ្វើ​កិច្ច​ការ​អ្វី​មួយ​ជាមួយ​នឹង​កម្ពុជា​។​

ការព្រួយបារម្ភ​នឹង​ឥទ្ធិពល​របស់​ចិន​ទាំង​យោធា​ និង​នយោបាយគឺបន្ថែម​ទៅ​នឹង​បញ្ហា​ដែល​មាន​ស្រាប់​ និង​កំពុង​តែ​គ្រប់ដណ្តប់​លើ​នយោបាយ​ប្រទេស​កម្ពុជា​ដែលមាន​ដូច​ជា​ការរំលោភ​សិទ្ធិ​នយោបាយ ​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ដីធ្លី​ជាដើម។

អ្នកស្រី ទេព វន្នី អតីត​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ថ្លែង​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​ដោយ​ក្រុមហ៊ុន​ចិន។ (ម៉ែន គឹមសេង/វីអូអេ)
អ្នកស្រី ទេព វន្នី អតីត​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ថ្លែង​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​ដោយ​ក្រុមហ៊ុន​ចិន។ (ម៉ែន គឹមសេង/វីអូអេ)

អ្នកស្រី ទេព វន្នី ​អតីត​ជនរងគ្រោះ​ដោយសារ​ការអភិវឌ្ឍន៍នៅ​តំបន់​បឹងកក់​រាជធានី​ភ្នំពេញ​បាន​ថ្លែងពីស្ថានភាព​នៅ​កម្ពុជា​ថា៖

«ក្នុង​នាម​នាង​ខ្ញុំ​ជាអ្នក​រងគ្រោះ​នៅ​សហគមន៍​បឹងកក់ ​និង​ជា​អតីត​តំណាង​សហគមន៍​១រូប​ដែរ​ ហើយ​នាង​ខ្ញុំ​ធ្លាប់​រស់​ឆ្លង​កាត់​របប​ផ្តាច់ការ​របស់​លោក ​ហ៊ុន សែន ​នេះ​ គឺ​នាង​ខ្ញុំ​មាន​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចិន​ជាច្រើន​ដែល​ក្រុមហ៊ុន​ចិន​១​នេះ ​ធ្វើការ​សហការ​ជាមួយ​រដ្ឋាភិបាល​ផ្តាច់ការ​ គឺថា​គាត់​មិន​បាន​គោរព​នូវ​សិទ្ធិមនុស្ស​ទេ»។

គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស​ធ្វើ​អន្តរាគមន៍​ផង​ដែរ។

លោក​ Julian Hill ​អ្នកតំណាងរាស្ត្រ​អូស្ត្រាលី​ប្រចាំ​មណ្ឌល​ Bruce បាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​អូស្ត្រាលីចូលរួម​ដោះស្រាយ​ការរំលោភ​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ក្នុងនាម​ជា​ប្រទេស​ហត្ថលេខី​មួយ។ ​

លោក ឱក សេរីសោភក្តិ៍​ អ្នកឯកទេស​ខាងផ្នែក​អភិបាលកិច្ច​ល្អ ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ និង​ភាគី​ពាក់​ព័ន្ធ​នានា​ចាត់​ទុក​ថា​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ គឺជា​យន្តកា​ការពារ​មួយ​ដល់​អធិបតេយ្យភាព​កម្ពុជា​ និង​ត្រូវស្វែង​រក​ដំណោះស្រាយ​នយោបាយ​ឲ្យ​បាន​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ។

ទំនាក់​ទំនង​រវាង​ចិន ​និង​កម្ពុជា​ បាន​ឈាន​មក​ដល់​កម្រិត​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ដែល​បន្តិចម្តងៗឈាន​មក​ជំនួស​ឥទ្ធិពល​បស្ចិម​ប្រទេស​ដែល​បាន​ជួយជ្រោមជ្រែង​និង​ស្តារ​និ​ង​អភិវឌ្ឍន៍​កម្ពុជា​នៅ​ក្រោយ​ពី​កិច្ចព្រមព្រៀង​ បាន​ចូលជា​ធរមាន។ បច្ចុប្បន្នកម្ពុជា គឺជាសម្ព័ន្ធ​មិត្ត​ដ៏​ស្និទ្ធ​បំផុត​របស់​ចិន​នៅ​សហគមន៍​អាស៊ាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG