ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាឡេស្ទីន​សន្យា​ថា​នឹង​ផ្អាក​ទំនាក់ទំនង​ទាំង​អស់​បើសិន​អាមេរិក​បិទ​ការិយាល័យ​ការទូត​របស់​ខ្លួន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន


រូបភាព​ឯកសារ៖ បាតុករ​ម្នាក់​ជាមួយ​នឹង​ទង់ជាតិ​អាមេរិក​និង​ទង់ជាតិ​ប៉ាឡេស្ទីន​បាតុកម្ម​យ៉ាងស្ងៀមស្ងាត់​នៅ​ខាងក្រៅ​សន្និសីទ​នយោបាយរបស់គណកម្មាធិការ​កិច្ចការសាធារណអ៊ីស្រាអែល​អាមេរិកក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​១ មិនា ២០១៥។
រូបភាព​ឯកសារ៖ បាតុករ​ម្នាក់​ជាមួយ​នឹង​ទង់ជាតិ​អាមេរិក​និង​ទង់ជាតិ​ប៉ាឡេស្ទីន​បាតុកម្ម​យ៉ាងស្ងៀមស្ងាត់​នៅ​ខាងក្រៅ​សន្និសីទ​នយោបាយរបស់គណកម្មាធិការ​កិច្ចការសាធារណអ៊ីស្រាអែល​អាមេរិកក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​១ មិនា ២០១៥។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ប៉ាឡេស្ទីន​បាន​គំរាម​ផ្អាក​រាល់​ទំនាក់ទំនង​ទាំង​អស់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ប្រសិន​បើ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump ធ្វើ​តាម​គម្រោង​ដែល​ចង់​បិទ​ការិយាល័យ​ការទូត​របស់​ប៉ាឡេស្ទីន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ការ​កាត់​ផ្ដាច់​ទំនាក់ទំនង​ដែល​អាច​ទៅ​រួច​នេះ អាច​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​របស់​លោក Trump ក្នុង​ការ​ស្វែង​រក​សន្តិភាព​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ដែល​ជា​បេសកកម្ម​ដែល​លោក​ផ្ដល់​ភារកិច្ច​ដល់​កូន​ប្រសា​របស់​លោក គឺ​លោក Jared Kushner។

អ្នក​ចរចា​ជាន់​ខ្ពស់​របស់​ប៉ាឡេស្ទីន​លោក Saeb Erekat បាន​និយាយ​ថា ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក «គឺ​ជា​រឿង​អកុសល និង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ»។ លោក​ក៏​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផង​ដែរ ថា​បាន​ធ្វើ​តាម​ការ​ដាក់​សម្ពាធ​ពី​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu «នៅ​ចំ​ពេល​ដែល​ប៉ាឡេស្ទីន​ព្យាយាម​ធ្វើ​កិច្ច​សហការ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ដំណោះ​ស្រាយ​ចុង​ក្រោយ​មួយ»។​

នៅ​ក្នុង​ការ​ប្រកាស​តាម​វីដេអូ​មួយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម លោក Saeb Erekat បាន​និយាយ​ថា៖ «ប៉ាឡេស្ទីន​នឹង​ផ្អាក​ការ​ទំនាក់ទំនង​ទាំង​អស់​ជាមួយ​នឹង​រដ្ឋបាល​សហរដ្ឋ​អាមេរិក​មួយ​នេះ»។

គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ណា​មួយ​ភ្លាមៗ​ពី​សំណាក់​រដ្ឋបាល​របស់​លោក Trump នោះ​ទេ។ ការិយាល័យ​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Netanyahu បាន​បញ្ជាក់​ថា ការ​បិទ​នេះ​គឺ​ជា «បញ្ហា​ពាក់ព័ន្ធ​នឹង​ច្បាប់​របស់​សហរដ្ឋ​អាមេរិក»។

មន្ត្រី​អាមេរិក​បាន​បញ្ជាក់​មុន​ពេល​លោក Saeb Erekat ប្រកាស​យ៉ាង​ដូច្នេះ​ថា វិធានការ​នេះ​គឺ​មិន​មាន​គោល​បំណង​បង្កើន​ឥទ្ធិពល​លើ​ប៉ាឡេស្ទីន​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​បណ្ដាល​មក​ពី​ផល​វិបាក​ដែល​មិន​បាន​ជៀស​បាន​នៃ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក។

រដ្ឋបាល​លោក Trump បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ថា ប៉ាឡេស្ទីន​ប្រឆាំង​នឹង​មាត្រា​ច្បាប់​ដែល​បាន​ចែង​ថា អង្គការ​រំដោះ​ប៉ាឡេស្ទីន (Palestine Liberation Organization) ដែល​ជា​អង្គការ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន មិន​អាច​មាន​ដំណើរការ​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នោះ​ទេ ប្រសិន​បើ​ប៉ាឡេស្ទីន​ព្យាយាម​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC កាត់​ទោស​អ៊ីស្រាអែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ជនជាតិ​ប៉ាឡេស្ទីន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG