ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខេត្ត​កំពង់ស្ពឺ​ធ្វើ​ការ​ប្រណាំង​រទេះ​សាឡី​គោ​លឿន​ដើម្បី​បង្ហាញ​ពី​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

វីដេអូ៖ ខេត្ត​កំពង់​ស្ពឺ​ធ្វើ​ការ​ប្រណាំង​រទេះ​សាឡី​គោ​លឿន​ដើម្បីបង្ហាញ​ពី​ប្រពីណៃ​ទំនៀម​ទម្លាប់​ខ្មែរ

យ៉ាងហោច​ណាស់​មាន​រទេះ​គោ​សាឡី​ចំនួន​ ៥២នឹម ឬ២៦គូ​ប្រកួត​​​ ​មក​ពី​រាជធានី​ភ្នំពេញ​ ​ខេត្ត​កំពង់ស្ពឺ​និង​កណ្តាល​ បាន​ចូល​រួម​កម្មវិធី​ប្រកួត​​ប្រណាំង​រទេះ​​នៅ​ខេត្ត​កំពង់​ស្ពឺ ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ជាប់ៗ​គ្នា។

សំឡេង​រទេះ​គោ ​និង​អ្នក​បរ​រទេះ​បាន​លាន់​ឮ​រំពង​ក្នុង​ទី​ស្រែ​មួយ​កន្លែង​ក្នុង​ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ។​ មាន​រទេះ​សាឡីចំនួន​ ២៦គូ​ប្រកួត​ ឬ​ ៥២​នឹម​បាន​ចូល​រួម​ប្រកួត​ប្រជែង​កាល​ពី​ព្រឹកថ្ងៃ​អាទិត្យ​ ដើម្បី​ចូល​រួម​ថែ​រក្សា ​និង​បង្ហាញ​ពី​គុណ​ប្រយោជន៍​របស់​រទេះ​គោ​ខ្មែរ ​និង​សត្វ​គោ​ដែល​ជា​សត្វ​ពាហនៈ​ដ៏​ចម្បង​ក្នុង​វិស័យ​កសិកម្ម​។​

​ម្ចាស់​រទេះ​គោ​សាឡី​ និង​អ្នក​ស្រឡាញ់​ ​ការ​ប្រណាំង​រទេះ​គោ​រាប់រយ​នាក់​ ​បាន​មក​ប្រមូល​ផ្តំ​គ្នា​តាំង​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ នៅ​ទីស្រែ​មួយ​ក្នុង​ឃុំ​រលាំងគ្រើល​ ស្រុក​សំរោងទង​ ​ខាង​លិច​រាជធានី​ភ្នំពេញ​ ​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​សត្វ​គោ​ខ្លួន​ និង​ចូលរួម​ប្រណាំង​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។​ អ្នក​រៀបចំ​និង​ចូលរួម​កម្មវិធី ​«ប្រណាំង​រទេះ​សាឡី​គោ​លឿន»​នេះ​ ​សង្ឃឹម​ថា​ នឹង​អាច​ជួយ​រក្សា​វប្បធម៌និង​ជួយ​អភិរក្ស​រទេះ​គោ​ខ្មែរ​ រួម​ទាំង​ការ​ប្រើប្រាស់​សត្វគោ​ក្នុង​វិស័យ​កសិកម្ម។

លោក​ ស្រ៊ូយ សំរឹទ្ធ មក​ពី​ឃុំ​រកាកោះ​ស្រុក​គងពិសី​ ​បញ្ជាក់​ថា ​ការ​ចូលរួម​ប្រណាំង​រទេះ​នេះ​គឺ​ដើម្បី​ចូល​រួម​រក្សា​ប្រពៃណី​និង​ទំនៀមទម្លាប់​ខ្មែរ​ដែល​ធ្លាប់​ធ្វើ​តាំង​ពី​បុរាណ្យ​រៀងមក។ បុរស​វ័យ​៣៧​ ​ដែល​ប្រើប្រាស់​រទេះ​គោ​និង​សត្វគោ​ជា​ប្រចាំ​ ដើម្បី​ការងារ​កសិកម្ម​របស់​ខ្លួន​ និង​ភ្ជួរ​រាស់​ដី​ស្រែ​ជាង ​៣​ហិកតា​ ​បញ្ជាក់ប្រាប់ VOA ថា ​លោក​ចូលចិត្ត​ប្រើប្រាស់​សត្វគោ​ជា​ជាង​គោ​យន្ត៖​

«អត់​ប្រើ់​ទេ​គោយន្ត! ​ព្រោះ​ប្រើ​អា​នេះ​វា​ចំណេញ​បាន​អាចម៍​ក៏​បាន​ចាក់​ស្រែ​ វា​ចំណេញ​គ្រប់​កន្លែង។​ បើ​គោ​យន្ត​អត់​ប្រើ​ទេ​ ព្រោះ​ប្រើ​ចប់​បាន២​ឆ្នាំ​ ៣ឆ្នាំ​មាន​តែ​ថ្លឹង​ ថ្លឹង​គីឡូ​លក់​អ៊ីចឹង​ទៅ»។​

​រទេះ​សាឡី​គឺ​ជា​ រទេះ​ម្យ៉ាង​ ដែល​មាន​រាង​តូច​ស្រាល និង​ធ្លាប់​ទទួល​បាន​ការ​ពេញ​និយម​សម្រាប់ពលរដ្ឋ​ខ្មែរ​កាល​ពី​បុរាណ ក្នុង​ប្រើប្រាស់​ជា​យាន្ត​ជំនិះ​ ​ដោយ​ទឹម​ជាមួយ​នឹង​សត្វ​ពាហៈនៈ។ សត្វ​គោ​ឬ​ក្របី​ គឺ​ជា​ សត្វ​ដែល​ពលរដ្ឋខ្មែរ​មួយ​ភាគ​ធំ​ ប្រកប​របរ​កសិកកម្ម​ និង​ធ្វើ​ស្រែ​ ចូល​ចិត្ត​ចិញ្ចឹម​និង​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន។​ បើ​ទោះ​ជា​ការ​ប្រើប្រាស់​គ្រឿង​ចក្រ​ត្រូវ​បាន​យក​មក​ជំនួស​ឱ្យ​សត្វ​ទាំង​នេះ​ក៏​ដោយ​ ក៏​ពលរដ្ឋ​ខ្មែរ​មួយ​ផ្នែក​ធំ​នៅ​តែ​ពេញ​និយម​ចិញ្ចឹម​គោ​និង​ក្របី​ដើម្បី​ជា​ប្រយោជន៍​ផ្សេងៗ។​

អង្គុយ​លើ​រទេះ​គោ​សាឡី​ ដោយ​ដៃ​ម្ខាង​កាន់​ជាប់​ខ្សែ​គោ​យ៉ាង​ណែន​និង​ម្ខាង​ទៀត​កាន់​ជន្លួញ​ លោក​ ​សិត ភារុណ​ អ្នក​ប្រណាំង​រទេះ​គោ​ ម្នាក់​ទៀត​មក​ពី​ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ ក៏​យល់​ដូច​លោក​ ស្រ៊ូយ សំរឹទ្ធ​ដែរថា ​ការ​ប្រើ​ប្រាស់​សត្វគោ​គឺ​ វា​ងាយ​ស្រួល​សម្រាប់​រូប​លោក​ជា​ជាង​គោ​យន្ត។

កសិករ​វ័យ​៤៥​ឆ្នាំ​រូប​នេះ​បង្ហាញ​ថា​ លោក​ធ្លាប់​មាន​ប្រវត្តិ​ដ៏​ច្រើន​ជាមួយ​សត្វគោ​តាំង​ពី​វ័យ​កុមារ៖

«ខ្ញុំ​តាំង​ពី​តូច​មក​ ខ្ញុំ​ចេញ​ពី​រៀន​ខ្ញុំ​ដឹក​គោ​ឃ្វាល​គោ​ព្រោះ​ឪពុក​ខ្ញុំគាត់​អ្នក​លក់​ដូរ​គោ​ ហើយ​ខ្ញុំ​ស្រលាញ់​គោ​ តែ​គោ​ណា​ស្អាតៗ​ទេ»។

​នេះ​គឺ​ជា​លើក​ទី​៥​ហើយ​ដែល​ខេត្ត​កំពង់ស្ពឺ​បាន​ប្រារព្ធពិធី​ប្រណាំង​រទេះ​គោ ក្នុង​គោល​បំណង​ជួយ​រក្សា​ប្រពៃណី​វប្បធម៌​ និង​លើក​កម្ពស់​ការ​ប្រើប្រាស់​គោ​ក្នុង​វិស័យ​កសិកម្ម។​ ​ការ​ប្រណាំង​រទេះ​សាឡី​គោ​ឆ្នាំ​នេះ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​ទៅ​មិញ​ចំនួន​៣​គូ។ លោក ស៊ុន មានជ័យ​ ​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​កំពង់ស្ពឺ​ ​បញ្ជាក់​ថា ​ក្នុង​ចំណោម​រទេះ​គោ​ដែល​ចូល​រួម​ទាំង​២៦​គូ​ ​ក៏​មាន​រទេះ​សាឡី​គោ​លឿន​២​គូ​មក​ពី​រាជធានី​ភ្នំពេញ​ និង​៧​គូ​ទៀត​មក​ពី​ខេត្ត​កណ្តាល។

អភិបាល​ខេត្ត​រង​នៃ​ខេត្ត​កំពង់ស្ពឺ​ លោក​ ​សរ សុពុត្រា ដែល​ចូលរួម​ក្នុង​កម្មវិធី​ប្រណាំង​រទេះ​គោ​នេះ ​ថ្លែង​ថា បើ​ទោះ​ជា​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ធំ​បាន​ផ្លាស់​ប្តូរ​មក​ប្រើ​ប្រាស់​គោយន្ត​ដើម្បី​ជួយ​ក្នុង​ការងារ​កសិកម្ម​របស់​ខ្លួន​ក៏​ដោយ​ ក៏​ពលរដ្ឋ​ខ្មែរ​នៅ​តែ​ចងចាំ​និង​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​នៃ​ការ​ប្រើប្រាស់​រទេះ​សាឡី​នេះ៖​

​«ពិធី​ប្រណាំង​រទេះ​សាឡី​គោ​លឿនព្រឹក​នេះ​ពិត​ជា​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​លក្ខណៈ​ជឿនលឿន​និង​លក្ខណៈ​ដ៏​ល្អ​ប្រពៃ​របស់​ប្រជាពល​រដ្ឋ​កម្ពុជា​ ដែល​បាន​នៅ​តែ​បន្ត​រក្សា​យ៉ាង​គង់វង្ស​និង​ស្ថិតស្ថេរ​បំផុត​នូវ​ទំនៀមទម្លាប់​ ប្រពៃណី​ពី​បរមបុរាណ​របស់​យើង»។

ខណៈ​ការ​ប្រណាំង​រទេះ​គោ​នៅ​តែ​បន្ត​ ​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​បាន​ឈរ​ និង​អង្គុយ​មើល​ការ​ប្រកួត​បរ​រទេះ​នេះ​ ក្រោម​កម្ដៅ​ថ្ងៃ​នៃ​ខែ​ចេត្រដោយ​យក​ចិត្ត​ទុក​ដាក់។​

​លោកស្រី​ ​ធាង​ សម្បូរ ​ដែល​រស់​នៅ​ភូមិ​ក្បែរ​នោះ​ប្រាប់​ ​VOA​ ​ថា ​លោក​ស្រី​ចូល​ចិត្ត​ទស្សនា​ការ​ប្រណាំង​នេះ​ ​ព្រោះ​វា​គួរ​ឱ្យ​ចាប់​អារម្មណ៍។​ ស្ត្រី​វ័យ​៣២​ឆ្នាំ​រូប​នេះ​បន្ត​ថា ​អ្នក​ភូមិ​មួយ​ចំនួន​នៅ​ប្រើ​ប្រាស់​និង​ចិញ្ចឹម​សត្វ​គោ​ក្របី​ដោយ​វា​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​របរ​កសិកម្ម​របស់​ពួក​គេ។

លោក​ស្រី​លើក​ពី​កត្តា​កង្វះការ​ផលិត​ចំបើង​នៅ​ពេលគេ​ប្រើ​គោ​យន្ត​ព្រោះ​គេ​មិន​ត្រូវ​ការ​ស្ទូង មក​ពន្យល់​ថា៖

«ឥឡូវ​មាន​គោ​យន្ត​ដែរ​ ប៉ុន្តែ​គេ​នៅ​មួយៗ​ ​គេធ្វើ​ស្រែ​ ដូច​ថា ​គេ​ធ្វើ​ស្រែ​គេ​ស្ទូង​អ៊ីចឹង​ អ្នក​គេ​ប្រើ​គោ​យន្ត​ប្រើ​គោ​យន្ត​អ៊ីចឹង ​អ្នក​ប្រើ​គោ​ប្រើ​គោ​ខ្លះ​អ៊ីចឹង​ណា!​ ជួន​កាល​គេ​អត់​ចង់​ប្រើ​គោយន្ត​អ៊ីចឹង​ព្រោះ​វាអត់​មាន​ចំបើង​ឱ្យ​គោ​ស៊ី​ ​គេ​នៅ​តែ​ប្រើ​គោ​សម្រាប់​ភ្ជួរ​សម្រាប់​ដាស់​ ​ដើម្បី​យក​ចំបើង​ឱ្យ​គោ​គេ​ស៊ី​អ៊ីចឹង»។

ទោះ​ការ​ប្រណាំង​រទេះ​សាឡី​គោ​លឿន​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​មុន​ថ្ងៃ​ត្រង់​ក្នុង​ថ្ងៃ​ដដែល​ក៏​ដោយ​ ក៏ពលរដ្ឋ​ខ្មែរ​នៅ​តែ​ចងចាំ​គុណ​តម្លៃ​នៃ​រទេះ​សាឡី​ និង​សត្វ​ពាហនៈ​ក្នុង​វិស័យក​សិកម្ម៕

XS
SM
MD
LG