រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកដែលនឹងចុះចេញពីតំណែង លោក Jim Mattis បានផ្តល់ដំបូន្មានចុងក្រោយមួយចំនួនដល់កងកម្លាំងនិងបុគ្គលិកស៊ីវិលនៃក្រសួងការពារប្រទេសអាមេរិកឲ្យបន្តជឿជាក់លើសហរដ្ឋអាមេរិកនិងបន្តគាំទ្រដល់ក្រុមសម្ព័ន្ធមិត្តរបស់អាមេរិក។
លោក Mattis បានសរសេរសារផ្លូវការចុងក្រោយរបស់លោកកាលពីថ្ងៃចន្ទ ដែលជាថ្ងៃចុងក្រោយរបស់លោកក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកថា «ថ្នាក់ដឹកនាំរបស់យើងទាំងផ្នែកស៊ីវិលនិងយោធានៅតែល្អបំផុត»។
លោកបានបន្តទៀតថា «ខ្ញុំជឿជាក់ថា អ្នករាល់គ្នានឹងនៅតែអនុវត្តទៅតាមបេសកកម្មរបស់យើងដើម្បីគាំទ្រនិងការពាររដ្ឋធម្មនុញ្ញ ខណៈការពារប្រទេសរបស់យើងដូចគ្នាដែរ។ ដូច្នេះសូមបន្តជឿជាក់លើប្រទេសនិងក្រុមសម្ព័ន្ធមិត្តរបស់យើង ដើម្បីប្រឆាំងនឹងសត្រូវ»។
លិខិតកាលពីថ្ងៃចន្ទនេះត្រូវបានធ្វើឡើង ខណៈដែលលោក Mattis ត្រៀមប្រគល់តំណែងរបស់លោកទៅឲ្យលោក Patrick Shanahan ដែលជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ដែលនឹងឡើងកាន់តំណែងជំនួសលោកនៅថ្ងៃទីមួយ ខែមករានេះ។
មិនដូចលោក Mattis ដែលមានបទពិសោធន៍ជាអតីតឧត្តមសេនីយ៍ម៉ារីនចូលនិវត្តន៍ ដែលធ្លាប់ឈរជើងក្នុងប្រទេសអាហ្វហ្គានីស្ថាន លោកShanahan មិនមានបទពិសោធន៍ខាងយោធានោះទេ។ លោក Shanahan ធ្លាប់បម្រើការជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Boeing មុននឹងមកកាន់តំណែងនៅក្រសួងការពារប្រទេសអាមេរិក។ លោក Shanahan ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការពារប្រទេសកាលពីឆ្នាំ២០១៧៕