ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ជាន់​ខ្ពស់​សម្រេច​តម្កល់​សាល​ក្រម​តុលាការ​ជាន់​ទាប​ក្នុង​សំណុំ​រឿង​ក្តី​លោក កឹម សុខា


រូបឯកសារ៖ លោក​កឹម សុខា​​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ បានចេញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​ ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦ក្រោយ​ពី​ ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន​ខែ​​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​។
រូបឯកសារ៖ លោក​កឹម សុខា​​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ បានចេញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​ ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦ក្រោយ​ពី​ ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ជា​ច្រើន​ខែ​​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​។

នៅ​ព្រឹក​ថ្ងៃសុក្រ ​ទី​៤ ខែ​វិច្ឆិកា​នេះ សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្ដឹង​មិន​សុខ​ចិត្ត​របស់​លោក កឹម សុខា ​លើ​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​សម្រេច​ឲ្យ​លោក កឹម សុខា ជាប់​ពន្ធនាគារ​ចំនួន​៥ខែ និង​ពិន័យ​ជា​ប្រាក់​៨សែន​រៀល។

តុលាការ​ជាន់​ខ្ពស់​ច្រាន​ចោល​បណ្ដឹង​របស់​លោក កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ប្ដឹង​មិន​សុខ​ចិត្ត​លើ​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍ ​ពាក់​ព័ន្ធ​នឹង​ការ​បដិសេ​ធ​ការ​ចូលខ្លួន​របស់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណ​បក្ស​សង្គ្រោះ​ជាតិ តាម​ការ​កោះ​ហៅ​ក្នុង​នាម​ជា​សាក្សី។

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​នេះ សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្ដឹង​មិន​សុខ​ចិត្ត​របស់​លោក កឹម សុខា ​លើ​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​សម្រេច​ឲ្យ​លោក កឹម សុខា ជាប់​ពន្ធនាគារ​ចំនួន​៥ខែ និង​ពិន័យ​ជា​ប្រាក់​៨សែន​រៀល។

ក្នុង​សវនាការ​នោះ​ក៏​មាន​ការ​ចូល​រួម​ឃ្លាំ​មើល​ពី​មន្ត្រី​ទូត​ មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ទៀត​ផង​ដែរ។

ក្នុង​សវនាការ​ជំនុំ​ជម្រះ មេធាវី​ទាំង​៥រូប​របស់​លោក កឹម សុខា បាន​លើកឡើង​ពី​សំអាង​ហេតុ និង​សំអាង​ច្បាប់​ក្នុង​ការ​ការពារ​កូន​ក្ដី​របស់​ពួកគេ ដោយ​អះអាង​ថា កូន​ក្ដី​របស់​ពួកគេ​មាន​អភ័យ​ឯក​សិទ្ធិ​សភា និង​មាន​មូលហេតុ​គ្រប់គ្រាន់​ក្នុង​ការ​បដិសេធ​មិន​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ។

ក្រុម​មេធាវី​ទាំងនោះ​ក៏​បាន​លើក​យក​ករណី​ដែល​តុលាការ​កូន​កាត់​លើ​រឿង​ក្ដី​ខ្មែរ​ក្រហម កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ឲ្យ​ចូល​ខ្លួន​ធ្វើ​ជា​សាក្សី ប៉ុន្តែ​មន្ត្រី​ទាំងនោះ​ មិនព្រម​ចូល​តាម​ការ​កោះ​ហៅ​ដោយ​សំអាង​ថា​ពួកគេ​មាន​អភ័យ​ឯក​សិទ្ធិ។

ក្រោយ​សវនាការ​ដែល​ធ្វើ​ឡើង​រយៈពេល​ជាង​២ពីរ​ម៉ោង​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា បាន​ប្រកាស​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ដែល​សម្រេច​ដាក់​ពន្ធនាគារ​លោក កឹម សុខា ចំនួន​៥ខែ និង​ពិន័យ​ជា​ប្រាក់​៨សែន​រៀល ទុក​ជា​បាន​ការ និង​ច្រាន​ចោលសេចក្ដី​សន្និដ្ឋាន​របស់​មេធាវី​ទាំង​ប្រាំ​រូប ថាជា​សំអាង​ហេតុ​ដែល​មិន​ត្រឹមត្រូវ។

លោក សេង ស៊ីវុត្ថា ​ប្រកាស​ក្នុង​សាល​សវនាការ​នោះ​ថា៖ «យោង​តាម​អង្គហេតុ ភស្តុតាង និង​អង្គច្បាប់ តុលាការ​មានភស្តុតាង​គ្រប់គ្រាន់ មាន​លក្ខណៈ​ត្រឹមត្រូវ ដូច្នេះ​ក្រុម​ប្រឹក្សា​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូងរាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ»។

នៅ​ព្រឹក​នេះ​ដែរ តុលាការ​កំពូល​ក៏​បានប្រកាស​ច្រាន​ចោល​បណ្ដឹង​សារ​ទុក្ខ​លើ​សំណុំ​រឿង​មោឃ​ភាព​នីតិវិធី​ពាក់​ព័ន្ធ​នឹង​ការ​បដិសេ​ធ​ចូលខ្លួន​ក្នុង​នាម​ជា​សាក្សី​របស់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណ​បក្ស​សង្គ្រោះ​ជាតិ ដោយ​សម្រេច​ចាត់​ទុក​ចំណាត់​ការ​របស់​សាលា​ដំបូង​រាជធានី និង​សាលា​ឧទ្ធរណ៍ថា​ត្រឹមត្រូវ។

លោក ហែម សុជាតិ ដែល​ជា​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ទាំង​៥ ប្រាប់ VOA ​ថា តុលាការបាន​បក​ស្រាយ​សេចក្ដី​ដោយបំភ្លៃ​លើ​ផ្លូវ​ច្បាប់ និង​មាន​លក្ខណៈ​នយោបាយ។

លោក​បន្ថែម​ថា ​ចំណុច​សំខាន់​ដែល​បញ្ជាក់​ថា តុលាការ​បំពាន​សិទ្ធិ​កូន​ក្តី​របស់​លោក គឺ​ដោយសារ​តុលាការ​ដំណើរការ​នីតិវិធី​ ខណៈ​ដែល​លោក កឹម សុខា កំពុង​មាន​អភ័យ​ឯក​សិទ្ធិ​សភា។

«គាត់​ជា​អ្នក​តំណាងរាស្ត្រ​មាន​អភ័យ​ឯក​សិទ្ធិ​ រឿង​អី​តុលាការ​ចោទ​ប្រកាន់​គាត់​បាន? អា​ហ្នឹង​បំពាន​នីតិវិធី​ហើយ។ ហើយ​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​ ខ្ញុំ​បាន​លើក​ហើយ ​២​ករណី​ តាម​មាត្រា​៥​៣៨ គឺ​ទី​១​បដិសេធ ទី២​អត់​មូល​ហេតុ ប៉ុន្តែ​យើង​មាន​មូល​ហេតុ គឺ​លិខិត​មួយ​ដាក់​ទៅ​សា​លា​ដំបូង​ថ្ងៃ​២៥ ខែ​៥ ឆ្នាំ​២០១៦​ គឺ​យើង​មាន​មូល​ហេតុ​ហើយ​ ប៉ុន្តែ​អម្បាញ់មិញ​តុលាការ​បក​មកវិញ​ថា​អត់មានមូល​ហេតុ។ តើ​ត្រឹមត្រូវ​ដែរ​ឬ​ទេ? ហើយ​ទី​២​ពាក់ព័ន្ធ​នឹង​អភ័យ​ឯកសិទ្ធិ​ យើង​បាន​និយាយ​ទៀត​ថា​ តុលាការ​ក៏​អត់​មាន​សមត្ថកិច្ច​ពិចារណា​ដែរ។ អញ្ចឹង ​ទាំងអស់​នេះ​មេធាវី​យល់​ឃើញ​ថា ​ជា​ការ​សម្រេច​មួយ​បំពាន​សិទ្ធិ​កូន​ក្ដី​ខ្ញុំ»។

លោក​បន្ថែម​ថា មេធាវី​នឹង​ប្ដឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល​ ជំទាស់​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ នា​ចុង​ខែ​វិច្ឆិកា​នេះ ដើម្បី​ទាមទារ​រក​យុត្តិ​ធម៌​ឲ្យ​កូន​ក្ដី​របស់​លោក។

VOA មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា បាន​ទេ។

លោក​ អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ប្រាប់​ VOA ថា ករណី​របស់​លោក​ កឹម សុខា គឺជា​រឿង​នយោបាយ។ ដូច្នេះ​ លោក​ថា តុលាការ​ជាន់​ខ្ពស់​មិន​ងាយ​នឹង​កែ​ប្រែ​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប​នោះ​ទេ។

លោក​បន្ត​ថា ការ​សម្រេច​ខណៈ​ដែល លោក កឹម សុខា កំពុង​មាន​អភ័យ​ឯក​សិទ្ធិ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អភ័យ​ឯកសិទ្ធិ​សភា​កម្ពុជា។

លោក​បន្ថែម​ថា អ្នក​នយោបាយ​គួរ​តែ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ ជា​ជាង​ប្រើ​តុលាការ​មក​ដោះ​ស្រាយ។

«ករណី​ឯកឧត្ដម កឹម សុខា វា​មិនមែន​តែ​រឿង​ហ្នឹង​ទេ។ តាំង​ពី​រឿង​ដក​តំណែង​ជា​អនុ​ប្រធាន​ទី១​រដ្ឋសភា រហូត​មក​ទល់​ការ​កាត់​សេចក្ដី​នេះ ខ្ញុំ​គិត​ថា​ វា​ជា​រឿង​មួយ​ដែល​អ្នក​នយោបាយ ឬក៏​គណបក្ស​នយោបាយ​ទាំងអស់​គួរ​តែ​ពិចារណា​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​មាន​ការ​រិះ​គន់​តទៅ​ទៀត​ទាក់ទង​នឹង​បញ្ហា​ទាំងអស់​នេះ។ ហើយ​អ្វី​ដែល​សំខាន់​ ខ្ញុំ​គិត​ថា​ វា​ឈរ​លើ​គោលការណ៍​នៃ​ការ​ជជែក​ដាក់​លើ​តុ​ជាមួយ​គ្នា​ទៅ​ វា​ប្រសើរ​ជា​ជាង​វិញ»។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា លោក កឹម សុខា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៥ខែ និង​ពិន័យ​ជា​ប្រាក់​៨សែន​រៀល​ពី​បទ​«បដិសេធ​ក្នុង​ការ​ចូល​ខ្លួន» ក្នុង​នាម​ជា​សាក្សី តាម​មាត្រា​៥៣៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដែល​តុលាការ​ចាត់​ទុក​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង ពាក់ព័ន្ធ​នឹង​បទ​សញ្ចរកម្ម​លើ​សំណុំ​រឿង​ដែល​គេ​ចោទ​ថា ​លោក​មាន​ស្នេហា​លួច​លាក់​ជាមួយ​អតីត​នារី​កាត់សក់​វ័យ​ក្មេង​ម្នាក់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​ ខុម ចាន់តារ៉ាទី ហៅ​ស្រី​មុំ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​កំពុង​បន្ត​លាក់​ខ្លួន​ក្នុង​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់​អង្រែ​លើ ជិត​៥ខែ​មក​ហើយ​ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន៕

XS
SM
MD
LG