ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ហុងគ្រី​ចាប់ដៃ​កម្ពុជា​រឿង​សេដ្ឋកិច្ច ចំ​ពេល​នយោបាយ​រឹតត្បិត​ដូចគ្នា


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ហុងគ្រី​លោក Peter Szijjarto ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ហុងគ្រី​លោក Peter Szijjarto ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅ​ចំ​កណ្ដាលនៃវិបត្តិសកល​ជំងឺកូវីដ១៩ លោក Peter Szijjarto រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ប្រទេសហុងគ្រី​ ​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បី​បើក​ការិយាល័យ​តំណាង​កុងស៊ុល​នៅ​ភ្នំពេញ និង​ដើម្បី​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ដែល​ក្រុម​អ្នកតាមដាន​លើក​ឡើង​ថា ប្រទេស​ទាំង​ពីរប្រកាន់​នយោបាយ​រឹត​ត្បិត​ដូច​គ្នា។​

លោក Peter Szijjarto បានថ្លែងប្រាប់ទូរទស្សន៍​រដ្ឋរបស់កម្ពុជា​ក្នុងកិច្ច​សម្ភាស​ន៍​មួយ កាល​ពី​ថ្ងៃ​អង្គារ​ថា ហុងគ្រី នឹង​ផ្ដល់​ឥណទាន​ដល់​បណ្ដា​ក្រុមហ៊ុន​របស់​ខ្លួន​ដែល​មក​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ​លើ​វិស័យ​កសិកម្ម ​ធារាសាស្ត្រ អាកាសចរណ៍ ​និង​ឧស្សាហកម្ម។ លោក ​ក៏​ពាំនាំ​ការ​សន្យា​របស់​ហុងគ្រី​ក្នុងការ​បង្កើន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ផង​ដែរ។​

«ខ្ញុំ​ពិត​ជា​ច្បាស់​ក្នុង​ចិត្ត​ណាស់​ចំពោះ​តឹកតាង​ដែល​បង្ហាញ​ថា​ ពុំ​មាន​ឡើយ​បញ្ហា​នយោបាយ​ជា​ចំហរ​ណាមួយ​រវាង​ប្រទេស​យើង​ទាំង​ពីរ ​ដែល​ការណ៍​នេះ ​យើង​អាច​យក​ជា​ការណ៍​បាន ​និង​ធ្វើ​ឱ្យ​ប្រាកដ​ថា ​ក្រុមហ៊ុន​របស់​ពួក​យើង​អាច​សហការ​រួមគ្នា​កាន់​តែ​ច្រើន​បន្ថែម​ទៀត»។​

ភាព​ត្រូវ​រ៉ូវ​គ្នា​ខាង​នយោបាយ​ត្រូវ​បាន​គូស​បញ្ជាក់​ដោយ​មន្ត្រី​ហុងគ្រី ​និង​មន្ត្រី​កម្ពុជា។​

ក្នុង​ជំនួប​មួយ​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា លោក Peter Szijjarto បាន​លើក​ឡើង​ថា​ ប្រទេស​ហុងគ្រី​ឈរ​រួច​រាល់​ប្រាថ្នា​ចង់​ធ្វើ​ជា​ស្ពាន​ចម្លង​រវាង​សហភាព​អឺរ៉ុប​និង​ប្រទេស​កម្ពុជា​ ហើយ​ថា ​ភាព​ខុស​គ្នា​ខាង​នយោបាយ​មិន​គួរ​យក​មក​ច្របូក​ច្របល់​ជាមួយ​នឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ឡើយ។​

នៅ​ត្រង់​ចំណុច​នេះ​លោក ប្រាក់ សុខុន បាន​ថ្លែង​អំណរគុណ​ប្រទេស​ហុងគ្រី​ចំពោះ​ការ​ជួយ​គាំទ្រ​របប​លោក ​ហេង​ សំរិន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម និង​ការណ៍​ដែល​ទីក្រុង​ប៊ុយដាប៉ែស​ ឈរ​ខាង​រដ្ឋ​អំណាច​ភ្នំពេញ ផ្ទុយ​ពី​ជំហរ​សហភាព​អឺរ៉ុប​ទាំង​មូល​លើ​បញ្ហា EBA (Everything But Arms)។

«ជំហរ​របស់​ហុងគ្រី​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​ដែល​សរ​បញ្ជាក់​អំពី​មិត្ត​ដែល​យល់​ពី​ស្ថានភាព​របស់​កម្ពុជា ហើយ​ក្លាហាន​ក្នុង​ការ​គាំទ្រ​កម្ពុជា ឱ្យ​ទទួល​បាន​យុត្តិធម៌ ដើម្បី​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ ប្រកប​ដោយ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»។

សហភាព​អឺរ៉ុប កាល​ពី​ខែ​សីហា បាន​អនុវត្ត​ជា​ធរមាន​ការ​ដក​ ២០% ​នៃ​អត្ថ​ប្រយោជន៍​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា​នាំ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប ជា​ការ​ឆ្លើយ​តប​នឹង​ការ​បង្ក្រាប​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ដែល​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមូល​អសនៈ​សភា​ទាំងអស់​១២៥។

រីឯ​ប្រទេស​ហុងគ្រី​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី Viktor Orban និង​បក្ស​កាន់អំណាច ​Fidesz​ តាំង​ពី​ឆ្នាំ​២០១០​មក ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប និង​អង្គការ​កតិកា​សញ្ញា​អាត្លង់ទិក​ខាង​ជើង ​(ណាតូ)​ ទៀត​ផង។

អង្គការ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​កត់សម្គាល់​ថា រដ្ឋ​ការ​លោក Viktor Orban បាន​កែ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​សំខាន់ៗ​ ដើម្បី​តាំង​ទី​បង្កើន​អំណាច​នយោបាយ​របស់​ខ្លួន រឹតត្បិត​លើ​បក្ស​ជំទាស់ និង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន។​

រដ្ឋាភិបាល​លោក Orban រង​ការ​រិះ​គន់​ថា​ ឆ្លៀត​ឱកាស​ប្រើប្រាស់​វិបត្តិ​កូវីដ១៩ ដើម្បី​បង្កើន​អំណាច​នយោបាយ​របស់​ខ្លួន រហូត​មាន​ក្ដី​បារម្ភ​ថា ហុងគ្រី កំពុង​តែ​ក្លាយ​ជា​រដ្ឋ​«ផ្ដាច់ការ»​ដំបូង​គេ​ផង នៅ​ចំ​កណ្ដាល​បេះដូង​នៃ​សហភាព​អឺរ៉ុប។

ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំងពីរ​មាន​ទំហំ ៤.១៦​ លាន​ដុល្លារ កាល​ពី​ឆ្នាំ២០១៩ ដែល​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ហុងគ្រី ២.៧៨​ លាន​ដុល្លារ ហើយ​នាំចូល​ពី​ហុងគ្រី​វិញ ១.៣៨ លានដុល្លារ។ នេះ ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ។

លោក Peter Szijjarto បាន​លើកឡើង​ថា ​ពាណិជ្ជកម្ម​ទ្វេភាគី​នា​រយៈពេល​៨​ខែ​ដើម​ឆ្នាំ មាន​ការ​កើន​ឡើង​២០%​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​មុន។

លោក​បណ្ឌិត ប៉ា ចន្ទរឿន នាយក​ប្រតិបត្តិ​នៃវិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​មិន​សូវ​រំពឹង​ថា​ ទីក្រុង​ប៊ុយដាប៉ែស ​អាច​ជួយ​កម្ពុជា​ បាន​ជា​ដុំ​កំភួន​នោះ​ទេ​រឿង​បញ្ហា​EBA ខណៈទីក្រុង​ភ្នំពេញ​កំពុង​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​មិត្ត​ចាស់​នៅ​តំបន់​អឺរ៉ុប​ខាងកើត ដែល​ធ្លាប់​ស្ថិត​ក្នុង​ប្លុក​សង្គម​និយម​ជាមួយ​គ្នា​កាល​ពី​អំឡុង​ទសវត្សរ៍​១៩៨០។

«សម្រាប់​ប្រទេស​កម្ពុជា​ រឿង​ទំនាក់ទំនង​ទាំង​ជាមួយ​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ​ក្ដី និង​ទាំង​ជាមួយ​ប្រទេស​កាន់​កុម្មុយនិស្ដ​ក្ដី ត្រូវ​មាន​ទាំង​អស់ គ្រាន់​តែ​ថា យើង​មិន​ត្រូវ​ផ្ដេក​ផ្ដួល ឬ​ក៏​ងាក​ទៅ​ជ្រុល​និយម​ពេក ជាមួយ​ប្រទេស​ដែល​ឃ្លាត​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​ទេ ដោយសារ​ប្រជាជន​កម្ពុជា​បាន​រង​ទុក្ខ​វេទនា និង​ការ​ខូចខាត​ មិន​អាច​ពិពណ៌នា​បាន​ទេ ដោយ​សារ​តែ​យើង​កាន់​របប​ផ្សេង​ក្រៅ​ពី​របប​ប្រជាធិបតេយ្យ»។​

លោក​ Peter Szijjarto ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​នៅ​ភ្នំពេញ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​ហុងគ្រី Janos Ader បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ភ្នំពេញ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៩​ ដំណាល​គ្នា​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន ពីរ​លើក​ទៅ​ហុងគ្រី ​ក្នុង​ខែ​មិថុនា ​និង​ខែតុលា ​ឆ្នាំ​២០១៩។

ព្រះមហាក្សត្រ​កម្ពុជា ​ព្រះបាទ ​នរោត្តម ​សីហមុនី ​ក៏​ត្រូវ​រំពឹង​ថា​នឹង​យាង​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ហុងគ្រី អំឡុង​ឆ្នាំ​២០២១ ​ឬ​ឆ្នាំ​២០២២​ខាងមុខ​នេះ​ផង​ដែរ។ ​នេះ​បើ​តាម​លោក ​ប្រាក់ សុខុន៕

XS
SM
MD
LG