លោកប្រធានាធិបតីស.រ.អ.បារ៉ាក់អូបាម៉ាបានមានប្រសាសន៍ថាប្រទេស ប៉ាគីស្ថាន «អាចនិងត្រូវតែ» ចាត់វិធានការថែមទៀតប្រឆាំងនឹងពួកភេរវជនដែលធ្វើកិច្ចប្រតិបត្តិការពីខាងក្នុងព្រំដែនខ្លួន។
នៅក្នុងសេចក្តីសម្ភាសន៍មួយដែលបានត្រូវបោះពុម្ពផ្សាយកាលពីថ្ងៃអាទិត្យដោយកាសែត Press Trust នៃឥណ្ឌា លោកអូបាម៉ាបានមានប្រសាសន៍ថាប្រទេសប៉ាគីស្ថានអាចបង្ហាញថាខ្លួនម៉ឺងម៉ាត់អំពីការកម្ចាត់បណ្តាញក្រុមភេរវជន។
លោកអូបាម៉ាបានមានប្រសាសន៍ថា «នៅក្នុងតំបន់នោះនឹងនៅក្នុងទូទាំងពិភពលោក មិនត្រូវមានការអត់ឱនទាល់តែសោះហើយគេត្រូវតែកាត់ទោសភេរវជនដើម្បីយុត្តិធ៌ម។»
កាលពីដើមខែនេះ ប្រទេសឥណ្ឌាបានបន្ទោសពួកជនសកម្មប្រយុទ្ធមួយក្រុមមានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថានថាបានធ្វើការវាយប្រហារទៅលើមូលដ្ឋានមួយនៃកងទ័ពអាកាសឥណ្ឌាដែលបានបណ្តាលឲ្យទាហាន៧នាក់ស្លាប់។ អាជ្ញាធរប៉ាគីស្ថានបានចាប់ខ្លួនសមាជិកមួយចំនួននៃក្រុម Jaish-e-Mohammad ហើយបានសន្យាថានឹងផ្តល់ជំនួយក្នុងការស៊ើបអង្កេតរបស់ឥណ្ឌាផងដែរ។
លោកអូបាម៉ាបានថ្កោលទោសការវាយប្រហារនោះនៅក្នុងការអត្ថាធិប្បាយរបស់លោកដល់សារព័ត៌មាន Press Trust នៃឥណ្ឌាដោយលោកបានមានប្រសាសន៍ថាការណ៍នេះបញ្ជាក់ពីហេតុផលដែលស.រ.អ.និងប្រទេសឥណ្ឌាធ្វើការជាមួយគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ លោកបានហៅការវាយប្រហារលើមូលដ្ឋានទ័ពនោះថាជា «ឧទាហរណ៍មួយទៀតនៃភេរវកម្មដែលមិនអាចអត់ឱនឲ្យបានទេដែលឥណ្ឌាបានទ្រាំអត់ធន់យូរណាស់មកហើយ៕»