ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អ៊ូ វីរៈ ចូល​បំភ្លឺ​នៅ​តុលាការ​ តែ​បដិសធ​​រាល់​ការ​ចោទប្រកាន់​បរិហារ​កេរ្តិ៍


លោក​ អ៊ូ វីរៈ ​អ្នក​វិភាគ​នយោបាយ ឈរ​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ មុន​ពេល​លោក​ចូល​​ទៅ​បំភ្លឺ​មុខ​ព្រះរាជ​អាជ្ញា ទាក់​ទិន​បណ្តឹង​បរិហាកេរ្តិ៍​ប្រឆាំង​រូបលោក។ (ហ៊ុល រស្មី/VOA)
លោក​ អ៊ូ វីរៈ ​អ្នក​វិភាគ​នយោបាយ ឈរ​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ មុន​ពេល​លោក​ចូល​​ទៅ​បំភ្លឺ​មុខ​ព្រះរាជ​អាជ្ញា ទាក់​ទិន​បណ្តឹង​បរិហាកេរ្តិ៍​ប្រឆាំង​រូបលោក។ (ហ៊ុល រស្មី/VOA)

លោក​ អ៊ូ វីរៈ​ អ្នក​វិភាគ​នយោបាយ​ បាន​ប្រាប់​​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​បាន​ដើរ​ចេញពី​តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ពហស្បតិ៍​នេះ​ថា​ លោក​មិន​ដែល​ធ្វើ​ការ​អធិប្បាយ​ បំភ្លៃ​រឿងរ៉ាវ​ស្នេហា​របស់​ លោក​ កឹម សុខា​ និង​បុគ្គល​ណា​មា្នក់​​​នោះ​ទេ។​

អ្នក​វិភាគ​នយោបាយ​កម្ពុជា​ លោក​ អ៊ូ វីរៈ​ បាន​ចូល​ទៅ​បំភ្លឺ​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​បណ្តឹង​បរិហារ​កេរ្តិ៍​នោះ។​ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ថ្លែង​ថា​ តុលាការ​នៅ​មាន​សិទ្ធិ​ពិនិត្យលើ​បណ្តឹងនេះ​បន្ត​ទៀត។

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ស្រុក​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ស្នើ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ ទម្លាក់​ចោល​បណ្តឹង​បរិហារកេរ្តិ៍​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​ ដែល​បឹ្តង​រូបលោក​ទាក់ទិន​សំណុំ​រឿង​ស្នេហា​លួច​លាក់​របស់​អនុប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា។​

លោក​ អ៊ូ វីរៈ​ អ្នក​វិភាគ​នយោបាយ​ បាន​ប្រាប់អ្នកសារព័ត៌មាន​ បន្ទាប់​ពី​បាន​ដើរ​ចេញពី​តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ពហស្បតិ៍​នេះ​ថា​ លោក​មិន​ដែល​ធ្វើ​ការ​អធិប្បាយ​ បំភ្លៃ​រឿងរ៉ាវ​ស្នេហា​របស់​ លោក​ កឹម សុខា​ និង​បុគ្គល​ណា​មា្នក់​នោះ​ទេ។​

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)
លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)

លោក វីរៈ ​ថ្លែង​បដិសេធ​ថា៖

«ខ្ញុំ​បដិសេធ​ ហើយ​ខ្ញុំ​មិន​បាន​និយាយ​ស្នេហា​ឯកជន​ទេ​ ដោយសារ​អញ្ចឹង​បាន​ខ្ញុំ​បដិសេធ​ ហើយ​ខ្ញុំ​ក៏បាន​ស្នើ​ឲ្យ​ព្រះ​រាជអាជ្ញា​ មិន​ចាត់​ការ​តម្កល់​ករណី​ហ្នឹង​ហើយ​មិន​ចាត់​ការ​ករណី​នេះ​ទេ»។​ ​

កាល​ពី​ខែ​មេសា​កន្លង​ទៅ​ គណបក្ស​ប្រជាជន​កម្ពុជា​ ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ដាក់ ​«ពាក្យ​បណ្តឹង​បរិហារ​កេរ្តិ៍»​ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ប្រឆាំង​នឹង​លោក​ អ៊ូ វីរៈ​ ​បន្ទាប់

​ពី​លោក​បាន​ផ្តល់​ការ​អធិប្បាយ​ដល់​វិទ្យុ​មួយ ពាក់​ព័ន្ធ​ទៅ​នឹងសំណួរ​អំពី​ស្នេហា​លួចលាក់​របស់​លោក​ កឹម សុខា​ និង​ផល​ប្រយោជន៍​នយោបាយ។

​ ​យោង​ទៅ​តាម​ពាក្យ​បណ្តឹង​ដែល​បាន​ដាក់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី២៥​ ខែ​មេសា​ ឆ្នាំ​២០១៦​ គណបក្ស​កាន់​អំណាច​នេះ​ បាន​ចោទ លោក​ អ៊ូ វីរៈ​ ថា​បាន​បំភ្លៃ​រឿង​រ៉ាវ​ ស្នេហា​បុគ្គល​ឯកជន​របស់​ ឈ្មោះ​ កឹម សុខា​ និង​នាង​ ខុម​ ចាន់តារ៉ាទី​ ហៅ​ «​ស្រីមុំ»​ ថា​ជា​យុទ្ធសាស្ត្រ​របស់​ គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​នយោបាយ។​ បណ្តឹង​នោះ​ បន្ត​ថា​ ការណ៍​នេះ​ គឺ​ជា​ចេតនា​បំផ្លើស​ ទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ កិត្តិស័ព្ទ​ និង​ជា​ការ​បរិហាកេរ្តិ៍​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ សុខ ឦសាន​ អ្នក​នាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា​ បាន​មានប្រសាសន៍​បា្រប់​ VOA ថា​ ទោះបី​លោក​ អ៊ូ វីរៈ​ បដិសេធ​ការ​ថ្លែង​របស់​លោក​ក៏ដោយ​ តុលាការ​ក្រុង​ភ្នំពេញ​នៅ​មាន​សិទ្ធិពិនិត្យ​លើ​សំណុំរឿង​នេះ​បន្ត​ទៅ​ទៀត។​ លោក​ថ្លែង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ភស្តុតាង​គ្រប់​គ្រាន់​សម្រាប់គាំទ្រ​បណ្តឹង​បរិហារ​កេរ្តិ៍នោះ។

លោក សុខ ឦសាន ថ្លែង​ថា៖

«គាត់​មាន​ប្រសាសន៍​ថា ម៉េច​ អាហ្នឹង​ជា​ មតិ​របស់​គាត់​ទេ​ តែ​សំណុំ​រឿង​វា​នៅ​លើ​ដៃ​តុលាការ។ អញ្ចឹង​ខ្ញុំ​ពឹង​ផ្អែក​ក្នុង​នាម​ជា​អ្នក​រងគ្រោះ​ ខ្ញុំ​ពឹង​ផ្អែក​តុលាការ​ដើម្បី​រក​យុត្តិធម៌​ឲ្យ។ គាត់​និយាយ​អី និយាយ​ទៅ ​មិន​មែន​ជា​មតិ​របស់​គាត់​ហ្នឹង​ ជា​អ្នក​កាត់​សេចក្តី​ទេ​ គឺ​នៅ​លើ​តុលាការ​ជា​អ្នក​កាត់​សេចក្តី»។​ ​

បណ្តឹង​របស់​គណបក្ស​ប្រជាជន​ដែល​ប្តឹង​ប្រឆាំង​នឹង​លោក​ អ៊ូ វីរៈ​ បាន​ទាម​ទារ​ឲ្យ​លោក​ អ៊ូ វីរៈ «ផ្តល់សំណង​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ទឹក​ប្រាក់​ចំនួន​ មួយ​រយ​លាន​រៀល​ ឬ ១០​ម៉ឺន​ដុល្លារ​អាមេរិក។​

លោក​ អ៊ូ វីរៈ​ បាន​ប្រាប់​ VOA ​នៅ​មុន​ពេល​ចូល​ទៅ​ក្នុង​តុលាការ​ថា​ លោក​គ្មាន​ឆន្ទៈ​បង់​ប្រាក់​សំណង​នេះ​ទៅ​ឲ្យ​គណបក្ស​កាន់​អំណាច​នោះ​ទេ។

«ខ្ញុំ​ ខ្ញុំ​គ្មាន​ឆន្ទៈ​ក្នុង​ការ​បង់​លុយ​នូវ​អ្វី​មួយ​ដែល​មិន​ត្រឹមត្រូវ​ទេ»។​

អ្នក​វិភាគ​នយោបាយ​រូប​នេះ​ បន្ថែម​ថា​ លោក​នឹង​បន្ត​កិច្ច​ការ​អធិប្បាយ​លើ​ ដំណើរ​វិវត្តន៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា និង​បន្ត​ការ​ការពារ​ការ​សម្តែង​មតិ។​

ការ​ប្តឹង​ផ្តល់​របស់​គណ​បក្ស​កាន់​អំណាច​ របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​រិះគន់​ជា​ច្រើន​ពី​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​ ក្នុង​នោះ​មានការ​ចាប់​ខ្លួន​មន្ត្រី​គណ​បក្ស​ជំទាស់​ ​និង​បណ្តឹង​ដ៏​មាន​ភាព​សាំញ៉ាំ​ ​ក្នុង​ករណី​ទំនាក់​ទំនង​ស្នេហា​របស់​នាង​ ខុម ចាន់ដារ៉ាទី​ ឬ​ស្រីមុំ ​ក្រោយ​ពី​មាន​ការ​លេច​ធ្លាយ​នៃ​ខ្សែអាត់​សំឡេង​សារ​សង​ស្នេហា​ ​ដែល​គេ​ថា ​ជា​សំឡេង​របស់​នាង​ ខុម ​ចាន់ដារ៉ាទី​ និង​លោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ។​ នាង​ស្រីមុំ ​បាន​ឆ្លើយ​ដោយទម្លាក់​កំហុស​ទាំង​ស្រុង​លើ​លោក​ ​កឹម សុខា​ និង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​ ​ដែល​ជួយ​ផ្តល់​មេធាវី​ដល់​ខ្លួន។​ នាង​ចោទ​ថា​ ​អង្គការ​សិទ្ធិ​មនុស្ស​ Adhoc​ បាន​ជំរុញ​ឲ្យ​នាង​ផ្តល់​ចម្លើយ​ក្លែង​ក្លាយ​នា​ពេល​កន្លង។​ មន្រ្តី​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​បួន​នាក់​កំពុងជាប់ឃុំ​ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ខ្សែអាត់​សំឡេង​សារ​សង​ស្នេហា​លួចលាក់​នេះ។​ ​

លោក​ កែម ឡី​ អ្នក​វិភាគ​សង្គម​ ដែល​តាមដាន​សំណុំរឿង​លោក​ អ៊ូ វីរៈ​ បាន​ប្រាប់​ VOA​ ថា​ អ្នក​នយោបាយ​ ត្រូវ​មាន​ការ​អត់ធ្មត់​ទទួល​យក​ការ​រិៈគន់​ ដើម្បី​កែ​លម្អ​ចំណុច​អវិជ្ជមាន​របស់​ខ្លួន ​ជា​ជាង​ការប្រើប្រាស់​ស្ថាប័ន​តុលាការ​ដើម្បី​វាយ​បំបាក់​ក្រុម​អ្នក​រិះគន់។

លោក កែម ឡី ថ្លែង​ប្រាប់ VOA ថា៖

«ការ​រិះគន់​ វា​តែង​តែ​មាន​លើស​លោះ​ អញ្ចឹង​ទៅ​ណ៎ា​ ហើយ​អ្នក​ដែល​ប្រើប្រាស់​ពាក្យ​អសីលធម៌​មួល​បង្កាច់​គេ​ ឬ​មួយ​ក៏​បរិហារកេរ្តិ៍​ គួរ​តែ​ទុក​ឲ្យ​សង្គម​ជា​អ្នក​អប់រំ​ សង្គម​ជា​អ្នក​ឲ្យ​តម្លៃ​ ជា​ជាង​យើង​ប្រើ​ស្ថាប័ន​តុលាការ​យក​មក​ប្រើ»។​

លោក​ អ៊ូ វីរៈ និយាយ​ថា​ ​អ្នក​នយោបាយ​គណបក្ស​គ្រប់​គ្រង​ប្រទេស មិន​ត្រូវ​ផ្តោត​ខ្លាំង​លើ​សំណុំ​រឿង​បរិហារ​កេរ្តិ៍​នេះ​ ជាង​បញ្ហា​ប្រឈម​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ជួប​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ដូច​ជា​ គ្រោះ​រាំង​ស្ងួត​ និង​អំពើ​អយុត្តិធម៌​សង្គម​ផ្សេងទៀត​នោះ​ទេ។​

យ៉ាង​ណា​ក៏​ដោយ​ អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ តុលាការ​នឹង​បន្ត​ការ​ស៊ើប​អង្កេត​នៅ​លើ​សំណុំ​រឿង​នេះ​បន្ត​ទៀត៕​

XS
SM
MD
LG