ដោយភ័យខ្លាចបន្ទាប់ពីការវាយប្រហារភេរវកម្មនៅសាកលវិទ្យាល័យមួយ និងការគំរាមកំហែងពីការវាយប្រហារនៅតាមសាលារៀនបន្តទៅទៀត ក្រុមគ្រូបង្រៀននៅតាមតំបន់មួយចំនួននៃខេត្ត Khyber Pakhtunkhwa ប្រទេសប៉ាគីស្ថាន កំពុងតែចាប់ផ្តើមកាន់កាំភ្លើង និងយកទៅក្នុងថ្នាក់រៀន។
ការកើនឡើងនៃការលក់កាំភ្លើងនៅតាមតំបន់មួយចំនួននៅខេត្តមួយដែលស្ថិតនៅប៉ែកពាយព្យនៃប្រទេសប៉ាគីស្ថានបានចាប់ផ្តើមកើតមាន បន្ទាប់ពីមានការវាយប្រហារភេរវកម្មនៅសាកលវិទ្យាល័យ Bacha Khan នៅក្នុងទីក្រុង Charsadda កាលពីខែមុន ដែលបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន២១នាក់ ដែលភាគច្រើននៃជនរងគ្រោះទាំងនោះគឺជានិស្សិត។
នៅក្នុងខែមករា សាលារៀនរាប់ពាន់កន្លែងត្រូវបានបិទអស់រយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីរដ្ឋាភិបាលបានព្រមានថា អាចនឹងមានការវាយប្រហារនានាបន្តទៀត។ ការវាយប្រហារនៅសាកលវិទ្យាល័យ Bacha Khan បានកើតមានឡើង១ឆ្នាំ បន្ទាប់ពីក្រុមឧទ្ទាមតាលីបង់បានឡោមព័ទ្ធសាលារៀនយោធាមួយនៅក្រុង Peshawar និងបានសម្លាប់និស្សិតអស់ចំនួន១៣២នាក់ និងបុគ្គលិកចំនួន៩នាក់។
អាជ្ញាធរក្រសួងមហាផ្ទៃនៅក្នុងក្រុង Peshawar បានឲ្យដឹងថា ប្រជាជននិងស្ថាប័នអប់រំចំនួន៥ម៉ឺន បានដាក់ពាក្យស្នើសុំប័ណ្ណអនុញ្ញាតប្រើប្រាស់កាំភ្លើងកាលពី២សប្តាហ៍មុននេះ៕