លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះបានបញ្ចេញប្រតិកម្មចំពោះការលើកឡើងនានារបស់អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងទាក់ទងនឹងការលួចសន្លឹកឆ្នោត ភាពមិនអព្យាក្រិតរបស់កាកបាទក្រហមកម្ពុជា និងបញ្ហាព្រំដែនកម្ពុជា-វៀតណាមដែលកំពុងតែឡើងកម្តៅយ៉ាងខ្លាំង។
ថ្លែងទៅកាន់អ្នកតំណាងរាស្រ្តនៅក្នុងរដ្ឋសភាជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យមានការស្បថរវាងអ្នកតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជា និងអ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ និងប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដើម្បីដោះស្រាយរាល់ការចោទប្រកាន់ពីតំណាងរាស្រ្តនៃគណបក្សសង្រ្គោះជាតិ។
«ខ្ញុំគិតថា មានតែវិធីមួយគត់ដែលដោះស្រាយបានបញ្ហាគឺស្បថតែម្តង ស្បថឲ្យរន្ទះបាញ់តែម្តងបានបាន! ខ្ញុំថាចាំឯកឧត្តម សម រង្ស៊ី មក ខ្ញុំបបួលធ្វើពិធីស្បថនៅព្រះអង្គដងកើ។ ទីមួយអារឿងលួចសន្លឹកឆ្នោតនេះ ត្រូវតែបបួលគ្នាស្បថ បើអ្នកណាមិនហ៊ានស្បថគឺបោកប្រាស់ប្រជាពលរដ្ឋប្រជាជាតិតែម្តង»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះអាសនៈចំនួន៦៨ ហើយគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន៥៥ ពីការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣ ប៉ុន្តែគណបក្សប្រឆាំងមិនសុខចិត្តដោយចោទថា លទ្ធផលមានការគៃបន្លំ ហើយបានតវ៉ា ដែលនាំឱ្យមានការជាប់គាំងនយោបាយជិតមួយឆ្នាំ។
លោកនាយករដ្ឋមន្រ្តីបន្តថា៖«ឥឡូវរឿងកាកបាទក្រហមចែកជំនួយរើសមុខមាត់។ នេះតើហ៊ានស្បថឲ្យរន្ទះបាញ់ទេ? ឥឡូវខ្ញុំនិយាយជាសាធារណៈនៅក្នុងសភា តើគណបក្សនានាហ៊ានស្បថទេជាមួយនឹងគណបក្សប្រជាជនមុខព្រះអង្គដងកើ អ្នកណាថាគណបក្សប្រជាជន បើគណបក្សប្រជាជនលួចសន្លឹកឆ្នោតឲ្យគណបក្សប្រជាជនងាប់ទាំងអស់»។
លោកនាយករដ្ឋមន្រ្តីក៏បានសួរចំៗទៅតំណាងរាស្រ្តនៃគណបក្សសង្រ្គោះជាតិមួយរូប គឺលោក លិម គិមយ៉ា អ្នកតំណាងស្រ្តនៃខេត្តកំពង់ធំ ឲ្យស្បថទាក់ទងនឹងការចោទថា កាកបាទក្រហមកម្ពុជាមានការប្រកាន់និន្នាការក្នុងការចុះជួយសង្រ្គោះប្រជាពលរដ្ឋ។
លោក លិម គិមយ៉ា អ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះបានមានប្រសាសន៍ប្រាប់វីអូអេខេមរភាសាថា ការសុំឲ្យស្បថស្បែពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺគ្រាន់តែជាការទាល់ច្រកប៉ុណ្ណោះ ចំពោះការរាប់សន្លឹកឆ្នោត។
«ការណ៍ដែលគាត់ថាស្បថរឿងគេរាប់សន្លឹកឆ្នោតហ្នឹង គឺការទាល់ច្រករបស់គាត់ ព្រោះនៅពេលដែលភ្លាមៗហ្នឹងគ.ជ.ប មិនព្រមរាប់សារថ្មីដែលគណបក្សសង្គ្រោះជាតិស្នើហើយគណបក្សប្រជាជនកម្ពុជាអត់មានថាអ្វីមួយម៉ាត់សោះ អត់មានបញ្ចេញយោបល់អ្វីទាំងអស់។ ហេតុដូច្នេះការដែលបន្លំសន្លឹកឆ្នោត ខ្ញុំមានការសង្ស័យជាច្រើន»។
លោក លិម គិមយ៉ា បន្ថែមថា ការសុំឲ្យស្បថទាក់ទងនឹងអព្យាក្រិតភាពរបស់កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្ត្រីនេះគឺជាការសម្តែងភាពមិនស្មោះត្រង់ដល់ពលរដ្ឋកម្ពុជា។
«បើគាត់មានការស្មោះត្រង់មែនទែន គាត់នឹងឲ្យគេធ្វើតាមចិត្ត តែជំនួយកាកបាទក្រហមហ្នឹង មានការស្មោះត្រង់ជាមួយអ្នករងគ្រោះមហន្តរាយ ឬអត់ទេ។ ប៉ុន្តែអត់មានឆ្លើយមកអញ្ចឹងគាត់នាំគ្នាទារស្បថ»។
រីឯបញ្ហាព្រំដែនវិញ លោកយល់ថា កម្ពុជានៅរងឥទ្ធិពលប្រទេសវៀតណាមនៅឡើយដោយអះអាងថា៖ «តាមខ្ញុំយល់ ប្រទេសកម្ពុជាយើងមិនទាន់មានឯករាជ្យភាពពេញលេញនោះទេ ពីព្រោះកងកម្លាំងយើងកងកម្លាំងប្រទេសជិតខាង»។
ក្នុងឆ្លើយតបទាក់ទងនឹងបញ្ហាព្រំដែននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើនៅសភាជាតិក្នុងថ្ងៃដដែលនេះ ឲ្យធ្វើការចាក់ផ្សាយជាសាធារណៈឡើងវិញនូវសុន្ទរកថា ដែលមានរយៈពេលជាង៥ម៉ោងរបស់លោក ដែលបានធ្វើឡើងកាលពីឆ្នាំ២០១២នៅសភាជាតិ បកស្រាយពន្យល់អំពីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម។
«ទូរទស្សន៍ទាំងអស់ចាក់ឡើងវិញ។ ខ្ញុំស្នើឲ្យចាប់ផ្តើមពីល្ងាចនេះទៅតែម្តង។ ចាក់ឡើងវិញនូវអ្វីដែលខ្ញុំឆ្លើយនៅហ្នឹង»។
បញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមបានកក្រើកឡើងវិញ បន្ទាប់ពី កងទ័ពវៀតណាមបានបាញ់ថ្នាំលើដំណាំរបស់ពលរដ្ឋខ្មែរ ហើយរដ្ឋាភិបាលកម្ពុជាអះអាងថា គឺប្រជាពលរដ្ឋខ្មែរជាអ្នកទៅធ្វើចម្ការនៅលើដីក្នុងប្រទេសវៀតណាម។
លោកនាយករដ្ឋមន្រ្តីក៏បានការពាររដ្ឋាភិបាលរបស់លោកថា ពុំដែលប្រើផែនទីក្លែងក្លាយ ដើម្បីធ្វើការកំណត់ព្រំប្រទល់កម្ពុជា និងប្រទេសក្បែរខាងនោះទេ។
ក្រៅពីបញ្ហាព្រំដែន និងបញ្ហាអព្យាក្រិតភាពនៃកាកបាទក្រហមកម្ពុជា រដ្ឋាភិបាល ដែលកាន់កាប់ដោយគណបក្សប្រជាជនកម្ពុជារយៈពេលជាង៣០ឆ្នាំមកហើយនោះ បានទទួលរងការរិះគន់ជាច្រើនអំពីប្រព័ន្ធយុត្តិធម៌ ដែលស្ថិតជាឧបករណ៍នយោបាយ អំពើពុករលួយ បក្ខពួកនិយម និងគ្រួសារនិយមនៅតាមបណ្តាក្រសួងមន្ទីរសាធារណៈ ការប្រើប្រាស់អំណាចជាផលប្រយោជន៍បុគ្គលជាដើម៕