ព្រឹទ្ធសភាកម្ពុជាគ្រោងបើកកិច្ចប្រជុំលើកដំបូងនៅដើមខែមេសា ឬក្រោយពេលព្រះមហាក្សត្រឡាយព្រះហស្តតែងតាំងជាផ្លូវការនូវសាច់សាលោហិតចំនួនពីររូប ឱ្យធ្វើជាសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ដោយក្នុងនោះរួមមាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះរាជលេខាផ្ទាល់របស់សម្តេចព្រះបរមរតនកោដ្ឋ និងជាអតីតមន្រ្តីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ។ នេះបើតាមមន្ត្រីពាក់ព័ន្ធ។
លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាសម្តេចម៉ែ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ព្រះមហាក្សត្របានជ្រើសតាំងព្រះរាជតំណាងចំនួនពីររូប គឺអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងសម្តេចអរុណរស្មី ឱ្យធ្វើជាសមាជិកព្រឹទ្ធសភានីតិកាលទី ៥ នេះ។
ប៉ុន្តែលោកមិនទាន់បញ្ជាក់បាននៅឡើយទេ ទាក់ទងការតែងតាំងជាផ្លូវការនៅពេលណានោះ ដោយសារព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី និងហ្លួងម៉ែព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ បានយាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព តាំងពីសប្តាហ៍មុន។
លោកបញ្ជាក់ថា៖ «ពីរអង្គហ្នឹង សម្តេច អរុណរស្មី មួយ និងអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មួយ»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលប្រាប់វីអូអេនៅថ្ងៃពុធនេះថា ព្រះអង្គនឹងធ្វើតាមព្រះទ័យរបស់ព្រះមហាក្សត្រ ដើម្បីទៅបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជារាស្ត្រ តាមរយៈព្រឹទ្ធសភាដែលជាស្ថាប័នកំពូលមួយនេះ ស្របពេលព្រះអង្គក៏ជាសាច់សាលោហិតព្រះមហាក្សត្រមួយអង្គ។ ព្រះអង្គបញ្ជាក់ថា ព្រះអង្គនឹងមានមតិយោបល់ក្នុងព្រឹទ្ធសភា ដើម្បីជាប្រយោជន៍របស់ពលរដ្ឋ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលថា៖ «ដូចខ្ញុំបានជម្រាបអ៊ីចឹងថា ខ្ញុំនឹងបញ្ចេញមតិរបស់ខ្ញុំ ស្របតាមយល់ឃើញរបស់ខ្ញុំ ចំពោះផលប្រយោជន៍របស់ប្រទេសជាតិ និងរបស់ប្រជារាស្ត្រ»។
កាលពីអាណត្តិទី ៤ នៃព្រឹទ្ធសភា ព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានជ្រើសតាំងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឱ្យធ្វើជាសមាជិកព្រឹទ្ធសភាផងដែរ។ ចំណែកក្នុងអាណត្តិនេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលធ្លាប់មានអតីតភាពជាមួយគណបក្សសង្រ្គោះជាតិ មុនពេលគណបក្សត្រូវបានរំលាយចោល និងតែងតែជំរុញឱ្យរដ្ឋាភិបាលគោរពតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស នឹងទៅជំនួសអ្នកស្រី អ៊ុំ សូម៉ានីន ដែលព្រះមហាក្សត្របានជ្រើសតាំងកាលពីអាណត្តិទី ៤។
លោក ម៉ម ប៊ុននាង ព្រឹទ្ធសមាជិកមួយរូប និងជាអ្នកនាំពាក្យព្រឹទ្ធសភា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ព្រឹទ្ធសភាក៏កំពុងរង់ចាំព្រះរាជក្រឹត្យ តែងតាំងជាផ្លូវការពីព្រះមហាក្សត្រ។ លោកថា កិច្ចប្រជុំលើកដំបូងនៃព្រឹទ្ធសភា អាណត្តិទី ៥ គ្រោងធ្វើនៅដើមខែមេសាខាងមុខនេះ។
លោកថ្លែងថា៖ «យើងគ្រោងបើកប្រជុំ គឺនៅដើមខែ ៤ ក្នុងចន្លោះថ្ងៃ ៤ ទៅដល់ក្រោមថ្ងៃ ១០»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប ប្រាប់វីអូអេថា បន្ទាប់ពីប្រកាសលទ្ធផលផ្លូវការ គ.ជ.ប មានតួនាទីបញ្ជូនឈ្មោះសមាជិកព្រឹទ្ធសភាចំនួន៥៨រូបថ្វាយទៅព្រះមហាក្សត្រ និងផ្តល់ឱ្យរដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងគណបក្សនយោបាយ។ ចំណែកការរៀបចំសមាជិក៤រូបផ្សេងទៀត ដែលកើតចេញពីការជ្រើសតាំងដោយព្រះមហាក្សត្រ និងរដ្ឋសភា គឺមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ គ.ជ.ប នោះទេ។
កាលពីដើមខែមីនា រដ្ឋសភាក៏បានបោះឆ្នោតជ្រើសតាំងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ហើយបច្ចុប្បន្នលោកជា សមាជិកព្រឹទ្ធសភាស្រាប់ និងលោក ហេង ហាលីម ឱ្យធ្វើជាសមាជិកព្រឹទ្ធសភាអាណត្តិទី៥នេះ។
លោក សុខ ឥសាន មិនបានឈរឈ្មោះសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ដែលធ្វើឡើងកាលពីថ្ងៃទី ២៥ ខែកុម្ភៈឡើយ។
សមាជិកព្រឹទ្ធសភាសរុបទាំងអស់មានចំនួន ៦២ រូប ដែល ៥៨ រូប កើតចេញពីការបោះឆ្នោតអសកល។ ចំណែកសមាជិកចំនួនពីររូបទៀតកើតចេញពីការបោះឆ្នោតជ្រើសតាំងរបស់សមាជិករដ្ឋសភា និងសមាជិកពីររូបផ្សេងទៀត ជ្រើសតាំងដោយព្រះមហាក្សត្រ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ស្ថាប័នរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី ៥ ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥ អាសនៈ ចំណែកគណបក្សឆន្ទៈខ្មែរដែលជា គណបក្សជំទាស់តំណាងគណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតអសកលមួយនេះ ទទួលបាន ៣ អាសនៈ៕
វេទិកាបញ្ចេញមតិ