ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រាវជ្រាវ​ផ្អាក​ការ​ធ្វើតេស្ត​វ៉ាក់សាំង​ AstraZeneca លើ​កុមារ 


រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់រៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកាសហការជាមួយសាកលវិទ្យាល័យ Oxford នៅកន្លែងចាក់វ៉ាក់សាំងស្ថិតក្នុងទីលានពហុកីឡដ្ឋាន Wanda ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់រៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកាសហការជាមួយសាកលវិទ្យាល័យ Oxford នៅកន្លែងចាក់វ៉ាក់សាំងស្ថិតក្នុងទីលានពហុកីឡដ្ឋាន Wanda ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១។

ការសាក​ល្បងវ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ទៅ​លើ​កុមារនិង​ក្មេង​ជំទង់​ ដោយ​ក្រុមហ៊ុន​ឱសថ​ AstraZeneca​ ត្រូវ​បាន​ផ្អាកដោយ​អ្នកស្រាវជ្រាវរបស់សាកល​វិទ្យាល័យ Oxford ​ខណៈ​ពេល​ដែលនិយ័តករឱសថ​របស់​អង់គ្លេស​កំពុង​ដំណើរការ​ត្រួត​ពិនិត្យ​ពី​សុវត្ថិភាព​របស់វ៉ាក់សាំង ​ដែល​ចាក់ ​២​ ដូស​នេះ។

ការពាក់​ព័ន្ធមួយរវាង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ របស់​ក្រុមហ៊ុន​នេះ ​និង​ករណី​មាន​ឈាមកក​ក្នុង​សរសៃ​ ត្រូវ​បាន​គេ​រក​ឃើញ​លើ​អ្នក​ចាក់​វ៉ាក់​សាំងមួយ​ចំនួន ​នៅ​លើ​ពិភព​លោក ​ដែល​ក្នុងនោះ​មាន​ទ្វីប​អឺរ៉ុប​ផង​ដែរ។

រហូត​មក​ដល់​ពេល​នេះ​ មាន​ករណី​កំណក​ឈាម​ក្នុង​សរសៃទៅ​លើ​អ្នក​ចាក់ចំនួន​ ៣០​ នាក់ប៉ុណ្ណោះ​ និង​មាន​អ្នកស្លាប់​ចំនួន​ ៧ នាក់ ​ក្នុង​ចំណោមវ៉ាក់សាំង​ដែល​ត្រូវ​បាន​ចាក់​ចំនួន​ ១៨ ​លាន​ដូស​ នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ ករណី​ភាគ​ច្រើននៃ​បញ្ហា​កំណក​ឈាម​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​កំណក​ឈាម​នៅ​ក្នុង​សសៃ​ដែល​ហូរ​ចេញ​ពី​ខួរ​ក្បាល ​ដែលអាច​នាំ​ទៅ​ដល់​ជំងឺ​កម្រើក​រាង​កាយលែង​កើត​ ឬ strokes។

លោក Marco Cavaleri ​ប្រធាន​ផ្នែក​វ៉ាក់សាំងរបស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ បាន​ប្រាប់កាសែត​អ៊ីតាលី​មួយ​ កាលពី​ថ្ងៃ​អង្គារ​ថា ​ទីភ្នាក់ងារ​របស់​លោក​កំពុង​រៀប​ចំបញ្ជាក់​ពី​ការ​ពាក់​ព័ន្ធ​គ្នា​មួយ​របស់​វ៉ាក់សាំង​ ដែល​មាន​បញ្ហា​នេះ​ជា​មួយ​នឹង​បញ្ហា​ឈាម​កក​ក្នុង​សរសៃ​នោះ។

​ក៏​ប៉ុន្តែ​ទីភ្នាក់​ងារ​នេះ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​បារាំង​ AFP ​ដោយ​បដិសេធ​រាល់​ការលើក​ឡើង​នានា ​ហើយ​ថា​ខ្លួនរំពឹង​ថា នឹង​ចេញ​ផ្សាយ​លទ្ធផល​ស៊ើប​អង្កេត​របស់​ខ្លួន​ នៅ​ថ្ងៃ​ពុធ ​ឬថ្ងៃ​ព្រហ្បតិ៍​នេះ៕​

XS
SM
MD
LG