ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ជំទាស់​ថា​សកម្មជន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​អាច​ជា​ការ​ស្ម័គ្រ​ចិត្ត និង​រង​សម្ពាធ


រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហេង សំរិន និង​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចូលរួមពិធីខួប​បង្កើតបក្សលើកទី៤៥ នៅភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

ក្រោយ​មាន​ការ​ចុះចូល​របស់​សកម្មជន​គណបក្ស​ជំទាស់​មួយ​ចំនួន​ជាមួយ​គណបក្ស​កាន់​អំណាច​ជា​បន្ត​បន្ទាប់ ថ្នាក់​ដឹកនាំ​គណបក្ស​ជំទាស់​អះអាង​ថា​សមាជិក​របស់​ខ្លួន​មួយ​ចំនួន​ចុះចូល​ដោយ​ការ​ស្ម័គ្រ​ចិត្ត ខណៈ​មួយ​ចំនួន​ទៀត​រង​សម្ពាធ។

ការ​ចុះចូល​របស់​សកម្មជន​និង​មន្រ្តី​គណបក្ស​ជំទាស់​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ស្របពេល​មាន​ការ​បែក​ធ្លាយ​សារ​សំឡេង​មិន​ផ្លូវការ​ដែល​ទំនង​ជា​សំឡេង​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជាប្រធាន​ព្រឹទ្ធសភា។ នៅ​ក្នុង​សារ​សំឡេង​នោះ លោក ហ៊ុន សែន បាន​លើក​ឡើង​ទាក់​ទង​នឹង​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ដ​ពង្រឹង​រចនា​សម្ពន្ធគណបក្ស តាម​រយៈ​ការ​ប្រមូល​កម្លាំងពី​គណបក្ស​ប្រឆាំង​មក​ចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។

សារ​សំឡេង​ដែល​បែក​ធ្លាយ​នេះ​លើក​ឡើង​ថា​៖ «សុំ​បញ្ជាក់​ថា​យុទ្ធ​សាស្រ្ដ​របស់​យើង គឺ​យក​បាន​មួយ​រក្សា​មួយ ហើយ​បើ​ប្រឆាំង​ងើប​មួយ​វ៉ៃ​មួយ អាហ្នឹង​និយាយ​គ្នា​ឱ្យ​ច្បាស់​បើ​ប្រឆាំង​ងើប​មួយ​វ៉ៃ​មួយ បើ​ថា​ចុះចូល​ ចូល​មួយ​យក​មួយ ថែទាំ​មួយ​ឱ្យ​ក្លាយ​ទៅ​ជា​សន្លឹក​ឆ្នោត​មួយ​សន្លឹក កុំ​ចាំ​ដល់​គៀក​បោះឆ្នោត​បាន​យើង​ធ្វើ គឺ​ជា​កំហុស​។ យើង​បាន​បទ​ពិសោធន៍​ហើយ​ចាំ​ជិត​បោះ​ឆ្នោត​ចាំ​ចូល​ក្ដុង​ក្ដាំង ឥឡូវ​ប្រកាស​បញ្ចូល​ពី​ឥឡូវ​ កន្លង​ទៅ​ឱ្យ​តែ​ចាប់​ផ្ដើម​មាន​ចូល​គឺ​ត្រូវ​តែ​បង្ហោះ​ចេញ​ជា​សារ​ បំបែក​មុខ​ពី​ឥឡូវ​ទៅ​តែ​ម្ដង​ដើម្បី​កុំ​ឱ្យ​ពួក​វា​មាន​មូលដ្ឋាន​កសាង​កម្លាំង​យក​មក​ធ្វើ​ជាសមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២៧»។

លោក រ៉ុង ឈុន អនុប្រធានម្នាក់របស់គណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ដល់វីអូអេ បន្ទាប់ពីបានបោះឆ្នោតជាតិអាណត្តិទី ៧ នៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក រ៉ុង ឈុន អនុប្រធានម្នាក់របស់គណបក្សភ្លើងទៀន ផ្តល់បទសម្ភាសន៍ដល់វីអូអេ បន្ទាប់ពីបានបោះឆ្នោតជាតិអាណត្តិទី ៧ នៅស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ប្រាប់​វីអូអេថា​ការ​ផ្តាច់​ខ្លួន​ចេញ​ពី​គណបក្ស​ជំទាស់​ទៅ​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​កាន់​អំណាច គឺ​ជា​សិទ្ធិ​សម្រេច​ចិត្ត​របស់​សកម្មជន​និង​សមាជិក។ ប៉ុន្តែលោក​ថា​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​មួយ​ចំនួន​អាច​បណ្តាល​មក​ពី​ការ​រង​សម្ពាធ​ផង​ដែរ ខណៈ​មាន​ការ​បែក​ធ្លាយ​សារ​សំឡេង​ព្រមាន​របស់​លោក ហ៊ុន សែន។

លោក​ថ្លែង​ថា​៖ «មួយ​ចំនួន​គាត់​ចុះ​ចូល​ដោយ​ការ​សម្រេច​ចិត្តរបស់​គាត់ ដោយ​មិន​ទទួល​ឥទ្ធិពល។ ប៉ុន្តែ​មួយ​ចំនួន​ទៀត​ក៏​ការ​សម្រេច​ចិត្ត​ចុះ​ចូល​ដោយ​សារ​តែ​គំនាប​ឥទ្ធិពល​សម្ពាធ​អី​សព្វ​បែប​យ៉ាង​ហ្នឹង។ ពេល​ខ្លះ​គាត់​ចូល​ដោយ​បង្ខំ​ដោយ​សារតែ​ទឹក​ចិត្ត​គាត់​មិន​ចង់​ចូល​រួម ប៉ុន្តែ​គាត់​មិន​អាច​ប្រឈម​ទៅ​នឹង​បញ្ហា​អ៊ីចឹង គាត់​ចូល​ដោយ​បង្ខំ​»។

លោក​បន្ថែម​ថា​គណបក្ស​ជំទាស់​តែង​តែ​ទទួល​រង​សម្ពាធ​ជា​ហូរហែ ដូច្នេះ​លោក​ចង់​ឃើញ​ការ​ធ្វើ​នយោបាយ​នៅ​កម្ពុជា​មាន​ការ​បើក​លំហ​សិទ្ធិ​សេរី​ភាព​ដល់​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​ឱ្យ​បាន​ពេញ​លេញ។

លោក​បញ្ជាក់​បន្ថែម​ថា៖ «យើង​អត់​ចង់​ឃើញ​ រូប​ភាព​នៅ​កម្ពុជា​យើង​ក្នុង​លក្ខណៈ​គេ​ថា​អ្នក​នយោ​បាយ​ទៅ​បង្ខិត​បង្ខំ​ឱ្យ​ដាក់​សម្ពាធ​ទៅ​លើ​ពួកគាត់​ទេ។ គួរតែ​ផ្តល់​សេរីភាព​ពេញ​លេញ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​គាត់ ហើយ​គាត់​មើល​ឃើញ​បក្ស​ណា​ល្អ​ត្រឹម​ត្រូវ​គាត់ គាត់​ចូល​រួម​គាំទ្រ​ ចៀសវាង​ការ​ប្រើ​ឥទ្ធិពល​ទៅ​ដាក់​គំនាប​ដល់​គាត់ អាហ្នឹង​ជា​រឿង​មួយ​នៅ​ក្នុង​របបប្រជាធិប​តេយ្យ​មិន​ត្រូវ​ឱ្យ​កើត​មាន​អ៊ីចឹង​ទេ»។

លោក លី សុធារ៉ាយុតិ្ត អគ្គលេខាធិការគណបក្សភ្លើងទៀន នៅក្នុងសិទ្នសីទសារព័ត៌មានមួយ នៅស្នាក់ការគណបក្សឆន្ទៈខ្មែរ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក លី សុធារ៉ាយុតិ្ត អគ្គលេខាធិការគណបក្សភ្លើងទៀន នៅក្នុងសិទ្នសីទសារព័ត៌មានមួយ នៅស្នាក់ការគណបក្សឆន្ទៈខ្មែរ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ជា​មួយ​គ្នា​នេះ​ដែរ លោក លី សុធារ៉ាយុត្តិ អគ្គ​លេខា​ធិការ​គណ​បក្ស​ភ្លើង​ទៀន លើក​ឡើង​ថា​ការ​ផ្តាច់​ខ្លួន​ទៅ​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​ គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ក្នុង​រឿង​នយោបាយ ព្រោះ​សកម្មជន​គណបក្ស​នីមួយៗ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ចូល​រួម​ឬ​ចាក​ចេញ​ពី​គណបក្ស។ ប៉ុន្តែ​លោក​ថា​សារ​បែកធ្លាយ​ដែល​សង្ស័យ​ថា​ជា​សំឡេង​របស់​លោក ហ៊ុន សែន ទំនង​ជា​សារ​គំរាម​មួយ​ដល់​សកម្មជន​គណបក្ស​ជំទាស់។

លោក​ប្រាប់​វីអូអេ​ថា៖ «សូម​ជម្រាប​ថា​មាន​អ្នក​ចាក​ចេញ ហើយ​ក៏​មាន​អ្នក​ចូល​រួម​ជា​នឹង​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន​ដែរ។ ប៉ុន្តែ​យើង​មិន​បង្ហាញ​ពី​អ្នក​ដែល​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណ​បក្ស​ភ្លើង​ទៀន។ រឿង​ទីពីរ ចំពោះ​សារ​បែក​សំឡេង​ថ្មីៗ​នេះ ដែល​ជា​សារ​របស់​អតីត​នាយករដ្ឋ​មន្រ្តី បើ​សិន​ជា​សារ​នោះ​ជា​សារ​ពិត​មែន វា​ច្បាស់​ណាស់​បង្ហាញ​ពី​ការ​បំភ័យ​ការ​បំភិត ការ​គំរាម​កំហែង​ទៅ​លើ​ដៃ​គូ​របស់​ខ្លួន ហើយ​វា​បង្ហាញ​ពី​ភាព​មិន​ប្រជា​ធិបតេយ្យនៅ​ក្នុង​ប្រទេស​មួយ​ដែល​និយាយ​ថា​យើង​ប្រកាន់ និង​អនុវត្ត​គោល​ការណ៍​លទ្ធិប្រជាធិប​តេយ្យ»។

លោក​បន្ថែម​ថា​គណបក្ស​នីមួយៗ​មិន​គួរ​ទទួល​រង​នូវ​ការ​បំភិត​បំភ័យ ការ​គំរាម​កំហែង​ពី​បុគ្គល​មាន​អំណាច​ណា​មួយ​ទេ​ក្នុង​សកម្មភាព​នយោបាយ​របស់​ខ្លួន។

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ ម៉ូនីកា បាន​ឱ្យ​ដឹង​ថា​ការ​ផ្តាច់​ខ្លួន​ចេញ​ពី​គណបក្ស​ប្រឆាំង​នេះ​ អាច​កើត​ឡើង​ពី​ការ​រឹតត្បិត​សេរី​ភាព​ផ្នែក​នយោ​បាយ​នៅ​ក្នុង​សង្គម។

លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា​គួរ​តែ​មាន​ការ​បើក​លំហ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ឱ្យ​បាន​ទូលំ​ទូលាយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​និន្នាការ​នយោ​បាយ​ផ្ទុយ ឬ​ក៏​មាន​ទស្សនៈ​គំនិត​ផ្សេងៗ​គ្នា​អាច​បញ្ចេញ​នូវ​ទស្សនៈ​ក្នុង​ការ​យល់​ឃើញ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស...មិន​គួរ​មាន​ការ​រើស​អើង ឬក៏​មាន​ការ​បំភិត​បំភ័យ ដោយ​សារ​តែ​មាន​និន្នាការ​ខុស​គ្នា​នោះ​ទេ»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា​ការ​ផ្តាច់​ខ្លួន​ពី​គណបក្ស​ជំទាស់​មក​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​កាន់​អំណាច ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត ដោយ​គ្មាន​ការបង្ខិត​បង្ខំ​ ឬ​ក៏​ដាក់​សម្ពាធ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។

លោក​ថ្លែង​ថា៖ «គណបក្ស​ប្រជាជន​គ្មាន​វប្បធម៌​ទិញ​ទឹក​ចិត្ត​បង​ប្អូន​ទេ​បាទ»។
អ្នក​នាំ​ពាក្យ​រូប​នេះ​ថា​គណបក្ស​នឹង​ផ្តល់​តួនាទី​ដល់​សកម្មជន​ដែល​ចុះចូល ប្រសិន​បើ​ពួកគេ​ធ្វើ​សកម្ម​ភាព​បម្រើ​ឱ្យ​គណបក្ស​បាន​ល្អ។

លោក​ថ្លែង​ថា៖«តាម​រយៈ​ការ​លុត​ដំ​សកម្មភាព​របស់​ខ្លួន​បម្រើ​នយោបាយ​របស់​គណបក្ស​ប្រជាជន​វា​ចេញ​ជា​គុណ​សម្បត្តិ​ វា​ចេញ​ជា​ស្នាដៃ​ តាម​រយៈ​ស្នាដៃ​ទើប​មាន​ការ​តែងតាំង​ ផ្តល់​តួនាទី ភារកិច្ច​ ជា​ការ​លើក​ទឹក​ចិត្ត​ដល់​សកម្មភាព​ដល់​ស្នាដៃ​ទាំង​នោះ»។

លោក ប៉ាង រ៉ន អាយុ៦៧ឆ្នាំ ជា​អតីត​លេខា​ធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ឃុំ​អូរសារាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ប្រាប់​វីអូអេ​ថា​លោក​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​កាន់​អំណាច ព្រោះ​ការ​ចូល​រួម​ជា​មួយ​គណបក្ស​ភ្លើង​ទៀន​មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។

លោក​ប្រាប់​វីអូអេ​ថា៖ «យើង​ធ្វើ​វា​អត់​ វា​ទៅ​វា​មិន​រួច ​វាអត់​ឈ្នះ​គេ​អ៊ីចឹង​ទៅ​។ ហើយ​ម្យ៉ាង​ទៀត ខ្ញុំ​ក៏​វា​ទៅ​ចាស់​ណាស់​! ហើយ​[អាយុ]៧០​ជាង​ហើយ វា​ល្មម​នឹង​ផ្អាក​ដំណើរ​ការ​ទុក​ឱ្យ​ក្មេងៗ​ក្រោយ​ចុះ»។

លោក​បន្ថែម​ទៀត​ថា​ការ​ចូល​រួមជាមួយ​គណបក្ស​ណា​ក៏​ដោយ វា​ដូច​តែ​គ្នា ព្រោះ​គណបក្ស​នយោ​បាយ​ស្មោះ​ត្រង់ និង​បម្រើ​ប្រជាពលរដ្ឋ​ដូច​តែ​គ្នា។

សារព័ត៌មាន​ Fresh News ដែល​ស្និទ្ធិ​នឹង​រដ្ឋាភិ​បាល បាន​ផ្សព្វផ្សាយ​ការ​ចុះចូល​របស់​គណបក្ស​ជំទាស់​ជាបន្ត​បន្ទាប់ ក្នុង​នោះ​មាន​លោក​ លី ឌី អនុ​ប្រធានគណៈ​កម្មាធិការប្រតិបត្តិ​អតីត​គណបក្ស​សង្រ្គោះជាតិ​ខេត្ត​ព្រះ​សីហនុ លោក ឈុន ឡាន អនុ​ប្រធានគណៈកម្មាធិ​ការ​ប្រតិបត្តិ​គណបក្សភ្លើង​ទៀន លោក ប៉ាង រ៉ន លេខា​ធិការ​គណៈ​កម្មាធិ​ការ​ប្រតិបត្តិ​គណបក្សភ្លើង​ទៀន​ ឃុំ​អូរសារាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក ម៉ឺន សុភា អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន ខេត្ត​កំពង់ធំ អ្នកស្រី ឈិត គីមឈាន ប្រធាន​ចលនា​ស្រ្តីខេត្តពោធិ៍សាត់ ព្រម​ទាំង​សកម្មជន​មក​ពី​គណ​បក្ស​ប្រឆាំង​ជា​ច្រើន​ទៀត​ដែល​បាន​ស្នើសុំ​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG