ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ក្រុមជំទាស់​ប្តេជ្ញា​ជាថ្មី​ដើម្បី​វិល​ទៅស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​


រូបឯកសារ៖ក្នុង​វីដេអូ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​​របស់​លោក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​វត្ត​ខ្មែរ Brooklyn ក្នុង​បុរី​ញូវយ៉ក។ (ទំព័រ​ហ្វេសប៊ុក Sam Rainsy)
រូបឯកសារ៖ក្នុង​វីដេអូ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​​របស់​លោក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​វត្ត​ខ្មែរ Brooklyn ក្នុង​បុរី​ញូវយ៉ក។ (ទំព័រ​ហ្វេសប៊ុក Sam Rainsy)

គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវរំលាយ​បាន​ប្តេជ្ញា​ជាថ្មីថា​នឹង​តស៊ូ​នយោបាយ​បែប​អហិង្សា​ដើម្បី​ឲ្យមាន​ការ​ដោះលែង​លោក​ កឹម សុខា ​មេដឹកនាំ​ក្រុម​ជំទាស់​ ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​និង​ការពារ ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA​ និង​ GSP ​កុំឲ្យ​បាត់ បង់។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​អំពី​ «ការធ្វើ​មាតុភូមិ​និវត្តន៍​នៃថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ‍» ​នៅថ្ងៃចន្ទនេះ ​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើមថា៖«ដូច្នេះ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស សង្គ្រោះ​ជាតិ​នៅពេល​ដ៏ខ្លី​ខាងមុខនេះ​ គឺទៅ​រួមសុខ​ រួមទុក្ខ​ជាមួយ​ជនរួម​ជាតិ​យើង​នៅក្នុង​ប្រទេស កម្ពុជា​និង​ធ្វើការ​តស៊ូ​នយោបាយ​ដោយ​អហិង្សា​ ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ ​ដើម្បី​ឲ្យមានការ​ដោះលែង​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​អនុញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ដំណើរការ​ឡើងវិញ ​តាម​លក្ខខណ្ឌ​របស់​សហគមន៍​អឺរ៉ុប​និងសហរដ្ឋអាមេរិក​ បញ្ចៀស​ការ​កាត់ផ្តាច់​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA​ និង ​GSP‍»។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ដែល​ចាប់​ផ្តើម​ពីពាក្យ​ថា​ប្រទេស​កម្ពុជា​ ជាមាតុភូមិ​របស់​ខ្មែរ​ទាំងអស់គ្នា ​បាន​បញ្ជាក់​បន្ថែម​ពីសិទ្ធិ​និង​ភារកិច្ច​ជាច្រើន​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ​គ្រប់​និន្នាការ ​នូវសិទ្ធិ ​កាតព្វកិច្ច​ថែរក្សា​ការពារ​ទឹកដី ​ផលប្រយោជន៍ ​និង ​សេចក្តី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ជាដើម។ ​សេចក្តី​ថ្លែង ការណ៍​ដដែល​នោះ​ បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ខ្មែរ ​គ្រប់មជ្ឈដ្ឋាន ​គ្រប់​និន្នាការ​នយោបាយ​រួមកម្លាំង​គ្នា​ រក្សា​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​និង ​GSP​ ដើម្បី​បញ្ចៀស​នូវការ​ឈឺចាប់ ​និង​សេចក្តី​ទុក្ខលំបាក របស់​ពលរដ្ឋ​ខ្មែរយើង។ ​កម្ពុជា​អាចបាត់​បង់​ថវិកា​រាប់រយ​លាន​ដុល្លារ​ក្នុង១ឆ្នាំ ​និង​ប៉ះពាល់​ដល់​ជីវភាព​ពលករ​រាប់ម៉ឺននាក់ ​នៅពេល​ដែលមាន​ការកាត់​ផ្តាច់​ប្រពន្ធ​អនុគ្រោះពន្ធEBA​និង​ GSP។​ សហគមន៍​អន្តរជាតិ​រួមទាំង​អាមេរិក​ និង ​សហភាពអឺរ៉ុប ​បាន​ជំរុញ​ដល់​មេដឹកនាំ​នយោបាយ​ កម្ពុជា​ឲ្យដោះ​ស្រាយបញ្ហា​ស្មុគស្មាញ​នយោបាយ​ដោយ​សន្តិវិធី៕

XS
SM
MD
LG