ការវាយប្រហារដ៏ប្រល័យកាលពីសប្តាហ៍មុននៅក្នុងក្រុងប្រ៊ុចសែល បាននាំឱ្យការយកចិត្តទុកដាក់របស់ប្រទេសអាមេរិកត្រូវផ្តោតសារជាថ្មីទៅលើភេរវកម្មនិងការបង្កើនកិច្ចការពារសន្តិសុខជាតិ ក្លាយទៅជាប្រធានបទមួយនៅក្នុងការប្រកួតប្រជែងដើម្បីតំណែងប្រធានាធិបតីស.រ.អា.។
ការវាយប្រហារភេរវកម្មធំទីពីរក្នុងទ្វីបអឺរ៉ុបក្នុងរយៈពេល៥ខែកន្លងទៅនេះ បាននាំឱ្យមានវោហារសាស្ត្រក្តៅគគុកនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីនៃប្រទេសអាមេរិក។ លោក Ted Cruz ខាងគណបក្សសាធារណរដ្ឋបានប្តេជ្ញាថា នឹងបំផ្លាញក្រុមរដ្ឋឥស្លាម។ លោក Cruz បាននិយាយនៅក្នុងការជួបប្រជុំជាសាធារណៈមួយនៅក្នុងរដ្ឋ Wisconsin ថា៖ «ហើយយើងនឹងបំផ្លាញក្រុមរដ្ឋឥស្លាមតាមរយៈកម្លាំងនៃកងទ័ពអាកាស តាមរយៈការទម្លាក់គ្រាប់បែកសុះដីដោយគ្មានរវល់នឹងពួកវា»។
នៅពេលជាមួយគ្នានេះ លោក Donald Trump ដែលជាបេក្ខជននាំមុខគេខាងគណបក្សសាធារណរដ្ឋបាននិយាយថា ស.រ.អា.កំពុងមានគ្រោះថ្នាក់។
លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងកម្មវិធី This Week នៃបណ្តាញទូរទស្សន៍អាមេរិកាំង ABC ថា៖ «ភេរវកម្មមានភាពមិនអាចត្រួតត្រាបានទេ។ ហើយប្រសិនបើយើងមិនខ្លាំងទេ ហើយបើយើងមិនឆ្លាតទេ យើងនឹងមានបញ្ហាធំនៅពេលខាងមុខ»។
ការវាយប្រហារនៅក្នុងក្រុងប្រ៊ុចសែល មិនបានធ្វើឱ្យលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា កែប្រែផ្លូវធ្វើដំណើររបស់លោកក្នុងប្រទេសគុយបានិងប្រទេសអាហ្ស៊ង់ទីនទេកាលពីសប្តាហ៍មុន។
នៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់លោកកាលពីថ្ងៃសៅរ៍ លោក អូបាម៉ាបានមានប្រសាសន៍ថា៖ «យើងនឹងវាយប្រហាររំលើងឬសនិងយកជ័យជម្នះលើពួក ISIL» ដោយលោកបានថ្លែងបន្ថែមថា កម្លាំងយោធាតែមួយគត់មិនអាចបំផ្លាញភេរវកម្មបានទេ ហើយថាប្រទេសអាមេរិកត្រូវដឹកនាំដោយធ្វើជាគម្រូគេ។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ «ការបើកចំហរបស់យើងដល់ក្រុមជនភៀសខ្លួនដែលរត់គេចចេញពីអំពើឃោរឃៅរបស់ពួក ISIL។ ការប្តេជ្ញារបស់យើងក្នុងការយកជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការឃោសនាប្រកបដោយសម្អប់និងហិង្សារបស់ពួក ISIL ដែលជាទស្សនៈកែបំភ្លៃនៃសាសនាឥស្លាម ដើម្បីធ្វើឱ្យពួកយុវជនឥស្លាមមានភាពជ្រុលនិយមតាមបុព្វហេតុរបស់ពួកវា។ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមដៃគូសំខាន់បំផុតរបស់យើងគឺប្រជារាស្ត្រអាមេរិកាំងគោរពសាសនាឥស្លាម»។
លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីនាំមុខគេខាងគណបក្សប្រជាធិបតេយ្យបានបញ្ចេញសាជាថ្មីនូវសារនេះរបស់លោកប្រធានាធិបតីអូបាម៉ា។
លោកស្រី Clinton បានមានប្រសាសន៍ថា៖«យើងមិនត្រូវភ្ញាក់ផ្អើលនិងភ័យខ្លាចទេ។ ការភ្ញាក់ផ្អើលនិងការភ័យខ្លាចមិនសក្តិសមនឹងសេចក្តីថ្លៃថ្នូររបស់យើងទេ។វាគ្មានប្រសិទ្ធិភាពក្នុងការការពារយើងទេ ហើយវាផ្តល់ផលប្រយោជន៍ឱ្យដល់ពួកភេរវជនទៅវិញ»៕