ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈរដ្ឋមន្ត្រី​អនុម័ត​របាយការណ៍​ប្រឆាំង​អំពើ​ពុករលួយ​តាម​ UNCAC

អ្នកដឹកនាំ​ (រូបកណ្តាលពី​ខាង​ក្រោយ) ក្រុម​សកម្មជន​កម្ពុជា​មួយ​ក្រុមធ្វើដំណើរកាត់​ព្រះ​បរមរាជវាំង ដើម្បី​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទាមទារ​ឲ្យ​រដ្ឋភិបាល​កម្ពុជា​ឈប់​ផ្តល់​ដី​សម្បទាន​ដល់​ក្រុម​ហ៊ុន​ឯកជន កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែ​ឧសភា ឆ្នាំ២០១៤។ (រូបថត៖ AP/ហេង ស៊ីនិត)

គណៈរដ្ឋមន្ត្រី​កម្ពុជា​ បាន​អនុម័ត​សេចក្តី​ព្រាង​របាយការណ៍​ស្វ័យ​វាយ​តម្លៃ​ស្តីពី​ការ​ត្រួត​ពិនិត្យ​ឡើងវិញ​នៃ​ការ​អនុវត្ត​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ (the United Nations Conventions against Corruption)នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​យល់​ថា យន្តការ​ដែល​ធ្វើ​ឱ្យ​ជន​ខិលខូច​អាម៉ាស់​លែង​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ហើយ​ទទួល​ទណ្ឌកម្ម​ពី​សង្គម​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ការ​ដាក់​ទោសទណ្ឌ​ដោយ​យន្តការ​ច្បាប់។​

លោក​ ផៃ ស៊ីផាន រដ្ឋលេខាធិការ​នៃ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី និង​ជា​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា​ កម្ពុជា​ទទួល​បាន​ជោគជ័យ​ តាម​រយៈ​ការ​អនុវត្ត​យន្តការ​ជាច្រើន​ក្នុងការ​ប្រយុទ្ធ​នឹង​អំពើ​ពុក​រលួយដូចជា​យន្តការ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​យន្តការ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹងអំពី​ភាព​មិន​ប្រក្រតី​នៃ​កំណើន​ធនធាន​របស់​មន្ត្រី​ខិលខូច​ជាដើម​។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​របស់​គណរដ្ឋមន្ត្រី ពិភាក្សា​អំពី​បញ្ហា​ជុំវិញ​បរាជ័យ​របស់​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​លើ​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។

«ដូច្នេះ​ការងារ​ទាំងអស់​នេះ​ហើយ​ ដែល​យើង​រៀបចំ ពីព្រោះ​យើង​រៀបចំ​ឱ្យ​សង្គម​មួយ​ប្រកប​ដោយ​ការ​រស់នៅ​ដោយ​ក្សេមក្សាន្ត​ទាំងអស់​គ្នា ​ក៏ប៉ុន្តែ​អ្វី​ដែល​វា​មិន​មាន​ជា​ភាព​សុច្ចរិត​អ្វី​ដែល​មិន​ប្រក្រតី​ អ្វីនោះ ​ហើយ​ដែល​អ្នកនោះ​ទទួល​អាម៉ាស់​ពី​សង្គម​ខ្លួន​ឯង​ ទទួលទណ្ឌកម្ម​ពីសង្គម​ខ្លួន​ឯង មិនមែន​ទណ្ឌកម្ម​ពីរាជរដ្ឋាភិបាល​ទេ។ នេះ​ជា​អ្វី​ដែល​យើង​ចង់​ឱ្យ​ក្លាយ​ទៅ​ជា​វប្បធម៌​ មិន​មែន​គ្រាន់​តែ​ជាអ្វី​ដែល​ជា​វិធាន ដើម្បី​ដាក់​ទណ្ឌកម្ម​ដើម្បី​បំបាត់​អំពើ​នោះ​ទេ‍»។

មាន​មន្ត្រី​រដ្ឋាភិបាល តុលាការ​ និង​ប៉ូលិស​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក៏ត្រូវ​បាន​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​ផងដែរ។ ករណី​ថ្មីៗ​នេះ​គឺ​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ។

លោក​ ព្រាប កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា យល់​ថា​ ប្រទេស​កម្ពុជា​បាន​អនុវត្ត​តាម​មាត្រា​ និង​ខ្លឹម​សារ​មួយ​ចំនួន​នៃ​អនុសញ្ញា​ប្រឆាំង​អំពើ​ពុករលួយ​របស់​អង្គការ​សហប្រជាជាតិ​នេះ​ហើយក៏​នៅ​មាន​ចំណុច​ជាច្រើន​ទៀត​ ដែល​ទាម​ទារ​ឱ្យ​មាន​ការគោរព​តាម​ ក្នុង​នោះ​មាន​ការ​ធ្វើ​ច្បាប់​ការពារ​សាក្សី ​និង​អ្នក​រាយការណ៍​ពី​អំពើ​ពុករលួយ​ជាដើម។

ប៉ុន្តែ​ អ្វី​ដែល​ធ្វើ​ឱ្យ​លោក​ ព្រាប កុល កត់​សម្គាល់​ថា​ជា​សញ្ញា​វិជ្ជមាន​នោះ​ គឺ​ការផ្លាស់​ប្តូរ​ឥរិយាបទ​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ចំពោះ​អំពើ​ពុករលួយ៖

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ចូល​រួម​ជា​វាគ្មិន​អំពី​«អំពើ​ពុករលួយ​ក្នុង​ដំណើរការ​ដេញ​ថ្លៃ​សាធារណៈ‍»នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី១២ ខែកុម្ភៈ ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

«ជាពិសេស​ប្រជាពលរដ្ឋ​ គាត់​យល់​ដឹង​អំពី​អំពើពុករលួយ​ ហើយ​គាត់​មាន​ការ​យក​ចិត្ត​ទុកដាក់​ច្រើន​ជាងមុន។ គាត់​ហ៊ាន​និយាយ​អំពី​បញ្ហា​ពុករលួយ​ រាយការណ៍ ហើយ​គាត់​លែង​ចាត់​ទុក​អំពើ​ពុករលួយ​ថា​ជា​រឿង​ធម្មតា​ដូច​៥ ឬ ៦ ឆ្នាំមុន ​ដែល​គាត់​គិត​ថា​ វា​ជា​មធ្យោបាយ​រស់​នៅ​ ប៉ុន្តែ​ឥឡូវ​នេះ​ គាត់​ចាត់​ទុក​ថា​អំពើ​ពុករលួយ​ជា​អំពើ​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​ទាមទារ​ឱ្យ​អ្នក​នយោបាយ​ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ឱ្យ​ខាង​តែ​បាន​ និង​ជា​អាទិភាព​បំផុត‍»។​

សេចក្តី​ព្រាង​របាយការណ៍​ស្វ័យ​វាយតម្លៃ​ស្តីពី​ការ​ត្រួត​ពិនិត្យ​ឡើងវិញ​នៃ​ការ​អនុវត្ត​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា​នេះ​ (UNCAC) ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

UNCAC ​គឺ​ជា​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​អន្តរជាតិ​ ដែល​មាន​សារៈ​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​កម្រិត​សាកលលោក។

ប្រទេស​កម្ពុជា​បាន​ចូលជា​សមាជិក​នៃអនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំងអំពើ​ពុករលួយ (UNCAC) ​តាំងពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា​ ឆ្នាំ​២០០៧៕

XS
SM
MD
LG