គណបក្សប្រឆាំងចំនួនពីរ គឺគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន បានស្នើឱ្យក្រសួងមហាផ្ទៃ ជួយដោះដូរអង្គបោះឆ្នោតជាង ៣០ នាក់របស់ខ្លួន ឱ្យបានឆាប់ដើម្បីកុំឱ្យគណបក្សបាត់បង់សំឡេងទាំងនោះសម្រាប់ការបោះឆ្នោតអសកល នាខែឧសភាខាងមុខ និងដើម្បីកុំឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលគណបក្សទាំងពីររៀបចំឡើងរួមគ្នានៅទីស្នាក់ការកណ្តាលគណបក្សភ្លើងទៀន ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទនេះ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ថ្លែងថា គណបក្សភ្លើងទៀន ដែលមានអង្គបោះឆ្នោតជាង ២ ពាន់នាក់ នៅតែជួបបញ្ហាប្រឈមទាក់ទងដំណើរចុះឈ្មោះ និងការស្នើសុំការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ចូលប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត នាខែឧសភាខាងមុខ ដោយលើកហេតុផលថា អាជ្ញាធរមូលដ្ឋានមួយចំនួនហាក់ដូចជាមិនអើពើដោះស្រាយសំណើរបស់គណបក្ស។
លោកលើកឡើងក្នុងសន្និសីទព័ត៌មាននោះថា៖ «យើងគណបក្សភ្លើងទៀនរងការលំបាកក្នុងការធ្វើលិខិតបញ្ជាក់ពីមេឃុំ។ មេឃុំ ចៅសង្កាត់ខ្លះ គាត់ហាក់ដូចជាបង្ហាញនូវការស្ទាក់ស្ទើរ កន្លែងខ្លះមិនមែនត្រឹមតែធ្វើការស្ទាក់ស្ទើរទេ គាត់បង្ហាញថាគាត់មិនចង់ធ្វើលិខិតទៅលើបេក្ខជនក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្តឱ្យយើងទៀត អាហ្នឹងហើយជាការលំបាករបស់យើង»។
បើតាមលោក លី សុធារ៉ាយុត្តិ បញ្ហាប្រឈមចម្បងមួយទៀត គឺការជាប់គាំងនៃការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតឆ្នាំ ២០២២ ចំនួន ៣៥ នាក់ ដែលបានអូសបន្លាយពេលជាងកន្លះឆ្នាំមកហើយ នៅតែប្តូរមិនបាន។ លោកថា ការជាប់គាំងបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតអសកលនាពេលខាងមុខនេះ ហើយលោកស្នើឱ្យក្រសួងមហាផ្ទៃពន្លឿននីតិវិធីដោះដូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអង្គបោះឆ្នោតនេះឱ្យបានឆាប់។
ការស្នើឱ្យផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ ឬហៅថាអង្គបោះឆ្នោតចំនួន ៣៥ នាក់នេះ គឺដោយសារសមាជិកមួយចំនួនបានលាឈប់ទៅចូលរួមជាមួយគណបក្សកាន់អំណាច និងគណបក្សដែលទើបបង្កើតថ្មី ហើយសមាជិកមួយចំនួនទៀតត្រូវបានគណបក្សបណ្តេញចេញព្រោះបានធ្វើសកម្មភាពខុសលក្ខន្តិកៈគណបក្ស ចំណែកសមាជិកខ្លះទៀតទទួលមរណភាព។ នេះបើតាមលោក លី សុធារ៉ាយុត្តិ។
លោកបានឱ្យដឹងទៀតថា គណបក្សភ្លើងទៀន នឹងដាក់លិខិតសុំជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាបញ្ហាដោះដូរក្រុមប្រឹក្សាឃុំសង្កាត់ទាំង ៣៥ នាក់នោះ។
ជាមួយគ្នានេះ អតីតអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ លើកឡើងថា បើអង្គបោះឆ្នោតចំនួន ៣៥ នាក់ ដែលស្នើផ្លាស់ប្តូរដោយគណបក្សភ្លើងទៀន បន្តជាប់គាំង ឬមិនមានការផ្លាស់ប្តូរទេ នោះបញ្ហាមួយនេះ នឹងប៉ះពាល់ដល់លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ។
លោកបន្ថែមថា ការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ គឺជាសិទ្ធិរបស់គណបក្សនយោបាយ ដែលអនុវត្តតាមវិន័យគណបក្ស និងស្របតាមច្បាប់ជាធរមាន ហើយមិនមែនជាការគាបសង្កត់សមាជិករបស់ខ្លួននោះទេ។
លោក គីមសួរ ភិរិទ្ធ ថ្លែងក្នុងសន្និសីទព័ត៌មានដដែលនេះថា៖ «អ៊ីចឹងបើការដោះដូរ ទៅថ្ងៃខាងមុខ នៅតែមានបញ្ហាប្រឈម ហើយមានការរារាំងបែបនោះ មានន័យថាលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ ក៏អត់សេរី និងយុត្តិធម៌ដែរ»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា បញ្ហាដោះដូរក្រុមប្រក្សាឃុំសង្កាត់នេះ បង្ហាញឱ្យឃើញការបែកបាក់ផ្ទៃក្នុងរបស់គណបក្សភ្លើងទៀន ដែលមិនពាក់ព័ន្ធជាមួយនឹងអាជ្ញាធរនោះទេ។
កាលពីខែមករា ឆ្នាំ ២០២៤ គណបក្សភ្លើងទៀន បានស្នើក្រសួងមហាផ្ទៃ ឱ្យពន្លឿននីតិវិធីដោះស្រាយបញ្ហានេះម្តងរួចមកហើយ ប៉ុន្តែមិនទទួលបានលទ្ធផល ដែលធ្វើឱ្យគណបក្សប្រឆាំងមួយនេះ ត្រូវបាត់បង់សំឡេងអង្គបោះឆ្នោតរបស់ខ្លួនជាង ៣០ សម្រាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលប្រព្រឹត្តទៅកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ។
យ៉ាងណាក៏ដោយ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តអាណត្តិទី ៤នេះ មានគណបក្ស នយោបាយចំនួន ៥ បានចូលរួមឈរឈ្មោះដែលរួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ នេះបើតាមស្ថាប័នរៀបចំការបោះឆ្នោត។
គណបក្សឆន្ទៈខ្មែរគឺជាគណបក្សជំទាស់ដែលស្ថិតនៅក្នុងសម្ពន្ធភាពឆ្ពោះទៅអនាគត ដែលត្រូវបានគណបក្សភ្លើងទៀន ជ្រើសរើសឱ្យឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយទទួលបាន ៣ អាសនៈ នៅក្នុងការបោះឆ្នោតកាលពីខែមុន។
គណបក្សភ្លើងទៀនដែលមានអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់មិនអាចចូលរួមការបោះឆ្នោតព្រឹទ្ធសភាបានទេ ព្រោះគណបក្សជំទាស់មួយនេះ នៅមិនអាចបំពេញតាមលក្ខខណ្ឌច្បាប់មួយចំនួនសម្រាប់ការចូលរួមឈរឈ្មោះបោះឆ្នោត៕
វេទិកាបញ្ចេញមតិ