សមរភូមិយ៉ាងច្រើននៅក្នុងតំបន់មជ្ឈឹមបូព៌ាកាលពីថ្ងៃព្រហស្បតិ៍បានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ១៦នាក់ដែរ។
មនុស្ស ៥នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ភាគខាងជើងអ៊ីស្រាអែល ដោយការបាញ់គ្រាប់រ៉ុក្កែតចេញពីប្រទេសលីបង់ រួមមានកសិករអ៊ីស្រាអែលម្នាក់និងកម្មករបរទេស ៤នាក់។ នេះបើតាមពួកអាជ្ញាធរ។ លីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ៨នាក់ដែរ រួមមាន ៦នាក់ជាបុគ្គលិកសុខាភិបាលនៅក្នុងតំបន់ភាគខាងត្បូងលីបង់។
ក្នុងខណៈនោះដែរ ពួកមន្ត្រីប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនិងក្នុងតំបន់ West Bank បានសម្លាប់មនុស្ស ៣នាក់។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនក៏បានវាយប្រហារឃ្លាំងអាវុធរបស់ក្រុម Hezbollah និងមូលដ្ឋានមួយចំនួននៅក្នុងប្រទេសស៊ីរី ជាទីកន្លែងដែលខ្លួនបានអះអាងថា ក្រុមសកម្មប្រយុទ្ធកាលពីពេលថ្មីៗនេះ បានចាប់ផ្តើមផ្ទុកអាវុធនៅតាមបណ្តោយព្រំដែនស៊ីរីនិងលីបង់ ដើម្បីរត់ពន្ធអាវុធទាំងនោះចូលក្នុងប្រទេសលីបង់។
អ៊ីស្រាអែលបានចេញការព្រមានជម្លៀសដល់ពួកអ្នកស្រុកនៃតំបន់ Baalbek ភាគខាងកើតប្រទេសលីបង់ ២ថ្ងៃជាប់ៗគ្នា។ កាលពីថ្ងៃពុធ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសដ៏ធំដៅលើក្រុម Hezbollah នៅខាងក្នុងនិងជុំវិញទីក្រុងដ៏ល្បីដែលមានព្រះវិហាររ៉ូម៉ាំង។
រថយន្តរាប់សិបគ្រឿងអាចត្រូវគេមើលឃើញបើកយ៉ាងលឿនចេញពីតំបន់នោះ បន្ទាប់ពីការព្រមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយមានផ្សែងពណ៌ខ្មៅនៅឡើយ ដែលគេមើលឃើញចេញពីទីក្រុង Douris ជាទីកន្លែងដែលអ៊ីស្រាអែលបានវាយប្រហារកាលពីមួយថ្ងៃមុន ដែលបានបំផ្លាញកន្លែងស្តុកទុកប្រេងរបស់ក្រុម Hezbollah។ នេះបើតាមយោធាអ៊ីស្រាអែលនិងប្រភពសន្តិសុខលីបង់។
បេសកជនសហរដ្ឋអាមេរិកនិងមន្ត្រីអ៊ីស្រាអែលបានជួបគ្នានៅក្នុងប្រទេសអ៊ីស្រាអែលនៅពេលក្រោយមក ដើម្បីពិភាក្សាការខំប្រឹងប្រែងដើម្បីធ្វើការឈប់បាញ់គ្នានៅក្នុងប្រទេសលីបង់ ជាទីកន្លែងដែលកងទ័ពអ៊ីស្រាអែលកំពុងប្រយុទ្ធពួក Hezbollah។ ហើយនៅក្នុងតំបន់ហ្កាហ្សាជាទីកន្លែងដែលពួកគេកំពុងប្រយុទ្ធក្រុមហាម៉ាស់ ក្រុមទាំង២ នេះត្រូវបានសហរដ្ឋអាមេរិកចាត់ទុកជាក្រុមភេរវកម្ម ដែលមានការគាំទ្រខាងផ្នែកហិរញ្ញវត្ថុនិងយោធាពីប្រទេសអ៊ីរ៉ង់៕