ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Erdogan ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ជា​ថ្មី​ក្នុង​ប្រទេស​តួកគី


អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan សាទរ​នៅ​ខាង​ក្រៅ​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​របស់​លោក នៅ​ក្នុង​ក្រុង Ankara ប្រទេស​តួកគី កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។
អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan សាទរ​នៅ​ខាង​ក្រៅ​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​របស់​លោក នៅ​ក្នុង​ក្រុង Ankara ប្រទេស​តួកគី កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។

ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ថ្មី​ជា​បន្ត​ទៀត ស្រប​ពេល​ដែល​ការិយាល័យ​ប្រធានាធិបតី​តួកគី​មាន​អំណាច​ខ្លាំងក្លា​ជាង​មុន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​តួកគី​បាន​រាយការណ៍​ថា លោក Erdogan បាន​ឈ្នះ​សំឡេង​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ប្រហែល ៥៣ ភាគរយ។ ចំណែក​ឯ​លោក Muharrem Ince នៃ​គណបក្ស​ប្រជាជន​សាធារណរដ្ឋ ដែល​ជា​គណបក្ស​ប្រឆាំង​ចម្បង​វិញ ទទួល​បាន​សំឡេង ៣១ ភាគរយ និង​ឈរ​នៅ​លំដាប់​ទី​ពីរ។

បន្ថែម​ទៅ​នឹង​ជ័យជម្នះ​លើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នេះ លោក Erdogan ក៏​បាន​ទទួល​ជ័យជម្នះ​ផង​ដែរ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​រដ្ឋសភា។ គណបក្ស​យុត្តិធម៌ និង​ការ​អភិវឌ្ឍ​របស់​លោក​បាន​ឈ្នះ​អាសនៈ​រដ្ឋសភា​ភាគ​ច្រើន ទោះបីជា​មិន​បាន​ទទួល​អាសនៈ​ច្រើន​លើស​លុប​ក៏​ដោយ។ ប៉ុន្តែ ដោយ​រួម​ជាមួយ​នឹង​គណបក្ស​ចលនា​ជាតិ​និយម​ដែល​ជា​គណបក្ស​សម្ព័ន្ធមិត្ត​របស់​ខ្លួន ធ្វើ​ឲ្យ​សម្ព័ន្ធ​ភាព​នៃ​គណបក្ស​ទាំង​ពីរ​ទទួល​បាន​អាសនៈ ៣៤៣ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន ៦០០ នៅ​ក្នុង​រដ្ឋសភា។

លោក Erdogan ដែល​បាន​ឡើង​កាន់​អំណាច​តាំង​ពី​ឆ្នាំ ២០០៣ មក ត្រូវ​បាន​អ្នក​គាំទ្រ​របស់​លោក​គោរព​ស្រលាញ់​ដោយសារតែ​ទស្សនៈ​អភិរក្ស​និយម​របស់​លោក គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​របស់​លោក និង​ជំហរ​សន្តិសុខ​រឹងមាំ​របស់​លោក។ ប៉ុន្តែ​អ្នក​រិះគន់​លោក​បាន​និយាយ​ថា លោក​ដឹកនាំ​ដោយ​ប្រើ​កណ្ដាប់​ដៃ​ដែក និង​បាន​ចោទ​ប្រកាន់​លោក​ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុករលួយ និង​ដឹកនាំ​រដ្ឋាភិបាល​ក្នុង​ផ្លូវ​ខុស៕

XS
SM
MD
LG