អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើសាលារៀនមួយកន្លែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងតំបន់ហ្កាហ្សាដែលជាទីជម្រករបស់មនុស្សគ្មានទីកន្លែងរស់នៅមកពីជម្លោះជាងមួយឆ្នាំ។ បើតាមមន្ត្រីប៉ាឡេ ស្ទីនថាការវាយប្រហារនោះបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏២៧នាក់ដែរ។
អ៊ីស្រាអែលបាននិយាយថាការវាយប្រហារដៅលើពួកសកម្មប្រយុទ្ធនៅក្នុងមជ្ឈ មណ្ឌលទីបញ្ជាការដែលបានបង្កប់នៅខាងក្នុងសាលារៀន។
ក្នុងខណៈនោះដែរ កងកម្លាំងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ភាគខាងត្បូងឬ UNIFIL បានចោទប្រកាន់អ៊ីស្រាអែលពីការបាញ់ដាក់លើទីតាំងរបស់ខ្លួនហើយបានធ្វើឱ្យសមាជិក២នាក់របស់ខ្លួនរងរបួស។
សេចក្តីថ្លែងការណ៍មួយមកពី UNIFIL បានបញ្ជាក់ថា«នៅព្រឹកនេះ កងថែរក្សាសន្តិ ភាព២នាក់បានត្រូវរបួសបន្ទាប់ពីរថក្រោះ Merkava របស់កងទ័ពអ៊ីស្រាអែលបានបាញ់ឆ្ពោះទៅកាន់ប៉ុស្តិ៍យាមនៅឯទីស្នាក់ការរបស់ UNIFIL ក្នុងតំបន់ Naqoura ដែលបានត្រូវចំប៉ុស្តិ៍យាមនោះហើយបានបណ្តាលឱ្យពួកគេធ្លាក់»។
យោធាអ៊ីស្រាអែលបាននិយាយថាខ្លួនកំពុងពិនិត្យមើលឧបទ្ទវហេតុនេះ។
កាលពីដំបូង យោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានធ្វើការវាយប្រហារតាមអាកាសដែលបានសម្លាប់ពួកមេបញ្ជាការក្រុម Hezbollahដែលបានទាក់ទិននៅក្នុងការវាយប្រហារកាំជ្រួចមីស៊ីលដៅលើតំបន់ខាងជើងអ៊ីស្រាអែល។
កងកម្លាំងការពារអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណមេបញ្ជាការនោះគឺលោក Ahmad Moustafa al-Haj Ali និងលោក Mohammad Ali Hamdan។
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដែរថាខ្លួនបានតាមដានឃើញការបាញ់ថ្មីចំនួន៤០គ្រាប់ចេញពីប្រទេសលីបង់ចូលក្នុងទឹកដីអ៊ីស្រាអែល ដែលការបាញ់ខ្លះបានត្រូវបាញ់ស្ទាក់ដោយប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃពុធដែលបានបញ្ជាក់ឡើងវិញនូវការគាំទ្រ«កណ្តាប់ដៃដែក»ចំពោះអ៊ីស្រាអែលនៅពេលដែលខ្លួនបន្តកិច្ចប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សានិងលីបង់ហើយនឹងពិចារណាឆ្លើយតបដល់ការវាយប្រហារកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់កាលពីពេលថ្មីៗនេះ៕
វេទិកាបញ្ចេញមតិ