ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​៦០០​នាក់ ធ្វើ​តេស្ត​កូវីដ លទ្ធផល​អវិជ្ជមាន ក្រោយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋមន្រ្តី​ហុងគ្រី


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​លោកស្រី ប៊ុន រ៉ានី ស្ថិត​នៅក្នុង​ចំណោម​មនុស្សជាង ៦០០នាក់ ដែល​បាន​ធ្វើតេស្ត​កូវីដ ហើយ​ទទួល​លទ្ធផល​អវិជ្ជមាន ក្រោយពី​លោក ហ៊ុន សែន បានប្រាស្រ័យ​ទាក់ទងផ្ទាល់​ជាមួយ​រដ្ឋមន្រ្តី​ហុងគ្រី កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​រាជធានី​ភ្នំពេញ​។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​លោកស្រី ប៊ុន រ៉ានី ស្ថិត​នៅក្នុង​ចំណោម​មនុស្សជាង ៦០០នាក់ ដែល​បាន​ធ្វើតេស្ត​កូវីដ ហើយ​ទទួល​លទ្ធផល​អវិជ្ជមាន ក្រោយពី​លោក ហ៊ុន សែន បានប្រាស្រ័យ​ទាក់ទងផ្ទាល់​ជាមួយ​រដ្ឋមន្រ្តី​ហុងគ្រី កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​រាជធានី​ភ្នំពេញ​។

មនុស្ស​ជាង​៦០០នាក់ រួម​មាន​ទាំង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផង​ដែរ​ ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​ជំងឺ​កូវីដ​១៩ ក្រោយពីពួកគេ​ដឹង​ថា​ ខ្លួនបាន​ប៉ះពាល់ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ហុងគ្រី ឬ​ក៏​យ៉ាង​ហោច​ណាស់ បាន​ចូលរួម​កម្មវិធី​ដែល​មន្រ្តីការ​បរទេស​នោះ​ មាន​វត្តមាន។

រដ្ឋ​មន្ត្រី​ការ​បរទេស​ហុងគ្រី លោក Peter Szijjarto ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ ត្រូវ​បាន​រាយការណ៍​ថា ​មាន​ជំងឺ​កូវីដ​១៩ ពេល​លោក​បាន​ទៅ​ដល់​ប្រទេស​ថៃ។ នេះ​បើ​យោង​តាម​ក្រសួង​ការ​បរទេស​កម្ពុជា និង​ទីភ្នាក់​ងារព័ត៌មាន​រដ្ឋ​របស់​ហុងគ្រី។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ MTI របស់​ហុងគ្រី​បាន​ដកស្រង់​សម្ដី លោក Mate Paczolay អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ហុងគ្រី​ថា លោក Peter Szijjarto កំពុង​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ក្នុង​ទីក្រុង​បាងកក ទី​ដែល​លោក​ត្រូវ​បាន​តេស្ដ​វិជ្ជមាន​កូវីដ១៩ បន្ទាប់​ពី​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃអង្គារ។​

មិន​មាន​របាយការណ៍​លម្អិត​នោះ​ទេថា ​រដ្ឋមន្រ្តី​ការបរទេស​នោះ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ តាំង​ពី​ពេល​ណា ​និង​នៅ​ទី​ណា។ តែ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ហុងគ្រី បាន​និយាយ​ថា ​រដ្ឋមន្រ្តី​ការបរទេស​ត្រូវ​បាន​ធ្វើ​តេស្ដ​ឃើញ​អវិជ្ជមាន​កូវីដ​១៩ មុន​ពេល​លោក​ឡើង​យន្តហោះ ធ្វើ​ដំណើរ​មក​ទ្វីប​អាស៊ី។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ក្រសួង​បាន​ស្រាវជ្រាវ​អ្នក​ដែល​ប៉ះពាល់​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី ​និង​បាន​យក​សំណាក​ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។ ក្រសួង​បញ្ជាក់​ថា ​គិត​ត្រឹម​ម៉ោង​១១​យប់​ ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា អ្នក​ប៉ះពាល់​សរុប​ចំនួន​៦២៨​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​វត្ថុ​សំណាក​ ដោយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូវីដ​១៩​ទាំង​អស់។

ក្រសួង​សុខាភិបាល​បន្ថែមថា៖ «ក្រសួង​កំពុង​បន្ត​ការ​ស្រាវជ្រាវ​ និង​ជម្រាប​ជូន​សាធារណ​ជន នៅ​ពេល​ទទួល​បាន​លទ្ធផល​វិភាគ​វត្ថុ​សំណាក​ជា​បន្ត​បន្ទាប់​ទៀត»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ថា​ លោក​ផ្ទាល់ ភរិយា​របស់​លោក គឺលោកស្រី ប៊ុន រ៉ានី អ្នក​បើកបរ ក្រុម​អង្គរក្ស សរុប​១៨​នាក់ បាន​ធ្វើ​តេស្ដ​រក​វីរុស​កូវីដ១៩ ហើយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន។ ព្រម​ពេល​ជាមួយ​គ្នា លោក ហ៊ុន សែន បាន​ប្រកាស​ធ្វើ​ចត្តាឡីស័ក​នៅ​គេហដ្ឋាន​របស់​លោក​មួយ​រយៈ​ដោយ​លុប​ចោល​ការ​ចូលរួម​កម្មវិធី​ធំៗ​នៅ​ខែ​នេះ ដូច​ជា​កិច្ចប្រជុំ​កំពូល​អាស៊ាន ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ជាដើម។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ឲ្យ​ដឹង​ថា​ សមាជិក​គណៈ​ប្រតិភូ​ហុង​គ្រី​ទាំង​អស់​ បាន​ធ្វើ​តេស្ត​ និង​មាន​វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់​ថា ​គ្មាន​វីរុស​កូវីដ​១៩ មុន​ពេល​ចេញ​ដំណើរ​មក​ប្រទេស​កម្ពុជា។

លោក Peter Szijjarto និងលោក ប្រាក់ សុខុន អំឡុងពិធីសម្ភោធ​ការិយាល័យតំណាងស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុក Peter Szijjarto) | Hungarian foreign minister Peter Szijjarto and Cambodian foreign minister)
លោក Peter Szijjarto និងលោក ប្រាក់ សុខុន អំឡុងពិធីសម្ភោធ​ការិយាល័យតំណាងស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថត៖ ទំព័រហ្វេសប៊ុក Peter Szijjarto) | Hungarian foreign minister Peter Szijjarto and Cambodian foreign minister)

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ថា ​ថ្នាក់​ដឹកនាំ និង​មន្រ្តី​ពាក់ព័ន្ធ បាន​ធ្វើ​តេស្ត ​ហើយ​លទ្ធផល​អវិជ្ជមាន។ ប៉ុន្តែ​ពួកគេ ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ រង់​ចាំ​ធ្វើ​តេស្ត​ម្តង​ទៀត​តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាល។

អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ម្នាក់​អាយុ​៣៧​ឆ្នាំ និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​លោក​បាន​ទៅ​យក​ព័ត៌មាន​ពេល​រដ្ឋមន្រ្តី​ការបរទេស​ហុងគ្រី​មក​បំពេញ​ទស្សនកិច្ច។ ដូច្នេះ​ លោក​បាន​ទៅ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ១៩​ ទោះ​លោក​មិន​ស្ថិត​នៅ​ជិត​រដ្ឋមន្រ្តី​ការបរទេស​រូប​នោះផ្ទាល់​ក៏​ដោយ ហើយ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​នោះ​ គឺអវិជ្ជមាន។ បើ​ទោះ​លទ្ធផល​អវិជ្ជមាន លោក​អនុវត្ត​តាមវិធាន​ការ​របស់​ក្រសួង​សុខាភិបាល គឺ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ ហើយ​នឹង​ធ្វើ​តេស្ត​ម្តង​ទៀត ដើម្បី​បញ្ជាក់​ថា ​មិន​មាន​ជំងឺ​កូវីដ​១៩។

អ្នក​សារព័ត៌មាន​រូប​នោះ​បញ្ជាក់​ថា៖ «ទោះ​បី​យើង​គិត​ថា​ ហានិភ័យ​វា​មិន​ខ្ពស់​អី​យ៉ាងណាក៏​ដោយ​នៃ​ការ​ឆ្លង​ហ្នឹង ប៉ុន្តែ​យើង​ត្រូវ​តេស្ត​សុខភាព​ហ្នឹង ដើម្បី​ឲ្យ​វា​ប្រាកដ​ថា​ វា​មិន​មានឆ្លង​ មិន​មាន​អី​អញ្ចឹង​ទៅ ដើម្បី​យើង​មាន​ទំនុក​ចិត្ត​យើង​ខ្ពស់ ហើយ​មិន​បារម្ភ​ មិន​អី​អញ្ចឹង»។

គួរ​បញ្ជាក់ថា​ លោក Peter Szijjarto រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ជា​ឥស្សរជន​បរទេស​ទី​បី​ហើយ​ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​នេះ ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​មក​បំពេញ​ទស្សន​កិច្ច កាល​ពីខែ​សីហា និង​រដ្ឋមន្ត្រី​ការ​បរទេស​ចិន កាល​ពី​ខែ​តុលា​កន្លង​ទៅ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ កម្ពុជា​មាន​កំណត់​ត្រា​អ្នក​ឆ្លង​ជំងឺ​កូវីដ១​៩ ចំនួន​២៩២​ករណី ដោយ​ក្នុង​នោះ​មាន​៦​នាក់ ​កំពុង​សម្រាក​ព្យាបាល ហើយ​ពុំ​មាន​ករណី​ស្លាប់​នោះ​ទេ៕

XS
SM
MD
LG