ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ផ្ទេរ​ដី​រដ្ឋ​ជិត​១០​ហិកតា​ឱ្យ​គណបក្ស​ប្រជាជន​ក្នុង​ខេត្ត​កំពង់ចាម​គ្រប់គ្រង


ស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក្នុងឃុំក្តុលសែនជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ (ស៊ុន ណារិន/VOA)
ស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក្នុងឃុំក្តុលសែនជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ (ស៊ុន ណារិន/VOA)

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​ផ្ទៃដី​ប្រមាណ​១០​ម៉ឺន​ម៉ែត្រ​ការ៉េឬ​ប្រមាណ​១០​ហិកតា ឱ្យ​ក្លាយ​ជា​កម្ម​សិទ្ធិ​កាន់​កាប់​ដោយ​គណៈ​កម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម តាម​រយៈ​ការ​ធ្វើ​អនុប្បយោគ​ដី​រដ្ឋ​ឲ្យ​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន​របស់​រដ្ឋ។ នេះ​បើ​តាម​អនុក្រឹត្យ​ចុះថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ក្នុង​សៀវភៅ​រាជកិច្ច​ឆ្នាំ​ទី​២៤ លេខ​៣៨ ទំព័រ​៥១៩០ ដែល​វីអូអេ​ទទួល​បាន។

ក្រុម​គណបក្ស​ជំទាស់ និង​អ្នក​តាមដាន​សង្គម​កម្ពុជា​យល់​ឃើញ​ថា​ការ​ផ្ទេរ​កម្មសិទ្ធិ​កាន់​កាប់​ដី​ធ្លី​ទៅ​កាន់​គណបក្ស​នយោបាយ​ណា​មួយ​មិន​ត្រូវ​បាន​ចែង​នៅ​ច្បាប់​ណា​មួយ​ឡើយ​ក្នុង​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ការ​ធ្វើ​អនុប្ប​យោគ​ដី​របស់​រដ្ឋ​មួយ​នេះ មិន​បាន​បង្ហាញ​ពី​តម្លាភាព និង​ភាព​ត្រឹម​ត្រូវ​របស់​រដ្ឋាភិបាល​ឡើយ។

នៅ​ក្នុង​អនុក្រឹត្យ​ស្តីពី​ការ​ធ្វើ​អនុប្បយោគ​ និង​ការ​ផ្ទេរ​កម្មសិទ្ធិ​កាន់​កាប់​បញ្ជាក់​ថា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​ធ្វើ​អនុប្បយោគ​ផ្ទៃដី​ជិត​១០​ម៉ឺន​ម៉ែត្រ​ការ៉េ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ពី​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ទៅជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ផ្ទេរ​កម្មសិទ្ធិ​កាន់​កាប់​ជូន​គណៈ​កម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម​ជា​ម្ចាស់​កម្មសិទ្ធិ​វិញ។

អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចែង​បន្ត​ថា​ត្រូវ​បាន​លុប​ទំហំ​ដី​ខាង​លើ​ចេញ​ពី​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ផ្ទេរ​ជូន​គណៈ​កម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់​ចាម។

លោក រ៉ុង ឈុន មេដឹកនាំ​សហជីព និយាយ​ទៅ​កាន់​ពលរដ្ឋ​ដែល​ចូលរួម​ហែ​ធម្មយាត្រា​ថ្មើ​ជើង​ស្តីពី​«សីលធម៌​សង្គម» នៅ​ទីធ្លា​នៃ​រូប​សំណាកយាយពេញ ក្បែរ​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក រ៉ុង ឈុន មេដឹកនាំ​សហជីព និយាយ​ទៅ​កាន់​ពលរដ្ឋ​ដែល​ចូលរួម​ហែ​ធម្មយាត្រា​ថ្មើ​ជើង​ស្តីពី​«សីលធម៌​សង្គម» នៅ​ទីធ្លា​នៃ​រូប​សំណាកយាយពេញ ក្បែរ​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ទោះជាយ៉ាងណា ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វីអូអេ​ថា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​គួរ​ត្រូវ​បាន​រក្សា​សម្រាប់​រដ្ឋ​ប្រើប្រាស់​និង​មិន​គួរ​ផ្ទេរ​កម្មសិទ្ធិ​ទៅ​ឱ្យ​គណបក្ស​នយោ​បាយ​ណាមួយ​ឡើយ។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​អ្វី​ដែល​ជា​របស់​រដ្ឋ ហើយ​ត្រូវ​បាន​ធ្វើ​អនុប្បយោគ​ផ្តល់​ឱ្យ​គណបក្ស​មួយ​វា​ជា​រឿង​មួយ​មិន​ត្រឹម​ត្រូវ ពីព្រោះ​យើង​ត្រូវ​ទុក​ទីតាំង​ ដើម្បី​ឱ្យ​រដ្ឋ​ប្រើប្រាស់​ទៅ​តាម​តម្រូវ​ការ​ចាំ​បាច់»។

លោក អ៊ូ ច័ន្ទរ័ត្ន ប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា​ ក៏​លើក​ឡើង​ស្រដៀង​គ្នា​ថា​ការ​ផ្ទេរ​កម្មសិទ្ធិ​ដី​ទៅ​ឱ្យ​គណៈ​កម្មាធិការ​បក្ស​កាន់​អំណាចក្នុង​ខេត្ត​កំពង់​ចាម​គឺ​ជា​រឿង​ដែល​ភ្ញាក់​ផ្អើល​មួយ ដោយ​លោក​ថា​ការ​កាត់​ដី​នេះ​មិន​បាន​ផ្តល់​ប្រយោជន៍​ណា​មួយ​ដល់​សាធារណៈ​ឡើយ។ លោក​បន្ថែម​ថា​ប្រសិន​បើ​រដ្ឋាភិបាល​ខ្លួន​ឯង​ដែល​គ្រប់គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​ដី​អនុប្បយោគ​នោះ ដូច្នេះ​គណបក្ស​នយោបាយ​ក៏​អាច​ធ្វើ​ការ​ស្នើសុំ​ដី​ពី​រដ្ឋាភិបាល​បាន​ដូចគ្នា។

លោក​ថ្លែង​ថា៖ «វា​ជា​រឿង​មួយ​ដែល​ចម្លែក​មែន​ទែន​ ព្រោះ​រដ្ឋាភិបាល​ជា​អ្នកកាត់​ដី​ទៅ​ឱ្យ​គណ​បក្ស​ខ្លួន​ឯង​ ព្រោះ​រដ្ឋាភិបាក​កាន់​កាប់​ដោយ​គណបក្ស​កាន់​អំណាច​ហ្នឹង​ គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ទោះ​បី​ជា​បង្ហាញ​យ៉ាង​ណា​មើល​ទៅ​ក៏​វា​មិន​សមរម្យ​ដែរ»។

ទោះជាយ៉ាង​ណា​ក៏​ដោយ អ្នក​តាម​ដាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ពី​តម្លាភាព​ និង​មូល​ហេតុ​នៅ​ពី​ក្រោយ​ តើ​ថា​ហេតុអ្វី​បាន​ជា​ចាំបាច់​មាន​ការ​ធ្វើ​អនុប្បយោគ​ដី​នោះ​ទៅ​ឱ្យ​គណបក្ស​នយោបាយ។

លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)
លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

អ្នកវិភាគ​នយោបាយ ​លោក មាស នី ប្រាប់​វីអូអេ​ថា​ប្រសិន​បើ​មើល​ពី​តួនាទី និង​សិទ្ធិ​របស់​រដ្ឋាភិ​បាល​ គឺ​រដ្ឋាភិបាល​មាន​សិទ្ធិ​ចាត់​ចែង​ក្នុង​ការ​ផ្តល់​ និង​ផ្ទេរ​កម្មសិទ្ធិ​កាន់​កាប់​ដី ប៉ុន្តែ​ការ​ផ្ទេរ​នោះ​ត្រូវ​បង្ហាញ​ពី​តម្លាភាព ពីព្រោះ​ដី​នេះ​បាន​ធ្វើ​អនុប្ប​យោគ​ទៅ​ឱ្យ​គណបក្ស​កាន់​អំណាច​របស់​ខ្លួន។

លោក​ថ្លែង​ថា៖ «នៅ​ក្នុង​កាលៈទេសៈ​ដែល​គណ​បក្ស​កាន់​អំណាច​មាន​អំណាច​នៅ​ក្នុង​ដៃ​ ខ្ញុំ​គិត​ថា​នឹង​មាន​សំណួរ​ច្រើន​ដែល​ចោទ​ឡើង​ថា​ប្រសិន​បើ​រដ្ឋាភិបាល​មាន​សិទ្ធិ​នៅ​ការ​ផ្តល់​ដី​ទៅ​ឱ្យ​គណបក្ស​ដែល​គណបក្ស​របស់​ខ្លួន​ តើ​មាន​ការ​ពិភាក្សា​នៅ​ក្នុង​ជាមួយ​នឹង​មន្ទីរ ឬ​ក៏​ស្ថាប័ន​ជំនាញ​កម្រិត​ប៉ុនណា»។

បើតាម​លោក​បណ្ឌិត មាស នី មិន​មាន​ច្បាប់​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជាចែង​ថារដ្ឋាភិបាល​មាន​សិទ្ធិ​ក្នុង​សម្រេច និង​ផ្ទេរ​ការ​កាន់​កាប់​កម្មសិទ្ធិ​ដី​ធ្លី​ទៅ​គណបក្ស​នយោបាយ​ណា​មួយ ហើយ​វា​ក៏​បង្ហាញ​ពី​វិសម​ភាព​នៃ​គណបក្ស​នយោបាយ ដោយ​សារ​តែ​ប្រសិន​បើ​គណបក្ស​នយោបាយ​ណា​មួយ​ទទួល​បាន​ដី​អនុប្បយោគ​នោះ គណបក្ស​ដទៃ​ទៀត​ក៏​អាច​នឹង​មាន​សិទ្ធិ​ស្នើសុំ​បាន​ផង​ដែរ។

យ៉ាងណាមិញ លោក​បណ្ឌិត មាស នី លើក​ឡើង​ទៀត​ថា​រដ្ឋាភិបាល​គួរ​តែ​ឆ្លើយ​តប និង​បង្ហាញ​ពី​ស្ថាប័ន​ណា​ខ្លះ​ដែល​យល់​ព្រម​ក្នុង​ការ​ផ្តល់​ដី​អនុប្បយោគ​មួយ​នេះ​ទៅ​គណបក្ស​កាន់​អំណាច ដើម្បី​បញ្ជាក់​ឱ្យ​សាធារណជន​ដឹង​ថា​ការ​ផ្តល់​ដី​នេះ​ស្រប​ទៅ​តាម​ច្បាប់​ឬយ៉ាង​ណា។

លោក​ថ្លែង​ថា៖ «រដ្ឋាភិបាល​ពេល​ដែល​ប្រកាស​ប៉ុណ្ណេះ​ហើយ​អង្ករ​ក្លាយ​ទៅ​ជា​បាយ​ ប៉ុន្តែ​រដ្ឋាភិបាល​នៅ​មាន​សិទ្ធិ​មួយ​ទៀត​នៅ​ក្នុង​ការ​ស្រាយ​បំភ្លឺ​តើ​ថា​ការ​ប្រគល់​ដី​នេះ​បាន​មាន​ពាក់​ព័ន្ធ​នឹង​ស្ថាប័ន​ណា​ខ្លះ​ដែល​ជា​អ្នក​ផ្តល់​ជា​កិច្ច​យល់​ព្រម​ផ្តល់​ដី​ហ្នឹង​ឱ្យ​គណបក្ស​នយោបាយ​ ហើយ​អ៊ីចឹង​បាន​សាធារណ​ជន​អាច​ដឹង​ថា​ការ​ធ្វើ​នេះ​វា​ស្រប​ច្បាប់​ ឬមិន​ស្រប​ច្បាប់»។

វីអូអេ​បាន​ទាក់ទង​ទៅ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អភិបាល​ខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា និង​លោក សេង ឡូត ​អ្នកនាំពាក្យ​ក្រសួង​ដែនដី នគរូបនីយ​កម្ម និង​សំណង់ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ឡើយ។

លោក ប៉ែន បូណា អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ករណី​នេះ។

លោក ស្រី សុភ័ក្រ្ត អភិបាល​រង​ខេត្ត​កំពង់ចាម​និង​ជា​អ្នកនាំពាក្យសាលា​ខេត្ត ប្រាប់​វីអូអេ​នៅ​ចន្ទ​នេះ​ថា​ដី​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​អនុប្បយោគ​កាលពី​ពេល​ថ្មីៗ​នេះ​ជា​ដី​របស់​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម​ ដែល​ត្រូវ​បាន​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក។ លោក​បន្ត​ថា​ដី​មួយ​នេះ​ត្រូវ​បាន​កាន់កាប់​ដោយ​ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពង់​ចាម​រួច​ចំនួន​៤​ជំនាន់​ទៅ​ហើយ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ដែល​មាន​ក្រុមការងារ​ចុះ​ត្រួត​ពិនិត្យ​ចុះ​បញ្ជី​ប្លង់​ក្នុង​ឆ្នាំ​២០១៧ អ្នក​ដែល​បាន​កាន់​កាប់​ឯកសារ​ដី​នោះ​បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺ ដោយ​មិន​មាន​ផ្តល់​ព័ត៌មាន​ដល់​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការ​ចុះ​បញ្ជី​ប្លង់​ឱ្យ​បាន​ដឹងជា​មុន​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ដល់​ឆ្នាំ​២០២៣​ហ្នឹង​ក៏​ គណៈ​កម្មាធិការ​គណបក្ស​គាត់​ភ្ជាប់​ជាមួយ​ឯកសារ​របស់​គាត់​មាន​អី​ត្រឹម​ត្រូវ​មក​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ អ៊ីចឹង​ទេ​គណៈ​កម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ក៏​ដូចជា​គណៈ​កម្មាធិការ​សុរិយោដី​ខេត្ត មន្ទីរ​ជំនាញ​អី​ហ្នឹង​ក៏​គាត់​បាន​ធ្វើការ​ប្រជុំ​ ពិនិត្យ​ទៅ​ក៏​ឃើញ​ថា​មាន​ការ​ភាន់​ច្រឡំ​អ៊ីចឹង​មែន​ អ៊ីចឹង​ក៏​បាន​រៀបចំ​ស្នើ​ទៅ​រាជ​រដ្ឋាភិបាល​ដើម្បី​កាត់​ផ្ទេរ​ត្រឡប់​ទៅ​វិញ​។ អ៊ីចឹង​និយាយ​មែន​ទៅ​ ប្រវត្តិ​ដី​នេះ​ដើម​គឺ​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ»។

លោក​បញ្ជាក់​ទៀត​ថា​មន្ទីរ​ជំនាញ​របស់​ខេត្ត​កំពង់​ចាម​នឹង​ជូន​សេចក្តី​ប្រកាស​ព័ត៌មាន​ទៅ​សាធារណ​ជន​ជុំវិញ​ករណី​ការ​ផ្ទេរ​កម្មសិទ្ធិ​ដី​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG