ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​ចូលរួម​ប្រឆាំង​អំពើ​ពុករលួយ


រូបឯកសារ៖ ប្រជាពលរដ្ឋ​នៃ​បណ្តាញ​សហគមន៍​២៤​ខេត្តក្រុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​បាន​ដាក់​ញត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​រដ្ឋសភា​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។
រូបឯកសារ៖ ប្រជាពលរដ្ឋ​នៃ​បណ្តាញ​សហគមន៍​២៤​ខេត្តក្រុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​បាន​ដាក់​ញត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​រដ្ឋសភា​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។

ប្រធាន​សភាជាតិ​នៃ​ប្រទេស​កម្ពុជា​គឺ ​លោក​ហេង​ សំរិន​ បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មាន​សេចក្តី​ក្លាហានក្នុង​ការ​ដាក់​ពាក្យប្តឹង​ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ដើម្បី​យក​មក​ផ្តន្ទា​ទោស​ ដោយ​លោក​ទទួល​ស្គាល់​ថា ​អំពើ​ពុក​រលួយ​ជា​ជំងឺ​សង្គម​ដ៏​រ៉ាំរ៉ៃ​មួយ។​

ថ្លែង​នៅ​ក្នុងសិក្ខាសាលា​ស្តីពី​ការ​យល់​ដឹង​អំពី​ច្បាប់ ​និង​ការ​អនុវត្ត​ច្បាប់​ប្រឆាំងអំពើ​ពុក​រលួយ​ដែល​រៀប​ចំ​ឡើង​នៅ​ក្នុង​សភា​ជាតិ​កាល​ពីថ្ងៃ​ម្សិល​មិញ​នេះ​ លោក​ហេង​ សំរិន​បាន​លើក​ឡើង​ថា​ អំពើ​ពុករលួយ​គឺ​ជា​ជំងឺ​កាច​សាហាវ​ដែល​បាន​គំរាម​កំហែង​ និង​ជះឥទ្ធិ​ពល​ធ្ងន់​ធ្ងរ​ដល់​ការ​អភិឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​ជាតិ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«សូម​អំពាវនាវ ​និង​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ​ត្រូវ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្តឹង​ និង​ថ្កោល​ទោស​ចំពោះ​ជន​ណា​ដែលប្រព្រឹត្ត​អំពើ​ពុក​រលួយ»។​

លោក​ក៏​បាន​ស្នើ​ឲ្យ​គណៈកម្មការ​ទី​១០​របស់​រដ្ឋ​សភាបង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ដែល​បាន​ធ្វើ​ឲ្យ​បាត់​បង់​ជំនឿ​ទុក​ចិត្ត​ពី​ប្រជា​ពលរដ្ឋ​មក​លើ​វិស័យ​សាធារណៈ​ក៏​ដូចជា​ក្នុង​វិស័យ​ឯកជន។​

លោក​បន្ថែម​ថា៖ ​«គណៈកម្មការ​ពាក់​ព័ន្ធ​របស់​សភា​ ជា​ពិសេស​គណៈ​កម្មការ​ទី​១០​ ត្រូវ​បន្ត​ពង្រឹង​នឹង​តាម​ដាន​ការ​អនុវត្ត​ច្បាប់ ​និង​ពិនិត្យ​ពី​ភាព​ខ្វះ​ចន្លោះ​នៃ​ក្រប​ខ័ណ្ឌ​ច្បាប់​ សំដៅធ្វើ​ការ​កែ​លម្អ​ និង​ធ្វើវិសោធន​កម្មច្បាប់​ពាក់​ព័ន្ធ​នានា​ ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព ​និង​ប្រសិទ្ធ​ផល​ខ្ពស់»។​

អង្គការ​តម្លាភាព​អន្តរជាតិ ​(Transparency International) ​កាល​ពីឆ្នាំ​២០១៤​ បាន​បញ្ចេញ​ចេញ​សូចនាករ​នៃ​កម្រិត​យល់​ដឹង​អំពី​អំពើ​ពុករលួយ​នៅ​ប្រទេស​កម្ពុជា ​ដោយ​បាន​ដាក់​ពិន្ទុ​ឲ្យ​កម្ពុជា​២១​ពិន្ទុ ​ក្នុង​១០០​ពិន្ទុ ​និង​បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​នៅ​លេខ​រៀង​ទី​១៥៦​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៥​ប្រទេស។​

កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ដូច​គ្នា​នឹង​ប្រទេស​ម៉ីយ៉ានម៉ា ​(Myanmar) ​ដែល​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។​ នេះ​បើ​តាម​របាយ​ការណ៍​ដដែល​នេះ។​ សូចនាករ​នៃ​កម្រិត​យល់​ដឹង​អំពី​អំពី​ពុករលួយ​នៅ​ក្នុងប្រទេស​ ​ត្រូវ​បាន​ធើ្វឡើង​ តាមការវាស់​ស្ទង់​ទៅ​លើ​វិស័យ​សាធារណៈ​នៅកម្ពុជាដែល​ត្រូវ​បាន​គេ​យល់​ថា​ ជា​វិស័យ​ដែល​ពុក​រលួយ​បំផុត​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។​

អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​សាធារណៈ​របស់​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​អង្គការ​ផ្តល់​ជំនួយ​ដល់​ប្រ​ទេសក្រីក្រ​នេះ​ ធ្វើការ​តាមដាន​អង្កេត​និង​ឈាន​ដល់​ការ​ទាម​ទារ​ឲ្យ​ប្រគល់​ត្រឡប់​មក​វិញ​នូវ​ទឹក​ប្រាក់​ដែល​បាត់​បង់​ទៅ​ដោយ​សកម្ម​ភាព​ស៊ី​សំណូក។​

នៅ​ឯ​អង្គ​សិក្ខា​សាលា​ដែល​រៀបចំ​ដោយ​សភាជាតិនេះ​ លោក​ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឲ្យ​ដឹង​ថា​ តំណាងមូលនិធិ​សកល​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ ជំងឺ​របេង ​និង​ជំងឺ​គ្រុន​ចាញ់​ (Global Fund to Fight AIDS, Tuberculosis and Malaria)​ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​បន្តការ​តាម​ដាន​លើការ​ចោទ​ប្រកាន់​នានា​ទៅ​លើ​លោក​ដួង សុជាតិ ​អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់។​ អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​រូប​នេះ​រង​ការ​ចោទ​ពី​ករណី​ទទួល​យក​សំណូក​ជា​ទឹកប្រាក់​៣៥១០០០​ដុល្លារ​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង​បរទេស​ពីរ​ដែលទទួល​បានមក​វិញ​នូវ​កុងត្រា​ដែល​មានតម្លៃ​១២​លាន​ដុល្លារ។​ មូលនិធិ​សកល​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ ជំងឺ​របេង ​និង​ជំងឺ​គ្រុន​ចាញ់ជាអ្នក​បង់​តម្លៃ​កុងត្រា​នេះ៕​

XS
SM
MD
LG