ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលចោទ​បក្ស​ប្រឆាំង​ថា​បំរើ​បរទេស


នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ​នៃ​ប្រទេស​កម្ពុជា។
នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ​នៃ​ប្រទេស​កម្ពុជា។

ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ​លោក​នាយករដ្ឋមន្រ្ដី ​ហ៊ុន សែន ​បាន​ចោទប្រកាន់​លោក ​សម រង្ស៊ី ​ថា​ បាន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ប្រទេសក្រៅ​ ដោយ​ហេតុ​ថា​ លោក​សម រង្ស៊ី ​កំពុង​ព្យាយាម​បង្ក​ជម្លោះ​ជាមួយ​រូប​លោក​។ ប៉ុន្ដែ​លោក​សម រង្ស៊ី ​ដែល​កំពុង​ស្ថិត​នៅប្រទេស​បារាំង ​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។

លោក​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ដ្រី​កម្ពុជា​ នៅ​ថ្ងៃចន្ទ័​នេះ​ បាន​ចោទ​ប្រកាន់​មេដឹក​នាំ​គណបក្សជំទាស់​លោក​ សម រង្ស៊ី​ ថា​ កំពុង​បង្ក​ជម្លោះ​បែប​បុគ្គល​ប្រឆាំង​នឹង​រូប​លោក​ ដោយ​បម្រើ​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​បរទេស។

ការចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ​សម រង្ស៊ី ​ដែល​ត្រូវ​តុលាការ​ខ្មែរ​ផ្ដន្ទា​ទោស​ បាន​ចូលរួម​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ក្រុម​តំណាង​រាស្ដ្រ​របស់​គណបក្ស​ជំទាស់​ចំនួន​ ២៥ រូប​ផ្សេង​ទៀត​លើ​លិខិត​កោះ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ចូល​បំភ្លឺ​អំពី​ការលើក​ឡើង​ពីការ​បង្វឹក​វិជ្ជា​យោធា​ដល់​ក្រុម​អាវ​ក្រហម​ថៃ​នៅ​តាម​តំបន់​ព្រំដែន​។ ក្រុម​អាវ​ក្រហម​ដែល​ជា​ក្រុម​ប្រឆាំង​នឹង​ការដឹកនាំ​របស់​ក្រុង​បាងកក ​ក៏ប៉ុន្ដែ រដ្ឋាភិបាល​ខ្មែរ​បាន​ច្រាន​ចោល​ការលើកឡើង​នោះ។

ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ​លោក​ ហ៊ុន សែន ​ចាត់ទុក​ថា ​លោក​ សម រង្ស៊ី ​ចង់​បង្វិល​បញ្ហា​តុលាការ​ទៅជា​ជម្លោះ​តទល់​ជាមួយ​រូប​លោក​។

“កុំ​ចង់​ផ្ទេរ​ជម្លោះ​ជាមួយ ​ហ៊ុន ​សែន​ ឲ្យ​សោះ​។ ប៉ះពាល់​ជាមួយ​នឹង​ច្បាប់ ​និង​មាន​ជម្លោះ​ជាមួយ​នឹងច្បាប់​ រួច​ធ្វើ​វិធី​មួយ​ ដើម្បី​មក​ជម្លោះ​ជាមួយ​ខ្ញុំ​។ សុំទោស​ សូម​កុំ​ធ្វើ​នយោបាយ​ផ្ទេរ​ជម្លោះ​។ ​ប្រទេស ខ្លះ​គេ​ផ្ទេរ​ជម្លោះ​ពីផ្ទៃក្នុង​របស់​គេ​ឲ្យ​ទៅ​ជា​ជម្លោះ​ខាង​ក្រៅ។ ឯង​ចង់​ផ្ទេរ​ជម្លោះ​ពី​ច្បាប់​មក​ជាមួយ​ ហ៊ុន សែន​ រួច​ហើយ​តំណាង​ផល​ប្រយោជន៍​ឲ្យ​បរទេស​ទៅ​ទៀត"។

លោក​ សម រង្ស៊ី ​ត្រូវ​តុលាការ​របស់​ប្រទេស​កម្ពុជា ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ​១២ ឆ្នាំ ​ពីបទ​ក្លែង​បន្លំ​ឯកសារ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ទាក់ទង​ទៅនឹង​ការចុះផ្សាយ​នូវ​ផែនទី​ប្រទេស​កម្ពុជា​លើ​គេហទំព័រ​គណបក្ស​របស់​លោក​ដែល​បង្ហាញ​ថា​ ប្រទេស​វៀតណាម​បោះ​បង្គោល​ព្រំដែនចូល​ក្នុង​ព្រំដែន​ប្រទេស​កម្ពុជា​ ប៉ុន្ដែ​រដ្ឋាភិបាល​ខ្មែរ​បាន​ចាត់ទុក​ថា ​នោះ​គឺជា​ផែនទី​ក្លែងក្លាយ​ មួយ​វិញទៀត​លោក​សម រង្ស៊ី ​ត្រូវ​ផ្ដន្ទា​ទោស​ពីបទ​បំផ្លិច​បំផ្លាញ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង​ និង​ញុះ​ញង់​ ការរើស​អើង​ជាតិ​សាសន៏​ផង​ដែរ​។

មេដឹក​នាំ​គណបក្ស​ជំទាស់​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ប្រទេស​បារាំង។

ឆ្លើយ​តប​តាម​ទូរសព្ទ័​ជាមួយ​ VOA ​សម្លេង​សហរដ្ឋ​អាមេរិក​ពី​ទីក្រុង​ប៉ារីស លោក​សម រង្ស៊ី​ អះអាង ថា​ លោក​ មិនមែន​កំពុង​ព្យាយាម​ប្រឈមមុខ​ជាមួយ​នឹង​លោកនាយករដ្ឋ​មន្ដ្រី​ខ្មែរ​នោះ​ទេ ប៉ុន្ដែ​លោក​ប្រឈម​នឹង​ប្រទេស​វៀតណាម​ ដែល​បាន​ទន្រ្ទាន​ចូល​ទឹកដី​ខ្មែរ។

“ខ្ញុំ​មិន​ដែល​យក​រឿង​បុគ្គល​ជា​ធំ​ទេ។ ខ្ញុំ​ប្ដឹង​ប្រទេស​វៀតណាម ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា​។ ​ប្រជារាស្រ្ត​ខ្មែរ​តាំងពី ​២០ - ៣០ ​ឆ្នាំ​ហើយ​ រងគ្រោះ​ដោយ​និទណ្ឌភាព​។ អ្នក​មាន​អំណាច មាន​ទម្លាប់​អាក្រក់​សម្លាប់​គេ ​បាន​តាមចិត្ត​។ ខ្ញុំ​ត្រូវតែ​ខិតខំ​បញ្ចប់​និទណ្ឌភាព​នេះ ​ដើម្បី​ឲ្យ​ប្រជារាស្ដ្រ​ ខ្មែរ​រស់នៅ​បាន​សុខសាន្ត​ក្នុង​សង្គម​មួយ​ដែល​មាន​ភាពយុត្តិធម៌" ។

កាលពី​ថ្ងៃសៅរ៍ ​លោក ​សម រង្ស៊ី ​បាន​ថ្លែង​ជាថ្មី​ម្ដង​ទៀត​ប្រាប់​សកម្មជន​របស់​ខ្លួន​តាម​ការផ្សាយ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​ថា​ លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ចំនួន​ប្រឆាំង​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន ​និង​ប្រធាន​កង​ការពារ​របស់​លោក​ ទៅកាន់​តុលាការ​សហរដ្ឋអាមេរិក​ ​ប្រទេស​បែល​ហ្ស៊ិក ​អេស្ប៉ាញ ​និង​ ហូឡង់​។ បណ្ដឹង​ទាំងនោះ​ដែល​ទាក់ទង​នឹង អំពើ​ហិង្សា​នៃ​ព្រឹត្តិការ​ណ៍​ផ្ទុះ​អាវុធ ​កាលពី​ខែកក្កដា​ ឆ្នាំ ១៩៩៧ ​និង​ព្រឹត្តិការ​ណ៍​គប់​គ្រាប់បែកយ៉ាង​ឃោរ​ឃៅ​ កាលពី​ថ្ងៃទី​ ៣០​ ខែមិនា ​ឆ្នាំ ១៩៩៧​ ការ​សម្លាប់បាតុករ ​និង​ព្រះសង្ឃ​នៅឆ្នាំ ​១៩៩៨​និង​ការបង្ក​ ឲ្យ​មាន​ការស្លាប់​ជន​ស៊ីវិល​ នៅក្នុង​យុទ្ធនាការ​កាប់​ព្រៃ​ឈើ​ ក ៥ ​ក្នុង​ទសវត្សរ៍​៨០​។

លោក​ សម រង្ស៊ី ​បាន​ភាស​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​ទៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជិត​មួយឆ្នាំ​ហើយ។

កាលពី​ខែ​កញ្ញា​ លោក​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​មួយ​ ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​សមាជិក​សភា​ ក្នុង​ទ្វីប​អឺរ៉ុប ​និង​ទ្វីប​អាមេរិក​ ប្រយោជន៍​ឲ្យ​ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​របស់​ពួកគេ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ​ដើម្បី​ឲ្យ​បើក​ផ្លូវ​ឲ្យ​រូប​លោក​វិលត្រឡប់​ចូល​កាន់​ការងារ​ជា​តំណាងរាស្ដ្រ​ដូច​ធម្មតា​ឡើង​វិញ​។

លោក​ សម រង្ស៊ី​ អះអាងថា ​រហូត​មក​ទល់​ថ្ងៃនេះ​ សមាជិក​សភា ​អន្ដរជាតិ​សរុប​ជាង​ ១២០​ រូបបាន​ចុះ​ហត្ថលេខា​គាំទ្រ​រូប​លោក។ ក៏ប៉ុន្ដែ​ លោក ​នាយករដ្ឋមន្ដ្រី ​ហ៊ុន សែន​ បាន​ប្រកាន់​ជំហរ​កាលពី​ព្រឹក​ម៉ិញ​នេះ​ថា​ លោក​សម​ រង្ស៊ី​អាច​រួចទោស​ទៅ​បាន​លុះ​ណា​តែ​ លោក​ឆ្លង​កាត់ការជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ភាគបី​ នៃ​ទោស​សរុប​ជា​មុន​សិន ​ពោលគឺ​លោក​សម រង្ស៊ី ​ត្រូវ​ជាប់ទោស​ប្រមាណជា​ប្រាំបី​ឆ្នាំ​ នៃ​ទោស​ជាប់​ពន្ធនាគារ​សរុប​ចំនួន​ ១២ ឆ្នាំ​៕

XS
SM
MD
LG