មានការវាយប្រហារដោយកាំភ្លើង និងគ្រាប់បែកទៅលើសាកលវិទ្យាល័យមួយ ដែលស្ថិតនៅប៉ែកពាយព្យនៃប្រទេសប៉ាគីស្ថាននៅថ្ងៃពុធនេះ ដែលបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន២៥នាក់ និងរបួសចំនួនរាប់សិបនាក់ផ្សេងទៀត។ នេះបើយោងតាមប្រភពនៃក្រុមមន្ត្រី និងមន្ទីរពេទ្យ។
យោងទៅតាមប្រភពព័ត៌មានសន្តិសុខបានឲ្យដឹងថា ក្រុមភេរវករដែលមានគ្នាចំនួនពី១០ទៅ១២នាក់ បានសម្រុកចូលទៅក្នុងសាកលវិទ្យាល័យ Bacha Khan ដែលស្ថិតនៅក្នុងក្រុង Charsadda នៅវេលាម៉ោងប្រហែល៩ព្រឹក ហើយបានធ្វើការបាញ់ប្រហារទៅលើនិស្សិត និងសាស្រ្តាចារ្យ។
លោក Saeed Wazir Khan អគ្គស្នងការរងប៉ូលិសអធិការកិច្ចក្នុងតំបន់បានថ្លែងថា មានជនគ្រាប់បែកអត្តឃាតយ៉ាងតិចណាស់ចំនួន២នាក់ក្នុងចំណោមក្រុមភេរវករដែលបានធ្វើការវាយប្រហារទាំងនោះ។
លោក Mohammad Khorasani អ្នកនាំពាក្យរបស់ក្រុមតាលីបង់នៅប៉ាគីស្ថាន បានមានប្រសាសន៍ថា ក្រុមភេរវករនេះមិនមានហេតុផលអ្វីត្រូវធ្វើការវាយប្រហារទៅលើសាកលវិទ្យាល័យនេះយ៉ាងដូច្នេះទេ ដោយលោកបានបន្ថែមថា ស្ថាប័នមិនមែនយោធាមិនមែនជាគោលដៅនៅលើបញ្ជីដែលពួកគេត្រូវធ្វើការវាយប្រហារនោះទេ។ នៅក្នុងលិខិតមួយផ្ញើមកកាន់ VOA លោក Khorasani បានប្រកាសថា ការវាយប្រហារនៅថ្ងៃពុធនេះគឺជាការប្រឆាំងនឹងក្រុមឥស្លាម Shariah។
មុននេះ មេបញ្ជាការក្រុមតាលីបង់ក្នុងតំបន់បាននិយាយថា ខ្លួនជាអ្នកបញ្ជូនអ្នកវាយប្រហារចំនួន៤នាក់ទៅកាន់សាកលវិទ្យាល័យនោះ។ នៅមិនទាន់ការបកស្រាយបន្ថែមចំពោះជម្លោះដែលបានអះអាងនេះនៅឡើយទេ៕