ក្រុមមន្ត្រីឥណ្ឌាបាននិយាយថាកាណូតនេសាទត្រីបាគីស្ថានមួយដែលជាប់សង្ស័យថាមានដឹកគ្រឿងផ្ទុះបានផ្ទុះឡើងនៅក្នុងសមុទ្រអារ៉ាប់នៅក្រោយពេលដែលត្រូវបានដេញពីក្រោយដោយនាវាមួយគ្រឿងនៃក្រុមឆ្មាំឆ្នេរសមុទ្រឥណ្ឌា។
ក្រសួងការពារប្រទេសនៃប្រទេសឥណ្ឌាបាននិយាយថាមនុស្សទាំងអស់បួននាក់ជិះនៅក្នុងកាណូតនោះបានស្លាប់នៅក្នុងការផ្ទុះនោះ។
ក្រសួងនេះបាននិយាយថាផ្នែកស៊ើបការសម្ងាត់ឥណ្ឌាបានបញ្ជាក់ថាកាណូតនេះបានគ្រោងធ្វើ «សកម្មភាពខុសច្បាប់» នៅពេលកាណូតនោះត្រូវបានស្ទាក់នៅក្នុងលំហសមុទ្រទល់មុខនឹងឆ្នេរសមុទ្រខាងលិចនៃប្រទេសឥណ្ឌា។
សេចក្តីថ្លែងការណ៍មួយបាននិយាយថាក្រុមឆ្មាំឆ្នេរសមុទ្របានដេញតាមកាណូតនេះជិតមួយម៉ោងហើយបានបាញ់កាំភ្លើងព្រមាននៅមុនពេលវាឈប់។សេចក្តីថ្លែងការណ៍នេះបាននិយាយថានាវិកទាំងបួននាក់នៃកាណូតនេះបានលាក់ខ្លួននៅជាន់ក្រោមក្នុងកាណូតនោះហើយបានដុតកាណូតនេះដែលបានបណ្តាលឱ្យមានការផ្ទុះ។
គ្មានអត្ថាធិប្បាយជាបន្ទាន់ណាមួយធ្វើឡើងដោយប្រទេសបាគីស្ថាននៅទ្បើយទេ៕