ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បន្ត​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់


រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken ចូលរួមកិច្ច​ពិភាក្សា​មួយ​នៃ​សន្និសីទ​ស្តីពី​ការ​ឆ្លើយតប​ផ្នែក​មនុស្សធម៌​ដល់​តំបន់​ហ្កាហ្សា នៅ​ប្រទេស​ហ្ស៊កដានី​ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken ចូលរួមកិច្ច​ពិភាក្សា​មួយ​នៃ​សន្និសីទ​ស្តីពី​ការ​ឆ្លើយតប​ផ្នែក​មនុស្សធម៌​ដល់​តំបន់​ហ្កាហ្សា នៅ​ប្រទេស​ហ្ស៊កដានី​ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក​ Antony Blinken​ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Benjamin Netanyahu​ បាន​បញ្ជាក់​ពី​ការ​តាំង​ចិត្ត​របស់​លោក​ទៅ​លើ​សំណើសុំ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នាជា​តំណាក់​កាល​ចម្រុះ​មួយក្នុង​តំបន់​ហ្កាហ្សា​ ហើយក្រុម​ហាម៉ាស់ នៅ​តែជា​ក្រុម​តែមួយ​គត់ ដែល​នៅ​មិនទាន់ទទួល​យកផែនការ​នេះ​នៅ​ឡើយ។

លោក​ Blinken បាន​និយាយ​ថា​ ការអនុម័ត​យល់ព្រម​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ លើ​សេចក្តី​ព្រាងសម្រេចចិត្ត​មួយរបស់អាមេរិក​ ដែល​អំពាវនាវដល់​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ ​ឱ្យអនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់បាញ់​គ្នា «ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ នេះ​ជា​អ្វី​ដែល​ពិភពលោក​កំពុង​រង់ចាំ​»។

ក្រោយ​ការបោះឆ្នោត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដែល​មានសំឡេង​ ១៤​ ទល់​នឹងសូន្យ កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​រុស្ស៊ី​អនុប្បវាទនោះ​ ក្រុម​ហាម៉ាស់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ស្វាគមន៍​មួយ​ថា​ ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាជាតិបាន​បញ្ជាក់ពីបទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍​មួយ​ក្នុង​តំបន់​ហ្កាហ្សា​ និង​បញ្ជាក់​ពីឆន្ទៈ​ចង់ចូលរួម​ក្នុង​ការ​ចរចា​ដោយ​ផ្ទាល់​ លើ​ការ​អនុវត្តគោលការណ៍​នានា​ ដែល​ស្រប​ទៅ​នឹងការ​ទាមទារ​របស់ប្រជាជន​និងការ​តស៊ូ​របស់​យើង»។

លោក​ Blinken បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​ឆ្លើយតប​នេះ​ ជា​សញ្ញា​សង្ឃឹម​មួយ។ ប៉ុន្តែ​លោក​បន្ថែម​ថា​ អ្វី​ដែល​យើង​ចង់​បាន​នៅ​ពេល​នេះ​ គឺ​ពាក្យ​សម្តីដែល​ចេញ​មក​ពីតំបន់​ហ្កាហ្សា​ និង​ពី​មេ​ដឹកនាំ​នៃ​ក្រុម​ហាម៉ាស់​ក្នុង​តំបន់​ហ្កាហ្សា»។ ​

លោក ​Blinken​ ​បាន​និយាយដូច​នេះ​ បន្ទាប់​ពី​កិច្ចប្រជុំជា​មួយ​អ្នកនយោបាយ​អ៊ីស្រាអែល​លោក Benny Gantz ដែល​បាន​ចាកចេញពី​រដ្ឋាភិបាល​គ្រា​អាសន្ន​របស់​លោក​ Netanyahu កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​បាននិយាយ​ថា​ លោក Netanyahu​ កំពុងដឹកនាំ​ខុស​លើ​សង្គ្រាម​នេះ​ និង​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំងលោក ​Yair Lapid។ ​ទាំង​លោក Gantz និង​លោក Lapid បាន​គូស​បញ្ជាក់ពី​ភាព​ចាំបាច់នៃ​ការ​ធ្វើ​ឱ្យ​មាន​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់បាញ់គ្នា​មួយ​ នៅ​ក្នុង​សារ​បញ្ជាក់ ដែលគេ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម X ​ក្រោយ​ពី​ជំនួបជាមួយ​លោក Blinken រួច​មក។ ​

ប្រមុខ​ការទូត​អាមេរិករូប​នេះក៏​បាន​ជួបរយៈពេល​ខ្លី​ជា​មួយ​សមាជិក​គ្រួសារ​នៃ​ជនចំណាប់​ខ្មាំង​មួយ​ចំនួន​ ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​តំបន់​ហ្កាហ្សាផង​ដែរ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press, Reuters និង​Agence France-Presse។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG