បុណ្យភូមិដែលល្បីល្បាញត្រូវបានរៀបចំឡើងដោយលម្អដោយភ្លើងគប់និងការបង្ហាញពីវប្បធម៌ខ្មែរ នៅក្នុងមហោស្រព Festival Tokyo ក្នុងប្រទេសជប៉ុនកាលពីថ្ងៃ ១០ ដល់ថ្ងៃ ១១ ខែវិច្ឆិកា ឆ្នាំ ២០១៨។ ការបង្ហាញបុណ្យភូមិខ្មែរជាលើកដំបូងក្នុងប្រទេសជប៉ុននេះត្រូវបានទទួលការស្វាគមន៍ពីទស្សនិកជនជប៉ុននិងអ្នកចូលរួម។
កញ្ញា រិទ្ធី លំអរពេជ្រ ស្ថានិកនិងនាយកគ្រប់គ្រងបុណ្យភូមិ បានប្រាប់ VOA Khmer នៅសប្តាហ៍នេះថាកម្មវិធីបុណ្យភូមិខ្មែរត្រូវបានអញ្ចើញចូលរួមមហោស្រព Festival Tokyo ពេលនាងចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍មួយក្នុងប្រទេសជប៉ុនកាលពីខែកុម្ភ: ដោយសារភាពច្នៃប្រឌិតនិងអស្ចារ្យរបស់បុណ្យភូមិ ដែលរៀបចំឡើងដោយយុវជនខ្មែរ បានធ្វើឱ្យក្រុមអ្នកគ្រប់គ្រងមហោស្រពអញ្ចើញបុណ្យភូមិចូលរួមសម្តែងក្នុងកម្មវិធី Festival Tokyo ដែលកម្មវិធីនេះមានអាយុកាលជាង៣០ ឆ្នាំមកហើយ។
អ្នករៀបចំព្រឹត្តិការណ៍បុណ្យភូមិវ័យ២០ឆ្នាំរូបនេះ បានរៀបរាប់បន្តថា៖
«ពួកគាត់មានការចំណាប់អារម្មណ៍យ៉ាងខ្លាំងពេលដែលបានដឹងថាបុណ្យភូមិជាកម្មវិធីបង្កើតឡើងដោយយុវជនហើយមានអាយុ៥ឆ្នាំ ហើយបង្កើតឡើងក្នុង Concept (គំនិត) មួយដែល based (ផ្តោត) ទៅលើ original idea (គំនិតដើម) របស់ដូនតាហើយយកវាមកអភិវឌ្ឍក្នុងទម្រង់ថ្មីសតវត្សរ៍ថ្មី។ អ្វីមួយទៀតដែលគាត់ចាប់អារម្មណ៍នោះគឺវា run by youths (រៀបចំដោយយុវជន)ហើយឱ្យទៅ youths (យុវជន)»។
កញ្ញា រិទ្ធី លំអរពេជ្រ បន្តទៀតថាព្រឹត្តិការណ៍សម្តែងបុណ្យភូមិដែលប្រព្រឹត្តនៅក្នុងប្រទេសជប៉ុនមានរយ:២ថ្ងៃហើយមួយថ្ងៃមានរយ:ពេល២ម៉ោង ដោយមានការចូលរួម ពីអ្នកសម្តែងនិងអ្នករៀបចំកម្មវិធីចំនួន១៨រូបពីកម្ពុជា។ ចំណែកការចូលរួមវិញ គឺមានការចូលរួមកុះករពីជនជាតិជប៉ុននិងបងប្អូនខ្មែរដែលរស់នៅឬទៅបន្តការសិក្សានៅប្រទេសជប៉ុនផងដែរ។ បន្ទាប់ពីកម្មវិធី មានការសួរនាំពីជនជាតិជប៉ុនអំពីបុណ្យនិងវប្បធម៌កម្ពុជាបន្ថែមទៀត រហូតដល់មានជនជាតិជប៉ុនសម្រេចចិត្តមកលេងប្រទេសកម្ពុជាដើម្បីឱ្យឃើញនិងដឹងបន្ថែម។
ក្រុមការងារភ្លើងគប់បានរៀបចំទីកន្លែងឱ្យដូចទៅនឹងភូមិឬសង្កាត់មួយក្នុងប្រទេសកម្ពុជា ឱ្យអ្នកចូលរួមបានទទួលអារម្មណ៍ថាពួកគេនៅក្នុងទិដ្ឋភាពនោះពិតៗ។ លើសពីនេះ បុណ្យភូមិក៏បាននាំការសម្តែងពីសិល្ប:ករសិល្ប:ការីមកពីប្រទេសកម្ពុជាផងដែរ។
ក្នុងវ័យ ២០ឆ្នាំកញ្ញា រិទ្ធី លំអរកេសរ អ្នកចំរៀងពីក្រុមតូច តំណាងឱ្យសិល្បករកម្ពុជាបានសម្តែងបទចម្រៀងរៀបរាប់និងឆ្លុះបញ្ជាំងពីតន្ត្រីនៃសតវត្សរ៍ទី២១ ដែលនិពន្ធនិងសរសេរដោយក្រុមនាងផ្ទាល់។
នាងក៏បាននិយាយពីទឹកចិត្តរំភើបនិងសប្បាយរីករាយក្នុងនាមជាសិល្ប:ករពេលឃើញបងប្អូនខ្មែរនិងប្រជាជនមកចូលរួមយ៉ាងកុះករនិងសប្បាយនឹងសិល្ប:ដែលនាងនិងក្រុមបានយកទៅសម្តែង។
«ពេលយើងយកសិល្ប:របស់យើងយកទៅសម្តែងឱ្យប្រជាជនជប៉ុនបានមើល មានអារម្មណ៍ថាយើងបានយកទៅឱ្យពិភពលោកមួយទៀតមើល។ ហើយreaction (ប្រតិកម្ម)របស់ពួកគាត់គឺវា cute (គួរឱ្យស្រឡាញ់)។ ប្រជាជនជប៉ុនពេលគាត់មើលយើង គាត់ព្យាយាមយល់ ហើយគាត់ respect (គោរព) យើង គាត់ respect (គោរព)សិល្ប:របស់យើងទោះបីជាគាត់អត់យល់ថាបទនឹងនិយាយអំពីអី។ ពេលបទនឹងសប្បាយ គាត់រាំ គាត់អីជាមួយយើង គាត់ព្យាយាមរាំចង្វាក់ប្រពៃណីខ្មែរយើង»។
កញ្ញាកេសរបាននិយាយថាសំបុត្រចូលរួមទស្សនាបុណ្យបានលក់អស់ទាំងពីរថ្ងៃ។ កញ្ញាក៏បានបន្ថែមទៀតថាវាជាជំហានទី១សម្រាប់ក្រុមរបស់នាងនិងកម្មវិធីបុណ្យភូមិក្នុងការបង្ហាញសិល្ប:ខ្មែរឱ្យពិភពលោកបានស្គាល់។
ចំនែកលោក ម៉ាន់ កុសល អ្នកតំណាងសមាគមសិល្ប:សុវណ្ណភូមិវិញ ក៏បានអញ្ចើញចូលរួមជាមួយក្រុមសម្តែងនិងលើកយកល្ខោនស្បែកធំលាយខោលទៅសម្តែងនៅក្នុងបុណ្យនៅប្រទេសជប៉ុនផងដែរ។
លោកបានលើកឡើងថា៖
«ខ្ញុំឃើញកម្លាំងក្មេងៗខំប្រឹងធ្វើ ទៅថ្ងៃអនាគតខ្ញុំមានសង្ឃឹមថាអនាគតទៅជោគជ័យចេះតែធំៗជាងនឹង»។
លោក ថៃ នរ:សត្យា អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្ប: បាននិយាយនេះជាកិត្តិយសនិងមោទនភាពរបស់ប្រទេសកម្ពុជាដែលបាននាំយកសិល្ប:និងវប្បធម៌ឱ្យបរទេសបានទស្សនានិងស្គាល់។
«បើយុវជនគាត់រៀបចំបាន កាន់តែបង្ហាញថាពួកគាត់ជាសសរទ្រូងដែលដូចនឹងពាក្យខ្មែរយើងតែងនិយាយថាទំពាំងស្នងប្ញស្សីនោះ។ បើពួកគាត់មានសមត្ថភាពក្នុងកិច្ចការបច្ចេកទេសផង កិច្ចការទំនាក់ទំនងផង វិធីការផ្សេងៗរហូតទៅដល់នាំសិល្ប:វប្បធម៌យើងទៅ សម្តែងប្រកបដោយជោគជ័យនៅប្រទេសទៀត វាជាចំណុចដែលគួរឱ្យយើងទាំងអស់គ្នា កក់ក្តៅ ទទួលស្គាល់និងកោតសរសើរ»។
បុណ្យភូមិជាបុណ្យប្រចាំភូមិដែលប្រព្រឹត្តឡើងក្នុងភូមិនីមួយៗ ដែលមានទម្រង់ខុសៗគ្នាតាមតម្រូវការប្រជាជនដែលរស់នៅតាមតំបន់នោះ។ ហើយបុណ្យភូមិដែលរៀបចំដោយក្រុមភ្លើងគប់មានរយ:ពេល៥ឆ្នាំ ហើយមានលើកដំបូងក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៤៕