ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

របាយការណ៍​​អេហ្វប៊ីអាយ (FBI) បង្ហាញ​ពី​ការ​បំភិត​​បំភ័យ​សាក្សី


បុរស​ខ្មែរ​ម្នាក់​ពិនិត្យ​មើល ​រូប​ថតនៃ​​ទិដ្ឋភាព​ជន​រង​គ្រោះ​ក្នុង​ថ្ងៃ​បោក​គ្រាប់​បែក​ទី​៣០​ខែ​មីនា​ ឆ្នាំ​១៩៩៧ ដែល​គេ​បាន​​ដាក់​តាំង​បង្ហាញ​​នៅ​ក្នុង​ពិធី​បែប​ពុទ្ធសាសនា​មួយ​នៅ​​​ ក្នុង​ក្រុង​ភ្នំពេញ​​ កាល​ពី​ថ្ងៃ​ពុធ​ទី​៣០​ខែ​មីនា​​ឆ្នាំ​២០១១។ ព្រះ​សង

ខណៈ​ដែល​ស្ថាប័ន​ស៊ើបអង្កេត​អេហ្វប៊ីអាយ​បាន​ចាប់ផ្តើម​បញ្ចេញ​ជា​បណ្តើរៗ​នូវ​របាយ​ការណ៍ស៊ើប​អង្កេត​លើ​ករណី​គប់​គ្រាប់​បែក​កាល​ពីថ្ងៃ​ទី ៣០ ខែ​មិនា ឆ្នាំ ១៩៩៧ ជនរងគ្រោះ​អាមេរិក​ម្នាក់​ដែល​រងរបួស​ដោយ​ការវាយ​ប្រហារ​នោះទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួលខុស​ត្រូវ​ចំពោះ​អ្វីដែល​បាន​កើត​មាន​ឡើង។

លោក រ៉ន អាប់​នី​ អតីត​ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ដែល​បាន​រង​របួស​ក្នុង​ការវាយ​ប្រហារ​នោះ ​បាន​ចោទប្រកាន់​ដោយ​ត្រង់ៗ​ទៅ​លើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ប៉ុន្តែ​មិនប​ាន​ធ្វើការងារ​គ្រប់​គ្រាន់​ទេ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«តើអ្នក​អាច​រស់​នៅ​យ៉ាងម៉េច​បានក្នុង​ប្រទេស​មួយ​ដែល​មាន​ប្រធានាធិបតី​ឬ​នាយក​រដ្ឋមន្រ្តី​ដែល​មិនទទួល​ទោស​អ្វី​ទាំងអស់​ចំពោះ​ការធ្វើឃាត​មនុស្ស។ នេះ​គឺ​ជា​អ្វី​ដែល​កម្ពុជា​កំពុង​តែជួបប្រទះ។ បើទោះបី​ជា​មាន​ការ​រីក​ចម្រើន​ខ្លះ​ ប៉ុន្តែ​មាន​កម្រិត​តិចតួច​ណាស់។ តើអ្នក​អស់សង្ឃឹម​ប៉ុណ្ណា​នៅពេល​ដែល​អ្នក​មិនអាច​យក​អ្វី​ជា​គោលការណ៍​មក​អនុវត្ត​បាន​នោះ? រឿងទាំងអស់​នេះ​ធ្វើឱ្យ​ខ្ញុំ​អស់​សង្ឃឹម​ខ្លាំង​ណាស់»។

នៅក្នុង​ចំណាត់​ការ​ចុងក្រោយ​នេះ​លោក រ៉ន អាប់នី​បាន​ដាក់​ពាក្យ​ប្តឹង​តវ៉ា​ទៅ ការិយាល័យ​រដ្ឋ​អាជ្ញា​ក្នុង​ទីក្រុង​ញ៉ូវយ៉ក​ក្នុង​ទម្រង់ជា​បទល្មើស​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​លោក​ហ៊ុន សែន ​និង​កូនចៅ​របស់​លោក​ពី​បទ​ទប់ស្កាត់​ការស្វែងរក​យុត្តិធម៌ និង​កុហក​ក្រុម​ស៊ើប​អង្កេត​អេហ្វប៊ីអាយ។

យោងតាម​របាយការណ៍​ស៊ើបអង្កេត​របស់​អេហ្វប៊ីអាយ​ដែល​បាន​បញ្ចេញ​ឱ្យ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរភាសា​នាពេលថ្មីៗនេះ​ បាន​បង្ហាញ​ពី​ការ​ប្រព្រឹត្ត​មិនសម​រម្យ​របស់​មន្ត្រី​កម្ពុជា​ដើម្បី​បំភិតបំភ័យ​សាក្សី និង​ការ​ស្ទាក់ស្ទើរ​របស់​សាក្សីក្នុង​ការ​ផ្តល់​កិច្ច​សហការ​ដល់​ការសាកសួរ​ដែល​មាន​វត្តមាន​របស់​មន្ត្រី​ប៉ូលីស​កម្ពុជា។

នៅក្នុង​ពេល​កំពុង​សម្ភាស​សាក្សី​ម្នាក់​ដែល​អេហ្វប៊ីអាយ​ដាក់​ឈ្មោះ សម្ងាត់​ហៅថា​ «ក្រយ៉ៅដៃ​ទីមួយ» ឬ Fingerprint Number One ​មាន​មន្រ្តី​ភ្នាក់ងារ​សម្ងាត់​របស់​រដ្ឋាភិបាល​ម្នាក់​ដែល​ចូលរួម​ក្នុង​ការសម្ភាស​បាន​ស្ទុះទៅ​ថត​រូប​សាក្សី​ដោយ​គ្មាន​ការ​អនុញ្ញាត​ដែល​បាន​បណ្តាល​ឱ្យ​ភ្នាក់​ងារ​អេហ្វប៊ីអាយ​ខឹង​សម្បារ និង​គំរាម​បញ្ចប់​ការស៊ើប​អង្កេត​ទាំងមូល​ព្រោះ​ពួកគេ​ចាត់​ទុកថា​ជាចេតនា​មួយ​បំភិតបំភ័យ​ដល់​សាក្សី​ដែល​ចង់​លាក់​អត្តសញ្ញាណ។

មានសាក្សី​ខ្លះ​ត្រូវ​អេហ្វប៊ីអាយ​សម្ភាសឡើង​វិញ​ដោយ​គ្មាន​វត្តមាន​របស់​អាជ្ញាធរ​ប៉ូលីស​កម្ពុជា​ហើយ​បាននាំ​ទៅដល់​ការសម្ភាស​សាក្សី​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដោយ​មិនឱ្យ​អាជ្ញាធរ​ប៉ូលីស​កម្ពុជា​ដឹង។ របាយការណ៍​នោះ​បន្ថែមថា សាក្សី​មាន​ការជឿជាក់​ក្នុង​ការ​ផ្តល់​ចម្លើយ​នៅពេល​ដែល​គ្មានវត្តមាន​របស់​អាជ្ញាធរ​ប៉ូលីស​ខ្មែរ។

យោងតាម​ឯកសារ​ចំនួន​១.២៤៨ ទំព័រ​ ដែល​វីអូអេ​ទទួលបាន​ពីក្នុង​របាយការណ៍​សរុប​ជាង​២០០០​ទំព័ររបស់​ អេហ្វប៊ីអាយ​បាន​ឱ្យ​ដឹងថា សាក្សី​ដែល​អេហ្វប៊ីអាយ​បាន​សម្ភាស​ចង្អុល​បង្ហាញ​ថា ក្រុមអង្គរក្ស​ដែល​បាន​ដាក់​ការពារ​នៅ​គោលដៅ​ក្បែរ​កន្លែង​បាតុកម្ម​ ដែល​ពេលនោះ​គេ​ដឹង​ថា ជា​កងអង្គរក្ស​លោក អតីត​នាយក​រដ្ឋមន្រ្តី​ទីពីរ​ ​ហ៊ុន សែន ​និង​អាជ្ញាធរ​ប៉ូលីស​ដែល​មាន​វត្ត​មាន​នៅ​កន្លែង​កើត​ហេតុបាន​រារាំង​មិនឱ្យ​ពួកគេ​ជួយជន​រងគ្រោះ​និង​គំរាម​ពួកគេបន្ថែម​ទៀត​នៅ​ក្រោយ​ពី​មាន​ការវាយ​ប្រហារ​ដោយ​គ្រាប់​បែក​ភ្លាមៗ។

សាក្សី​ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​បាន​បញ្ជាក់​ថា កងកម្លាំង​ដែល​នៅ​ទីនោះ​បាន​បាញ់​អ្នក​ដែល​ព្យាយាម​ជួយ​ជន​រងគ្រោះ​និង​មាន​ខ្លះ​បាន​បាញ់​បាតុករ​រងគ្រោះ​បន្ថែម​នៅ​ពេល​ដែល​ពួកគេ​រត់​ចេញ​ពី​ទី​កើត​ហេតុ។

អាជ្ញាធរ​ប៉ូលីស​ជាតិ​កម្ពុជា​បដិសេធចំពោះ​ការចោទ​ប្រកាន់​នោះ។

លោក ខៀវ សុភ័គ​ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ក្នុង​បទសម្ភាស​កាល​ពី​សប្តាហ៍​មុនថា ពុំមាន​រដ្ឋា​ភិបាល​ណា​ដែល​ចង់​ឱ្យ​ស្លាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទេ។ លោក​បាន​បញ្ជាក់​បន្ថែមថា ក្នុង​អំឡុង​ពេល​ស៊ើប​អង្កេត​កន្លងមក​លោក​បាន​ដើរតួនាទី​ជាអ្នក​ជួយ​សម្របសម្រួល​ដល់​ការងារ​របស់​អេហ្វប៊ីអាយ​និង​ជា​អ្នក​បកប្រែ​ផង​ហើយ​បាន​សង្កេត​ឃើញ​ថាអ្វីៗ​ដំណើរការ​ល្អ៖

«ខ្ញុំ​ពិនិត្យ​ឃើញ​ថា​ដូចជា​មិនមាន​ការរារាំង​អ្វីទេ។ អេហ្វប៊ីអាយ​ចង់​សាកសួរ​អ្នក​ណា​ រដ្ឋាភិបាល​គាត់​ឱ្យ​អ្នកនោះ​មកឆ្លើយ​បំភ្លឺហើយ​ក្នុង​នាម​ខ្ញុំ​នៅ​ក្នុង​នោះ ខ្ញុំ​មិន​ឃើញ​មាន​ការលាក់​កំបាំង​អ្វីទាំងអស់…​ដូចជា​គ្មាន​ការរារាំង​មិនឱ្យ​ឆ្លើយ​ទេ»។

ការសើរើ​ប្តឹង​លើ​លោក​ហ៊ុន សែន​និង​ក្រុម​អង្គរក្ស​ការពារ​កើត​ឡើង​ចំពេលដែល​មេបក្ស​ប្រឆាំង​គឺ​លោក សម រង្ស៊ី​ កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅប្រទេស​បន្ទាប់ពី​ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១២ឆ្នាំ​ទាក់ទង​នឹង​រឿង​ដកតម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាមនិង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​លើ​បញ្ហាឯកសារ​ព្រំដែន។

អ្នក​តាមដាន​សភាព​ការណ៍​កម្ពុជា​យល់​ថា វាអាច​ជា​ការ​ដាក់​សម្ពាធ​ណាមួយ​ទៀត​សម្រាប់​ចរចា​ឱ្យ​លោក​សម រង្ស៊ីបាន​ចូលប្រទេស​វិញ​ព្រោះ​ការប្តឹង​លើក​មុន​ត្រូវ​បាន​ដោះស្រាយ​គ្នា​ដោយ​ស្ងាត់ៗ​ជាថ្នូរ​នឹង​ការ​ឱ្យ​លោក​សម រង្ស៊ី ​បាន​វិលត្រឡប់​ទៅ ប្រទេស​កម្ពុជាវិញ​ម្តងរួច​ហើយ។

ប៉ុន្តែ​លោក ម៉នថុន ស្លការ (Morton Slkar) មេធាវី​ដែល​កាន់​សំណុំ​រឿងក្តី​នោះ​បាន​បញ្ជាក់ថា ការប្តឹង​ផ្តល់​លើក​នេះ​គឺ​មិនមែន​ដើម្បី​ជា​ថ្នូរ​ដែល​នឹង​ត្រូវ​ដោះ​ដូរ​សម្រាប់​លោក​សម រង្ស៊ី​ចូល​ស្រុក​វិញទេ។ លោក​បញ្ជាក់​បន្ថែមថា បើទោះ​បីជាមាន​ឬ​មិនមាន​ការ​យក​រឿងក្តី ​នេះ​មក​ចាត់ការវាអាស្រ័យ​លើ​រដ្ឋ​អាជ្ញា​របស់​សហរដ្ឋ​អាមេរិកក្នុង​ការ​បន្ត​រឿង​ក្តីនេះ​តែ​ប៉ុណ្ណោះ​ ហើយ​នឹង​ត្រូវ​ធ្វើ​នៅពេល​ណា​មួយ។

លោក ម៉នថុន បាន​សន្និដ្ឋាន​ថា វប្បធម៌​មិន​ទទួល​ទោស​ដែល​កើត​មាន​សព្វ​ថ្ងៃ​និង​ការចូល​ជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ជាទម្លាប់​ដែល​កើត​ឡើង​មួយ​ផ្នែកដោយ​ការណ៍​ដែល​មិនមាន​ការដាក់​ទោសទណ្ឌ​លើ​អ្នក​ដែល​ប្រព្រឹត្តខុស​នៅ​កម្ពុជា​ដែល​មាន​ដូច​ជា​ករណី​គប់​គ្រាប់បែក​នេះ​ជាដើម។​ លោក​បាន​បន្ថែមថា មានការ​ខិតខំ​ជាច្រើន​ទៀត​ដែល​ជា​ការបន្ថែម​ទៅនឹង​ការប្តឹង​តវ៉ា​ករណី​ព្រហ្មទណ្ឌ​នេះ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទទូល​ខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​នានា។

ការអះអាង​នេះ​ក៏​ត្រូវ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​បដិសេធ​ផងដែរ ​ដោយ​ការ​ពារ​ការអនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ថា​ បាន​យកចិត្ត​ទុកដាក់​ពង្រឹងដល់​ប្រព័ន្ធ​យុត្តិធម៌​និង​មិន​មាន​ការ​ជ្រៀតជ្រៀត​ចូលក្នុង​ការអនុវត្ត​ការងារ​របស់​តុលាការ​ទេ។

លោក ផៃ ស៊ីផាន ​រដ្ឋលេខាធិកា​និង​ជាអ្នកនាំពាក្យ​មួយរូប​នៃ​ក្រុម​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណរដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ថា៖

«អ្វីដែល​បាន​លើកឡើង​គ្រាន់តែ​ជាការ​វាយប្រហារ​ចោទ​ប្រកាន់គឺ​មិនមែន​ជា​មូលដ្ឋាន​នៃ​ការ​គិត​ ឬ​ជា​មូលដ្ឋាន​នៃ​ការអនុវត្ត ​ដោយសារ​យើង​ឃើញ​ជា​បន្ត​បន្ទាប់​ទៀត​នូវ​អ្វី​ដែល​ជា​កំណែ​ទម្រង់​យុត្តិធម៌។ ​អ្វីដែល​ជា​ការ​ស៊ើបអង្កេត​នៅ​តែ​មាន​បន្ត​មិន​មែន​បាន​សេចក្តី​ថា ​ករណី​បោក​គ្រាប់​បែក​ដែល​ធ្វើតាំង​ពីពេល​នោះ​វាក្លាយ​ទៅជា​ប្រធានបទ​នៃ​ការប្រព្រឹត្ត​នូវ​ឧក្រិដ្ឋ​កម្ម​ជាបន្ត​បន្ទាប់»។

យ៉ាងណា​ក៏ដោយ ​នៅ​មិនទាន់​មាន​ការចាត់​ការ​យ៉ាងណា​នៅ​ឡើយទេ​ចំពោះ​ពាក្យ​បណ្តឹង​តវ៉ា​របស់​លោក​រ៉ន អាប់នី និង​ជនរងគ្រោះ​ដទៃ​ទៀត​នោះ។​ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុម​មេធាវី៕

XS
SM
MD
LG