ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​ជំរុញ​ឱ្យ​មន្ត្រី​ខ្លួន​ចុះ​តាម​ផ្ទះ​ពលរដ្ឋ​ប្រាប់​ពួកគេ​ឱ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត


រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក យឹម សុវណ្ណ បាន​ធ្វើ​ការ​អំពាវនាវ​ដូចនេះ​នៅ​ក្នុង​វេទិកា​មួយ​ស្ដីពី​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ដែល​ធ្វើ​ឡើង​នៅ​ឯ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជំរុញ​ឱ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​ ចុះ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដើម្បី​អំពាវនាវ​ឱ្យ​ពួកគេ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា​ ខណៈ​ដែល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ត្រូវ​បិទ​បញ្ចប់​ក្នុង​រយៈពេល​ប្រមាណ​១០​ថ្ងៃ​ទៀត។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក យឹម សុវណ្ណ បាន​ធ្វើ​ការ​អំពាវនាវ​ដូចនេះ​នៅ​ក្នុង​វេទិកា​មួយ​ស្ដីពី​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ដែល​ធ្វើ​ឡើង​នៅ​ឯ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

លោក យឹម សុវណ្ណ បាន​ថ្លែង​ថា គិត​មក​ដល់​ពេល​នេះ នៅ​មាន​មនុស្ស​ជាង​២លាន​នាក់​ឬ​ជាង​២០​ភាគរយ​នៃ​អ្នក​គ្រប់​អាយុ​បោះឆ្នោត​ដែល​ពុំ​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ ខណៈ​ពេល​ដែល​រយៈពេល​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សល់​តែ​រយៈពេល​១១​ថ្ងៃ​ទៀតប៉ុណ្ណោះ។

«អ៊ីចឹង​ហើយ​បាន​ជា​គណបក្ស​ជំរុញ​សូម​អំពាវនាវ​ឱ្យ​ថ្នាក់​ដឹកនាំ​យើង​ចុះ​ជា​បន្ទាន់។ ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​រូតរះ​ដើម្បី​ខំ​ប្រឹង​ធ្វើ​ម៉េច ឱ្យ​បាន​ចុះ​ឈ្មោះ​ឱ្យ​អស់​ ហើយ​ជា​ពិសេស​គឺ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ​ឯង។ អញ្ចឹង យើង​មិន​អាច​ពន្យារ​ពេល​តទៅ​ទៀត​ទេ។ យើង​ស្នើ​សុំ​ពន្យារពេល ស្នើ​សុំ​ឱ្យ​ គ.ជ.ប. ពន្យារ​ពេល​ចុះ​ឈ្មោះ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ម៉េចជំរុញ​ចុះ​ឱ្យ​អស់ ប៉ុន្តែ​ឥឡូវ​នៅ​ពុំ​ទាន់​មាន​ចម្លើយ​ឬ​ចម្លើយ​ជា​អវិជ្ជមាន។ ប្រហែល​ជា​អត់​មាន​ពេល​វេលា​តទៅទៀត​ទេ។ ១១​ថ្ងៃ​ទៀត​ធ្វើ​ម៉េច​ រូតរះ​បន្ត​ទៅ​មូលដ្ឋាន​ចុះ​តាម​ផ្ទះ​ ហើយ​ប្រសិន​បើ​ត្រូវ​ទៅ​ណា​លុប​ចោល​កម្មវិធី​ទៅ»។

លោក យឹម សុវណ្ណ អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ដោយ​លោក​ថា ការ​ចុះ​ផ្សព្វផ្សាយ​នៅ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន​នា​ពេល​កន្លង​ទៅ​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ។ លោក​ក៏​បាន​ណែនាំ​មន្ត្រី​របស់​ខ្លួន​ មិន​ឱ្យ​ស្លៀកពាក់​ឯកសណ្ឋាន​បក្ស​ ឬ​ប្រាប់​ពលរដ្ឋ​ថា​ខ្លួន​មក​ពី​គណបក្ស​ណា​នោះ​ទេ​ ពេល​ចុះ​ឃោសនា​ឱ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ចៀស​វាង​ការ​ចោទប្រកាន់​ណា​មួយ​ថា​ គណបក្ស​នេះ​កេង​ចំណេញ​នយោបាយ​ និង​រង​ការ​រារាំង​ពី​អាជ្ញាធរ​ជា​ថ្មី។

ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ចាត់​ទុក​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ថា ជា​ការ​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ។

លោក​អះអាង​ថា ការ​ដែល​អាជ្ញាធរ​នៅ​មូលដ្ឋាន​ខ្លះ​ធ្វើ​ការ​រារាំង​នា​ពេល​កន្លង​មក​គឺ​ទប់ស្កាត់​ការ​ឃោសនា​នយោបាយ​គឺ​មិនមែន​រារាំង​ការ​ផ្សព្វផ្សាយ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ។

«យើង​អត់មាន​ផែនការ​ចុះ​ទេ ក៏ប៉ុន្តែ​តាមរយៈ​ក្រុម​ការងារ​ ក៏​ដូចជា​អាជ្ញាធរ​មូលដ្ឋាន ​យើង​លើក​ទឹកចិត្ត​ឱ្យ​ប្រជា​ពលរដ្ឋ​ឱ្យ​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ក៏​ប៉ុន្តែ​ចំពោះ​ការ​ឃោសនា​របស់​គណបក្ស​ប្រឆាំង ​ខ្ញុំ​យល់ថា​ជា​ការ​ឆ្លៀត​ឱកាស​ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ​ទេ​ក្នុង​ការ​ចុះ​ឈ្មោះ​នេះ។ យើង​ឃើញ​មើល​គាត់​ថា​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ បំផុស​ឱ្យ​កម្មករ​ដែល​មាន​បញ្ហា​ខ្លះ​ទៅ​ចុះ​ឈ្មោះ​ដោយ​គាត់​លើកឡើង​ថា ទៅ​ចុះ​ឈ្មោះ​ ហើយ​ទៅ​បោះឆ្នោត​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ។ អា​ហ្នឹង​ហើយ​ជា​ការ​ឆ្លៀត​កេង​ចំណេញ»។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់​ VOA នា​ថ្ងៃ​សុក្រ​នេះ​ថា ជា​គោលការណ៍ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​និង​គណបក្ស​នយោបាយ​សុទ្ធ​តែ​មាន​តួនាទី​ក្នុង​ការ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បាន​ដឹង​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។

លោក ហង្ស ពុទ្ធា បន្ត​ថា បញ្ហា​ដែល​បាន​កើត​មាន​ឡើង​ ពេល​មាន​ការ​ចុះ​ផ្សព្វផ្សាយ​នា​ពេល​កន្លង​មក​គឺ​ដោយសារ​ការ​ខ្វះ​ការ​សហការ​គ្នា​រវាង​អាជ្ញាធរ​ និង​អ្នក​ផ្សព្វផ្សាយ។

លោក​អំពាវ​នាវ​ឱ្យ​ភាគី​ទាំង​ពីរ​សហការ​ និង​ជជែក​ដោះស្រាយ​ជាមួយ​គ្នា ដើម្បី​ឱ្យ​ការ​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ ដែល​នាំ​ឱ្យ​មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​កាន់​តែ​ច្រើន។

«ភាសា​របស់​អ្នក​នយោបាយ​ជា​រឿង​មួយ ប៉ុន្តែ​អ្វី​ដែល​ជា​គោលការណ៍​របស់​ គ.ជ.ប ជា​រឿង​មួយ។ អ្វី​ដែល​យើង​មើល​ឃើញ​ស្ថិត​នៅ​ត្រង់​ការ​ខ្វះ​ការ​សហការ​រវាង​អាជ្ញាធរ​ដែនដី​ជាមួយ​អ្នក​ផ្សព្វផ្សាយ​បាទ។ ហើយ​ប្រសិន​បើ​ភាគី​ទាំង​ពីរ​ហ្នឹង​ព្យាយាម​ដោះស្រាយ​ជាមួយ​គ្នា​ខ្ញុំ​គិត​ថា​ នឹង​មិន​មាន​រឿង​អី​កើត​ឡើង​ទេ​ណា៎!។

ក្រោយ​ការ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប បាន​រៀបចំ​ធ្វើ​បញ្ជីឈ្មោះ​បោះឆ្នោត​ថ្មី ដោយ​តម្រូវ​ឱ្យ​ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ទាំង​អស់​ ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី។

គ.ជ.ប បាន​កំណត់​រយៈពេល​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ចំនួន​៩០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៩ ​ខែ​វិច្ឆិកា ឆ្នាំ២០១៦។

យោង​តាម​របាយការណ៍​របស់​ គ.ជ.ប ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​មាន​សរុប​ជាង​៩,​៦លាន​នាក់។

គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ពលរដ្ឋ​ជាង​៧,២លាន​នាក់ ​ឬ​៧៥​ភាគរយ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​នៅ​សល់​ប្រមាណ​ជាង​២,៤​លាននាក់​ទៀត​ដែល​ពុំ​ទាន់​បាន​ចុះ​ឈ្មោះ។

បើ​តាម​លោក​ ហង្ស ពុទ្ធា រយៈពេល​ជាង​១០​ថ្ងៃ​ដែល​នៅសល់​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​ចំនួន​ជាង​២,៤​លាន​នាក់​ដែល​ពុំ​ទាន់​បាន​ចុះ​ឈ្មោះ គ.ជ.ប មិន​រំពឹង​ថា ការ​ចុះ​ឈ្មោះ​នឹង​សម្រេច​បាន​១០០​ភាគរយ​នោះ​ទេ។

ក៏​ប៉ុន្តែ​ លោក​ថា ការ​សម្រេច​បាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​លើស​ពី​៧៥​ភាគរយ​គឺ​ជា​ចំនួន​ខ្ពស់​មួយ​ទៅ​ហើយ​ បើ​ធៀប​នឹង​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​បណ្ដា​ប្រទេស​ដទៃ៕

XS
SM
MD
LG