ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ពីក្រុងអ៊ីស្លាម៉ាបាដថាក្រុមយោធានៃប្រទេសបាគីស្ថានបាននិយាយថា ការវាយប្រហារតាមអាកាសបានបណ្តាលឱ្យមនុស្ស៤៤នាក់ដែលគេសង្ស័យថាជាក្រុមជនសកម្មប្រយុទ្ធបាត់បង់ជីវិតនៅក្នុងតំបន់កុលសម្ព័ន្ធនៅជិតព្រំដែននៃប្រទេសអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍បាននិយាយថាជនជាប់សង្ស័យថាជាក្រុមជនសកម្មប្រយុទ្ធ២៨នាក់បានត្រូវសម្លាប់នៅពេលកងយន្តហោះប្រតិកម្មប្រយុទ្ធវាយប្រហារទៅលើកន្លែងលាក់ខ្លួនរបស់ពួកឧទ្ទាមនៅក្នុងជ្រលងភ្នំ Tirah នៃតំបន់កុលសម្ព័ន្ធ Khyber។ សេចក្តីថ្លែងការណ៍នេះបានចែងដែរថាការវាយប្រហារដោយឡែកពីគ្នានៅក្នុងតំបន់ Datta Khel នៃ តំបន់ភ្នំ Waziristan ភាគខាងជើងបានសម្លាប់មនុស្ស១៦នាក់ដែលជាប់សង្ស័យថាជាក្រុមជនសកម្មប្រយុទ្ធដោយភាគច្រើនជាជនបរទេស។
សេចក្តីថ្លែងការណ៍នេះមិនបានផ្តល់សេចក្តីលម្អិតថែមទៀតទេ។ គេមិនអាចបញ្ជាក់ថាដំណឹងនេះជាការពិតបានទេពីព្រោះក្រុមអ្នកកាសែតបានត្រូវហាមប្រាមមិនឱ្យចូលទៅធ្វើការក្នុងតំបន់កុលសម្ព័ន្ធឡើយ។ ក្រុមសកម្មជននិងអ្នកស្រុកនៅមូលដ្ឋានបាននិយាយថាការវាយប្រហារកាលពីពេលមុនៗបានបណ្តាលឱ្យក្រុមជនស៊ីវិលស្លាប់។
ក្រុមយោធានៃប្រទេសបាគីស្ថានកំពុងឋិតនៅក្នុងរយៈពេលពាក់កណ្តាលនៃកិច្ចប្រតិបត្តិការមួយដើម្បីបណ្តេញក្រុមជនសកម្មប្រយុទ្ធពីតំបន់កុលសម្ព័ន្ធ៕