ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​រដ្ឋ Oregon ថា រដ្ឋ​នេះ​កំពុង​ទទួល​រង​គ្រោះ​ខ្លាំង​ពី​ភ្លើង​ឆេះ​ព្រៃ​មិន​ធ្លាប់​មាន


រូបឯកសារ៖ ទង់ជាតិ​អាមេរិក​មួយ ត្រូវ​បាន​គេ​បិត​ភ្ជាប់​នឹង​បង្គោល​នៅ​ច្រក​ចូលផ្ទះ​មួយ ដែល​ត្រូវ​បាន​ភ្លើង​ឆេះ នៅ​រដ្ឋ Oregon កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ ទង់ជាតិ​អាមេរិក​មួយ ត្រូវ​បាន​គេ​បិត​ភ្ជាប់​នឹង​បង្គោល​នៅ​ច្រក​ចូលផ្ទះ​មួយ ដែល​ត្រូវ​បាន​ភ្លើង​ឆេះ នៅ​រដ្ឋ Oregon កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

អភិបាលរដ្ឋ Oregon អ្នកស្រី Kate Brown បានប្រាប់​អ្នកសារព័ត៌មាន​នៅ​យប់ថ្ងៃចន្ទ​ថា អ្នកស្រី​បាន​ស្នើទៅ​លោក​ប្រធានាធិបតី Donald Trump ឲ្យចេញនូវ​ការប្រកាស​ស្ថានភាព​របស់​រដ្ឋ​​អ្នកស្រី ថាជា​គ្រោះមហន្តរាយ​ដ៏ធំ​មួយ ដើម្បី​ឲ្យរដ្ឋ​នេះ​ អាច​ទទួល​បាន​នូវ​ជំនួយ​ពីរដ្ឋាភិបាល​សហព័ន្ធ​បន្ថែម​ទៀត។

អភិបាល​រដ្ឋ​ Oregon ​អ្នក​ស្រី​ Kate Brown និយាយ​ថា ​រដ្ឋ​របស់​អ្នក​ស្រីបានបាន​រង​ការប៉ះ​ពាល់ខ្លាំងដោយ​ភ្លើង​ឆេះព្រៃ ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ​នេះ​ ដែល​បាន​បំផ្លាញផ្ទៃ​ដី​អស់​រាប់រយ​ហិកតា​ និង​បំផ្លាញ​សហគមន៍​ទាំង​មូលផង​ដែរ។​

អ្នក​ស្រី​ Brown ​បាន​ប្រាប់អ្នក​សារព័ត៌មាននៅ​យប់​ថ្ងៃ​ចន្ទ​ថា​ អ្នក​ស្រី​បាន​ស្នើ​ទៅ​លោក​ប្រធានាធិបតី​ Donald Trump ឲ្យ​ចេញ​នូវ​ការ​ប្រកាសស្ថានភាព​របស់​រដ្ឋ​នៅ​ភាគ​ពាយ័ព្យជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ​ ថា​ជាគ្រោះ​មហន្តរាយ​ដ៏​ធំ​មួយ​ ដើម្បី​រដ្ឋ​នេះ​ អាច​ទទួល​បាន​នូវ​ជំនួយពី​រដ្ឋាភិបាល​សហព័ន្ធ​បន្ថែម​ទៀត​ សម្រាប់​ក្រុម​ការងារ​ពន្លត់​អគិ្គភ័យ និង​ក្រុម​បុគ្គលិក​សង្គ្រោះ​បន្ទាន់ៗ​ផ្សេងៗ​ទៀត។ លោក​ប្រធានាធិបតី​ត្រាំ​ បាន​ចេញរួច​ហើយនូវ​សេចក្តី​ប្រកាស​បន្ទាន់​មួយរបស់​រដ្ឋាភិបាល​សហព័ន្ធ​សម្រាប់​រដ្ឋ Oregon កាល​ពី​សប្តាហ៍​មុន។​ ​

លោក Andrew Phelps នាយកទី​ភ្នាក់​ងារ​គ្រប់​គ្រង​សង្រ្គោះ​បន្ទាន់របស់​រដ្ឋ Oregon បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្សចំនួន​១០​នាក់ បាន​ស្លាប់​ដោយ​ភ្លើង​ឆេះ​ព្រៃ​នេះ ហើយ​២២​នាក់​ផ្សេង​ទៀត​ កំពុង​បាត់​ខ្លួន​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

អ្នកព្យាករណ៍​អាកាស​ធាតុ​បាន​ឲ្យ​ដឹង​ថា​ ​ព្យុះ​ភ្លៀង នឹង​កើត​មាន​ក្នុង​រដ្ឋ Oregon នៅ​ថ្ងៃ​ព្រហស្បតិ៍ ដែល​អាច​ជួយ​ដល់​ក្រុម​ពន្លត់​អគ្គិភ័យ​ ក្នុង​ការ​គ្រប់គ្រងភ្លើង​ឆេះ​ព្រៃ​ និងធ្វើ​ឲ្យ​ផ្ទៃ​មេឃមានភាពស្រឡះ​ឡើង​វិញ​ បន្ទាប់​ពី​ទទួល​រងនូវ​ភាព​ខ្មៅ​ងងឹត​ដោយ​សារ​ផ្សែង​ភ្លើង​ឆេះ​ព្រៃ​មក។

គុណភាព​ខ្យល់​ក្នុង​រដ្ឋ ​Oregon ទាំង​មូល​ ត្រូវ​បាន​វាយ​តម្លៃ​ដោយ​មន្ត្រី​បរិស្ថាន​របស់​រដ្ឋ​ថា ​មាន​គ្រោះ​ថ្នាក់ និង​ប៉ះ​ពាល់​ដល់​សុខភាព​ខ្លាំង។ ការអាចមើល​ឃើញគ្នា​ ​បាន​ធ្លាក់​មកចម្ងាយ​តិច​ជាង​៥០០ម៉ែត្រ​ នៅកន្លែង​ខ្លះ​ ដែល​ធ្វើ​ឲ្យ​ការ​បើក​បរ​ មាន​គ្រោះ​ថ្នាក់​ខ្លាំង។

ភ្លើង​ឆេះ​ព្រៃ​ ដែល​កើត​មានជា​ច្រើន​សប្តាហ៍​មក​ហើយគួប​ផ្សំ​នឹង​អាកាស​ធាតុ​ក្តៅខ្លាំង​ និង​ខ្យល់​ស្ងួតដែល​មិនធ្លាប់​មាន​ពី​មុន​មក បាន​បំផ្លាញ​ផ្ទៃ​ដី​អស់ជាង១លាន​ហិកតា ក្នុង​រដ្ឋ Oregon រដ្ឋ Washington និង​រដ្ឋ California។ មាន​មនុស្ស​សរុប​៣៥​នាក់​បាន​ស្លាប់​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ​ទាំង​បី​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG